កីឡាអន្តរជាតិ
អន្តរជាតិ
Fenerbahce ក្លាយជាក្លិបទី១០ ក្រោមការដឹកនាំរបស់លោក Mourinho
03, Jun 2024 , 8:29 pm        
រូបភាព
លោក Jose Mourinho ក្លាយជាអ្នកចាត់ការទូទៅ Fenerbahce នៃលីគកំពូលប្រទេសតួកគី។ ជាក្លិបទី១០ ក្រោមការដឹកនាំរបស់ខ្លួនអ្នកចាត់ការរហស្សនាម Special One ទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ Fenerbahce រាប់ពាន់នាក់នាពិធីបង្ហាញមុខ នៅថ្ងៃទី២ ខែមិថុនា។



អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់ វ័យ ៦១ឆ្នាំ មិនមានក្លិបដឹកនាំ ចាប់តាំងពីខែមករា មកម្ល៉េះ បន្ទាប់ពី AS Roma របស់លីគកំពូលអ៊ីតាលី Serie A បញ្ចប់តំណែង។
 
ក្លិប Fenerbahce បានរៀបចំពិធីអបអរ ការតែងតាំងអ្នកចាត់ការថ្មី សម្រាប់លោក Mourinho ក្នុងកីឡដ្ឋាន Ulker ស្ថិតក្នុងទីក្រុងអ៊ីស្តង់បូល ប្រទេសតួកគី។ អ្នកគាំទ្ររាប់ពាន់នាក់ បានចូលរួមអ​បអរសាទរ ដល់អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ និងបានស្រែកច្រៀងឈ្មោះរបស់លោក ដោយលាយឡំនឹងផ្ទាំង បដា ថា Mourinho The Special One។
 
ការមកកាន់តំណែងនេះ លោក Mourinho ត្រូវជំនួសតំណែងរបស់លោក Ismail Kartal ដែលបានចែកផ្លូវជាមួយនឹងក្លិបកាលពីសប្តាហ៍មុន និងបន្ទាប់ពីក្រុមបានបរាជ័យត្រឹមតែ ១ប្រកួតប៉ុណ្ណោះក្នុងពានរង្វាន់លីគកំពូលរដូវកាលមុន។ Fenerbahce ក្លាយជាក្លិបទី១០ នៅអឺរ៉ុប ក្រោមការដឹកនាំរបស់ Special One បន្ទាប់ពីដឹកនាំ Benfica, União de Leiria, Porto FC, Inter Milan, Real Madrid, Chelsea, AS Roma, Tottenham Hotspur និង Manchester United។



Fenerbahce ខកខានការឈ្នះពានរង្វាន់ក្នុងរដូវកាល ២០២៣-២៤ ដោយក្រុមមានការប្រទាញប្រទង់គ្នាខ្លាំង លើការប្រជែងពានរង្វាន់លីគកំពូលតួកគី ទល់នឹងក្រុម Galatasaray។ តែយ៉ាងណា ចាញ់ ១ប្រកួត និងស្មើ ៦លើក បានធ្វើឱ្យក្រុមបានត្រឹមចំណាត់ថ្នាក់លេខ ២ ហើយក្រុមគូប្រជែងក្នុងទីក្រុងតែមួយក្លាយជាជើងឯក ដោយមានគម្លាតត្រឹមតែ ៣ពិន្ទុ។
 
លោក Mourinho ដែលបានឈ្នះពានរង្វាន់នៅក្លិបជាច្រើនដូចជា FC Porto, Chelsea, Inter Milan, Real Madrid និង Manchester United នឹងមានភារកិច្ចជួយនាំក្រុម Fenerbahce ស្វែងរកការឈ្នះពានរង្វាន់លីគលើកដំបូងឡើងវិញ ចាប់តាំងពីខកខានតាំងពីឆ្នាំ ២០១៣-១៤ មក។
 
ទោះបីជាមានការប្រកាសតែងតាំងលោក Mourinho ជាអ្នកចាត់ការក្រុមក៏ដោយក្តី ប៉ុន្តែភាពចាក់លាក់នៃកិច្ចព្រមព្រៀងជាមួយនឹងក្លិប Fenerbahce មិនត្រូវបានបង្ហាញនៅឡើយទេ៕

Tag:
 Jose Mourinho
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com