អន្តរជាតិ
តបអ៊ុយក្រែន៖ ចិន ច្រានចោលពាក្យចោទដាក់សម្ពាធលើប្រទេសដទៃចូលរួមកិច្ចប្រជុំសន្តិភាព
04, Jun 2024 , 10:49 am        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព AFP
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព AFP
តបទៅនឹងពាក្យចោទរបស់ប្រធានាធិបតីអ៊ុយក្រែន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី៣ ខែមិថុនា បានថ្លែងការពារថា ចិន មិនអាចចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនបានទេ ព្រោះមិនត្រូវលក្ខខណ្ឌរបស់ខ្លួន។ បើតាមមន្រ្តីក្រសួងការបរទេសចិន ជំហរក្រុងប៉េកាំង គឺមានភាពត្រឹមត្រូវ និងតម្លាភាព។

 
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងអំឡុងវេទិកាសន្តិសុខនៅសិង្ហបុរី បានចោទរុស្ស៊ី បានប្រើប្រាស់ឥទ្ធិពលចិន ដើម្បីដាក់សម្ពាធប្រទេសដទៃមិនឱ្យចូលរួមក្នុងកិច្ចប្រជុំ។​ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន បានហៅ ចិនជាឧបករណ៍របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនថែមទៀត។ 
 
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃទី៣ ខែមិថុនា បានតបថា ជំហររបស់ចិន គឺត្រឹមត្រូវ និងមានតម្លាភាព។
 
«ចិន សូមសង្កត់ធ្ងន់ម្តងទៀតថា សន្និសីទសន្តិភាពអន្តរជាតិ ចាំបាច់ត្រូវមានលក្ខខណ្ឌចំនួន ៣គឺទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន, សមភាពនៃការចូលរួមពីភាគីទាំងអស់ និងការពិភាក្សាប្រកបដោយភាពត្រឹមត្រូវ»។ មន្រ្តីក្រសួងការបរទេស បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរពាក់ព័ន្ធនឹងកិច្ចប្រជុំសន្តិភាពនៅស៊្វីស ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា។ 
 
បើតាមលោកស្រី Mao Ning ជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំង មិនបានផ្តោតលើប្រទេសទីបីណាមួយឡើយ ហើយតែងគាំទ្រជានិច្ចចំពោះសន្និសីទសន្តិភាពនៅអ៊ុយក្រែន។ 
 
ដោយមិនត្រូវលក្ខខណ្ឌរបស់ខ្លួន រដ្ឋាភិបាលក្រុងប៉េកាំង បានសម្រេចមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនខាងលើឡើយ។ ត្រង់ចំនុចនេះ មន្រ្តីចិន បានការពារថា ទោះក្រុងប៉េកាំង មិនបានចូលរួម មិនមែនបានសេចក្តីថាមិនគាំទ្រសន្តិភាពនៅអ៊ុយក្រែននោះទេ ហើយប្រទេសចូលរួម ក៏មិនប្រាកដថាគាំទ្រនោះដែរ។ 
 
តបនឹងសំណួរអ្នកសារព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងអាវុធ លោកស្រី Mao Ning បានអះអាងថា រុស្ស៊ីបានប្រើប្រាស់អាវុធ ដែលមានបំណែកនាំចូលពីអាម៉េរិក និងអឺរ៉ុប ច្រើនជាងបំណែកនាំចូលពីចិនទៅទៀត ដើម្បីវាយប្រហារលើអ៊ុយក្រែន ហើយមេដឹកនាំអ៊ុយក្រែន ក៏បានទទួលស្គាល់ពីបញ្ហានេះដែរ។​
 
ខណៈកិច្ចប្រជុំសន្តិភាពនៅស្វ៊ីសខិតចូលដល់ ប្រធានាធិបតីអ៊ុយក្រែន បានបំពេញទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍លើដំបូង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ក្នុងគោលបំណងរកការគាំទ្រលើខ្លួន និងចូលរួមកិច្ចប្រជុំ។ កន្លងមក មេដឹកនាំអាស៊ីមួយចំនួន បានថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងនោះក៏មានសិង្ហបុរីផងដែរ៕ 

Tag:
 ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com