ជាតិ
លោក ហ៊ុន ម៉ានី រំឭកដល់​ក្រសួង​-ស្ថាប័ន ត្រូវ​​ពង្រឹងរចនាសម្ព័ន្ធ ជាងការពង្រីកថែម
04, Jun 2024 , 8:09 pm        
រូបភាព
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួងសាធារណៈ
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួងសាធារណៈ
ភ្នំពេញ៖ ក្រសួង ស្ថាប័នទាំងអស់ ត្រូវពង្រឹងរចនាសម្ព័ន្ធឱ្យបានល្អ ជាងការពង្រីកថែមឱ្យកាន់តែធំ។ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្លែងបែបនេះនៅក្នុង​​វគ្គបណ្ដុះបណ្ដាល ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង-ស្ថាប័ន នៅ​ព្រឹក​ថ្ងៃទី​៤ មិថុនានេះ​។

 
លោក ហ៊ុន ម៉ានី បានប្រាប់​ដល់​ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ត្រូវរៀបចំពិនិត្យឡើងវិញ ដោយវិភាគមុខងារ និងរចនាសម្ព័ន្ធ ជាពិសេសការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិល ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាកំណត់។ ​«ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ត្រូវអនុវត្តដោយឈរលើអភិក្រម ផ្តោតលើការរៀបចំផ្ទះរបស់យើង ដោយត្រូវពង្រឹងរចនាសម្ព័ន្ធ ជាជាងការពង្រីករចនាសម្ព័ន្ធ»។ នេះ​ជា​លើកឡើងរបស់​លោក ហ៊ុន ម៉ានី។
 
រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​ បានបន្ត​ថា​ ការវិភាគមុខងារ ត្រូវឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវតាមបន្ទាត់ គណនេយ្យភាព និងរក្សាផលប្រយោជន៍របស់មន្ត្រី។ លើសពី​នេះ​ ត្រូវគិតគូរដល់ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ចំគោលដៅ និងទីកន្លែង ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។ 
  
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ។ រូបភាពពី​ក្រសួងសាធារណៈ

ក្រសួងមុខងារសាធារណៈ បានរៀបចំក្រុមការងារបច្ចេកទេសគាំទ្រតាមវិស័យ ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន។ នេះបើតាម​លោក ហ៊ុន ម៉ានី ។
 
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក​ ហ៊ុន ម៉ានី ​បានស្នើ​ឱ្យ​ក្រសួង-ស្ថាប័ន ត្រូវរៀបចំរបាយការណ៍វឌ្ឍនភាពជាប្រចាំ ផ្ញើមកក្រសួង ពាក់ព័ន្ធការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិល ។ ការផ្ដល់របាយការណ៍នេះ ដើម្បីឱ្យក្រសួង អាចមានលទ្ធភាពជួយផ្តល់ការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសបន្ថែមឱ្យបានទាន់ពេលវេលា៕​

រូបភាពពី​ក្រសួងសាធារណៈ
រូបភាពពី​ក្រសួងសាធារណៈ

រូបភាពពី​ក្រសួងសាធារណៈ

Tag:
 ក្រសួ​ងមុខងារ​សាធារណៈ
  ហ៊ុន ម៉ានី​
© រក្សាសិទ្ធិដោយ thmeythmey.com