អន្តរជាតិ
UNថា ​សកម្មភាព​​ការទូត​​​លើ​បញ្ហា​បរិយាកាស​ បាន​បញ្ជៀស​ស្ថានភាព​ដ៏​អាក្រក់​បំផុត​
07, Jun 2024 , 7:59 am        
រូបភាព
ដោយ: VOA
មនុស្សជាតិ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​ឡើង​កម្តៅជា​សាកល​ ប៉ុន្តែកម្តៅ​នៅ​តែ​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​ខ្ពស់ដ៏គ្រោះថ្នាក់​មួយ​នៅ​លើ​ភព​ផែនដី។ ​នេះ​បើតាម​ការបញ្ជាក់​របស់ប្រធាន​បរិយាកាស​អង្គការ​សហប្រជាជាតិ ខណៈ​ការចរចា​ដ៏​សំខាន់បាន​ចាប់​ផ្តើមធ្វើ​ឡើងកាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​កន្លង​ទៅ។​ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP ។



ក្រុម​អ្នក​ការទូត​ជួប​ប្រជុំ​គ្នាជា​រៀង​រាល់​ខែ​មិថុនាក្នុង​ទីក្រុង​ Bonn ប្រទេស​អាល្លឺម៉ង់ ដើម្បី​ព្យាយាម​ដោះស្រាយ​នូវ​ចំណុច​ជាប់​គាំង​សំខាន់ៗ នៅ​ក្នុង​ការចរចា​អាកាសធាតុ ដែលធ្វើ​ឱ្យមេដឹកនាំ​នយោបាយអាច​សម្រេច​ជា​ចុងក្រោយ​នូវ​កិច្ចព្រមព្រៀង​នានា ក្នុង​កិច្ច​ប្រជុំកំពូលអង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ​ឬ COP នៅ​ដំណាច់ឆ្នាំ​២០២៤​នេះ។
 
​ក្នុង​ការពិភាក្សាក្នុងទីក្រុង​ Bonn​ នៅ​ឆ្នាំ​នេះ​ ដែលដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា​ខាង​មុខនេះ​ ​បញ្ហា​សំខាន់​គឺ​រឿង​ថវិកា ដែល​ថា​តើ​ប្រទេស​អ្នក​មាន​ត្រូវ​បង់ថវិកា​ប៉ុន្មាន ​ដើម្បី​ជួយ​ដល់​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​តិច​ ក្នុង​ការ​ដោះស្រាយការ​ប្រែប្រួល​អាកាសធាតុ។​
 
​គោលបំណង​ថ្មី​និង​យូរអង្វែង​មួយ​សម្រាប់​ជំនួយលើ​វិស័យ​បរិយាកាស​ គឺ​ត្រូវ​មាន​ការ​ឯកភាព​គ្នា​ដោយ​ប្រទេស​ជិត២០០​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​COP29 ​ក្នុង​រដ្ឋធានី​ Baku នៃ​ប្រទេសអាស៊ែបៃហ្សង់​ ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។
 
លោក​Simon Stiell​ ប្រធានលេខាប្រតិបត្តិ​នៃ​អនុសញ្ញា​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ​ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​ជំរុញ​ដល់អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្នុងទីក្រុង Bonn នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​ ត្រូវ​គិតពី​ការ​រត់​ប្រណាំងជាមួយ«​ពេល​វេលា​ដែល​មាន​សារៈសំខាន់»។
 
លោក​បានប្រាប់​ក្រុម​អ្នក​ចរចា​នៅ​ក្នុង​ទីក្រុង Bonn​ ប្រទេស​អាល្លឺម៉ង់​ថា​៖ «យើង​មិន​អាចធ្វើ​ឱ្យ​សម្រេច​បាន​លទ្ធផលនៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង Baku នោះ​ឡើយ ​បើ​សិន​នៅ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើទៀត​នោះ»។
 
លោក Stiell ​បន្ត​ទៀត​ថា​ សកម្មភាព​ការទូត​អន្តរជាតិ​បាន​បញ្ជៀស​នូវ​ស្ថានភាពមួយ​ មិន​ឱ្យ​កម្តៅ​ភពផែនដី​ឡើង​ដល់​៥​អង្សា​ ដែល«ធ្វើ​ឱ្យ​មនុស្សជាតិ​ភាគច្រើន​បំផុត​ទំនង​ជា​មិន​អាច​រស់​នៅ​បាននោះ​ឡើយ»។
 
លោក​បន្ថែម​ទៀត​ថា​ «ពេល​នេះ​យើង​កំពុង​ឆ្ពោះទៅ​រក​កម្តៅក្នុង​កម្រិតប្រមាណ​២,៧​អង្សា។ កម្រិត​នេះ​នៅ​តែខ្ពស់​ប្រកប​ដោយគ្រោះថ្នាក់​មួយ​ ហើយ​បញ្ហា​ខាង​មុខនៅ​វែងឆ្ងាយ​និង​ពិបាក​នៅឡើយ»។
 
នៅ​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​ ប្រទេស​នានា​បាន​ឯកភាពកម្រិតការ​ឡើង​កម្តៅ​ជា​សាកល​ឱ្យ​នៅ​ត្រឹម​ក្រោម​២អង្សាសេ ​ដែល​លើស​កម្រិត​មុនសម័យ​ឧស្សាហកម្ម​ ដើម្បី​បញ្ជៀស​ការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើការប្រែប្រួល​អាកាស​ធាតុ​ ​និង​ព្យាយាម​កម្រិត​កំណើន​១,៥​អង្សា​ដែល​មាន​សុវត្ថិភាព។​
 
លោក​ Mukhtar Babayev ​ដែល​នឹងក្លាយ​ជា​ប្រធាន​ COP29 បាន​និយាយ​ថា ការ​ចម្រើន​ទៅ​មុខក្នុង​កិច្ចប្រជុំ​ទីក្រុង​ Bonn ប្រទេស​អាល្លឺម៉ង់​ នឹងក្លាយ​ជាផ្ទាំង​គ្រឹះនៃ​លទ្ធផល​ជាក់ស្តែងនៅក្នុង​សន្និសីទ​កំពូល​ស្តី​ពី​អាកាសធាតុអង្គការ​សហ​ប្រជាជាតិ​ COP29 ​ខាង​មុខ»។
 
​ក្នុង​ឆ្នាំ​២០០៩​ ​ក្រុម​ប្រទេស​អ្នកមាន​ដែលទទួល​ខុសត្រូវ​ខ្ពស់ភាគច្រើន​បំផុត ​លើបម្រែបម្រួល​អាកាសធាតុ​បាន​ឯកភាព​រហូត​មក​ដល់​ពេល​នេះ ដើម្បី​បង្កើន​ទឹកប្រាក់១០០​ពាន់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នៅត្រឹម​ឆ្នាំ​២០២០​ សម្រាប់​ប្រទេស​នានាដែល​គ្មាន​មធ្យោបាយ​ក្នុង​ការ​វិនិយោគ​ថាមពល​ស្អាតនិង​សម្របខ្លួនទៅ​នឹង​អាកាសធាតុ​ដែល​គ្រោះថ្នាក់​ខ្លាំង​នោះ។
 
ក្រុម​ប្រទេស​ទាំងនេះ​បាន​ឆ្លើយតប​ទៅ​នឹង​គោលដៅ​នេះ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០២២​ គឺ​២​ឆ្នាំ​បន្ទាប់​ពីហួស​កាល​បរិច្ឆេទ​ដែល​បានកំណត់​នោះ។ ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ក៏​ត្រូវ​បាន​រិះគន់​ផង​ដែរថា​បាន​ផ្តល់​ប្រាក់កម្ចីជំនួស​ឱ្យ​ការ​ផ្តល់​ប្រាក់​ជំនួយទៅវិញ។
 
ការ​ប្រឹងប្រែងរកថវិកា​សម្រាប់​រយៈពេល​បន្ទាប់​គឺសំដៅ​ហួស​ពី​ឆ្នាំ​២០២៥​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​យល់ព្រម​ជា​ឯកច្ឆ័ន​នៅ​ឡើយទេ​ថា ​តើ​ត្រូវ​ធ្វើ​ការ​រៃអង្គាសប្រាក់​ក្នុង​ចំនួន​ប៉ុន្មាននោះ​ទេ​ ហើយប្រទេស​ណា​ខ្លះត្រូវ​បង់លុយ​ ហើយប្រទេស​ណា​ជាអ្នក​បង់លុយ​ដំបូង​គេនោះ។
 
​គេ​ឃើញ​មាន​ការជំទាស់ដែរ ​ពី​ការ​ស្នើ​សុំ​ដល់​ប្រទេសដែល​មានសេដ្ឋកិច្ចទើបងើប​រីកចម្រើន ដូច​ជា​ប្រទេស​ចិន​និង​ប្រទេសក្នុងតំបន់​ឈូងសមុទ្រ​មួយ​ចំនួន​ ដើម្បី​ជួយ​បង់​វិភាគទាន​ជា​ថវិកា។ ​
 
ប្រទេស​មួយ​ចំនួនចង់​ឃើញសកម្មភាពការងារបរិយាកាស​របស់​គេ​ មាន​កម្រិត​ប្រហាក់ប្រហែល​ទៅ​នឹងចំនួន​ថវិកាដែលមាន​ផង​ដែរ។​ ប្រទេស​នានា​ត្រូវ​បញ្ជូន​គម្រោង​ផែនការដែល​ធ្វើ​បច្ចុប្បន្នភាព​របស់​គេនៅ​ត្រឹម​ដើម​ឆ្នាំ​២០២៥៕

© រក្សាសិទ្ធិដោយ thmeythmey.com