អន្តរជាតិ
លោក Biden បាន​សន្យា​នៅក្នុង​ទិវា D-Day ថា បស្ចិម​ប្រទេស​នឹង​មិន​បោះបង់​ចោល​អ៊ុយក្រែន​ឡើយ
07, Jun 2024 , 9:59 pm        
រូបភាព
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងនៅក្នុង​ទិវា D-Day នៅ​ទីក្រុង Colleville-sur-Mer តំបន់ Normandy ប្រទេសបារាំង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែងនៅក្នុង​ទិវា D-Day នៅ​ទីក្រុង Colleville-sur-Mer តំបន់ Normandy ប្រទេសបារាំង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ដោយ: VOA
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​Joe Biden ​កាល​ពី​ថ្ងៃ​ទី៦ មិថុនា បាន​កត់​សម្គាល់ខួប​លើ​ទី ​៨០ឆ្នាំ​ដ៏​អធិកអធម្ម ​នៃទិវា​ D-Day ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ ២​ ដែល​កងកម្លាំង​សម្ព័ន្ធមិត្តបានធ្វើ​ការវាយប្រហារ​ឡើង​ច្រាំងនៅ​តំបន់ Normandy ក្នុង​ប្រទេស​បារាំង​ ​ដោយ​លោក​បានសន្យា​ថា​ សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់​ នឹង​មិន​បោះបង់​ការគាំទ្រ​របស់​ខ្លួនដល់​ប្រទេស​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ឈ្លានពាន​របស់​រុស្ស៊ី​ ដែល​មានរយៈ​ពេល ២ ឆ្នាំមក​ហើយ​។ ​



ថ្លែង​នៅបូជនីយដ្ឋានបញ្ចុះសព ​Colleville-sur-Mer ​ក្នុង​ប្រទេស​បារាំង​ លោក Biden និយាយ​ថា​៖ ​«យើង​នឹង​មិន​ដើរ​ចេញ​ពី​ការការពារ​អ៊ុយក្រែន​ទេ​ ​ហើយ​នឹង​មិន​ចុះចាញ់​មនុស្ស​ដែល​ធ្វើបាប​គេ​ដែរ»។
 
មេដឹកនាំ​អាមេរិក​រូប​នេះ​និយាយ​ថា​ អ៊ុយក្រែន​ត្រូវ​បានរំលោភ​ឈ្លានពាន​ដោយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ដែល ​«ជា​ជន​ផ្តាច់ការដែល​មាន​ចេតនា​គ្របដណ្តប់​លើ​គេ​ឯង​» និង​ថា​ ​លទ្ធិ​ប្រជាធិបតេយ្យពេល​នេះ​កំពុង​ស្ថិត​ក្នុង​ហានិភ័យកាន់​តែ​ខ្លាំងជាង​ពេល​ណា​ៗ​ទាំង​អស់​ ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ​២ ​មក។
 
លោក​ថ្លែង​បន្ត​ទៀត​ថា​៖ «សូម​កុំ​យល់​ច្រឡំ​ឱ្យ​សោះ យើងមិន​អោន​ក្បាលឡើយ។ ​យើង​មិន​អាច​ចុះចាញ់អ្នក​ដែល​ធ្វើ​បាប​គេនោះ​ទេ។ ​គេមិន​អាចគិត​ដូច្នេះ​បានឡើយ។​ ​ប្រសិន​បើយើងធ្វើ​ដូច​នេះ​ នោះ​សេរីភាព​នឹង​រងការ​បរាជ័យ​ ហើយប្រទេសក្នុង​អឺរ៉ុប​ទាំង​អស់​នឹង​រងការ​គំរាមកំហែង»។​
 
លោក​បាន​ផ្តល់​ការ​គាំទ្រដ៏​ទូលំទូលាយ​មួយ សម្រាប់សណ្តាប់ធ្នាប់​ពិភព​លោក ដែល​បាន​កើត​ឡើងក្រោយ​ពីការ​បញ្ចប់សង្គ្រាម​លោក​លើក​ទី ​២ ​មក។ ​
 
ទិវា D-Day គឺ​ជា​ការវាប្រហារ​ឡើង​គោកដ៏​ធំបផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ​ដោយ​លោក Biden បាន​ហៅ​វា​ថា​ ជា​ «ការ​បង្ហាញ​ដ៏​មាន​ឥទ្ធិពល​មួយ ពី​របៀបដែល​ក្រុម​សម្ព័ន្ធមិត្ត​ ​បានធ្វើ​ឱ្យ​យើង​រឹងមាំ​កាន់​តែ​ខ្លាំង​ឡើង​»។ ​
 
លោក​បន្ត​ទៀត​ថា​៖ «វា​ជា​មេរៀន​មួយ​ដែល​ខ្ញុំសង្ឃឹម​ថា យើង​ជាជន​ជាតិ​អាមេរិកាំង មិន​ដែលភ្លេច​នោះ​ឡើយ»។ ​
 
លោក Biden បានសម្តែង​គារវកិច្ច​គោរពក្រុម​ទាហាន​ជើងចាស់ក្នុង​សង្គ្រាម​លោកលើក​ទី​ ២​ ​ដែល​បាន​ចូលរួម​ក្នុង​ទិវា​ D-Day នេះ​ ដែល​ក្នុង​នោះពួក​គេ​មួយ​ចំនួន​ស្ថិត​ក្នុង​រទះរុញ និង​មួយ​ចំនួន​ទៀតមានអាយុ​ជាង​ ១០០​ឆ្នាំ ទៅ​ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com