សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃមាសពិភពលោកឡើងថ្លៃខ្ពស់បំផុតនៅ២សប្តាហ៍ចុងក្រោយ
08, Jun 2024 , 8:39 pm        
រូបភាព
 រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ការធ្លាក់ចុះទីផ្សារ​ការងារ​ និងលទ្ធភាពនៃការបន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក រួមជាមួយអស្ថិរភាពនយោបាយនៃប្រទេសមួយចំនួនដែលកំពុងឡើងកម្តៅសង្គ្រាម សុទ្ធសឹងតែ​ជា​សញ្ញា​បង្ហាញនូវ​ការធ្លាក់ថ្លៃប្រាក់ដុល្លារ  ជំរុញយ​តម្លៃ​មាស​កើន​ឡើង ២០ដុល្លារ​នៅថ្ងៃទី៦ ខែមិថុនា។ ភាពមិនប្រាកដប្រជារបស់ពិភពលោក និងការទិញមាសរបស់ចិន អាចជាផ្នែកមួយធ្វើឱ្យតម្លៃមាសហក់ឡើង។

 
ក្នុងការបិទវគ្គជួញដូរនៅថ្ងៃទី៦ ខែមិថុនា តម្លៃមាសពិភពលោកបានកើន ២០ដុល្លារដល់២៣៧៦ដុល្លារក្នុងមួយអោនស៍។ ក្នុងវគ្គជួញដូរ តម្លៃនៅចំណុចមួយនោះបានកើនឡើងដល់ ២៣៧៨ដុល្លារដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ តម្លៃ​មាសបាន​ប្រែប្រួល​ជា​បន្តបន្ទាប់​ក្នុង​តម្លៃចន្លោះពី ២០-៣០ដុល្លារ​ក្នុង​មួយ​វគ្គ។ ១អោនស៍ មានចំនួនប្រមាណ ២៨,៣៤ក្រាម។
 
ទីផ្សារមាសបានឡើងថ្លៃ បន្ទាប់ពីការិយាល័យស្ថិតិការងារអាម៉េរិក (BLS) បានប្រកាសថា ចំនួននៃអត្រាគ្មានការងារធ្វើថ្មីកាលពីសប្តាហ៍មុនមានចំនួន ២២៩ពាន់នាក់ ដែលខ្ពស់ជាងការព្យាករកន្លងមក។ ជាមួយគ្នានេះ តម្លៃពលកម្មក្នុងមួយផលិតផល ក៏កើនឡើងតិចជាងការរំពឹងទុក ដែលបង្ហាញថាទីផ្សារការងាររបស់ប្រទេសកំពុងធ្លាក់ចុះ។
 
របាយការណ៍នេះ គឺបន្ថែមពីលើលទ្ធភាពដែលធនាគារកណ្តាលអាម៉េរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ ការវិវឌ្ឍន៍នេះមានអត្ថប្រយោជន៍សម្រាប់តម្លៃមាស ពីព្រោះលោហៈដ៏មានតម្លៃមួយនេះ មិនបង់ការប្រាក់ថេរនោះទេ ។
 
នៅពេលដែលអត្រាគ្មានការងារធ្វើធ្លាក់ចុះ ធនាគារកណ្តាលនិងចាប់ផ្តើមបន្ធូរបន្ថយអត្រាការប្រាក់ ដើម្បីឲ្យក្រុមហ៊ុនខ្ចីលុយយកទៅវិនិយោគ។ ការណ៍នេះនឹងធ្វើឲ្យការចរាចរប្រាក់កាន់តែកើនឡើង ដែលអាចឲ្យប្រជាជនមានការចំណាយច្រើនកើនឡើង។ កំណើនលំហូរសាច់ប្រាក់នេះ និងធ្វើឲ្យប្រជាជនបារម្ភប្រាក់ចុះថោក ហើយចាប់ផ្តើមទៅទិញទ្រព្យដែលមានសុវត្ថិភាពដូចជាមាស ជាហេតុធ្វើឲ្យមាសឡើងថ្លៃ។ 
 


នៅថ្ងៃដដែល ធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានប្រកាសកាត់បន្ថយអត្រាការប្រាក់យោងមកត្រឹម ៣,៧៥ភាគរយ។ នេះជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ ដែលធនាគារបានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ 
 
បន្ទាប់ពីការចេញរបាយការណ៍របស់ BLS បច្ចុប្បន្នអ្នកវិនិយោគកំពុងរង់ចាំរបាយការណ៍ការងារប្រចាំខែឧសភា ដែលនឹងចេញផ្សាយឆាប់ៗដោយក្រសួងការងារអាម៉េរិក។ អ្នក​វិភាគ​បាន​ព្យាករ​ថា ​សេដ្ឋកិច្ច​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន១៨៥ពាន់នាក់ គឺ​ខ្ពស់​ជាង​កម្រិត​នៃ​ខែ​មេសា ដែល​អត្រា​គ្មាន​ការងារ​ធ្វើ​អាច​នឹង​មាន​ដល់​ទៅ ៣,៩ភាគរយ។
 
របាយការណ៍ការងារនេះ អាចប៉ះពាល់ដល់ការសម្រេចចិត្តលើការបន្ថយអត្រាការប្រាក់របស់ Fed ដែលជះឥទ្ធិពលដល់ទីផ្សារមាស។
 
លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Kitco Metals បាននិយាយថា ប្រសិនបើរបាយការណ៍ការងារធ្លាក់ចុះ មាសអាចកើនឡើងក្នុងរយៈពេលខ្លី។ ផ្ទុយទៅវិញ បើអត្រាការងាររឹងមាំ អាចនឹងដាក់សម្ពាធលើលោហៈដ៏មានតម្លៃ ដោយសារ Fed នឹងមានការលំបាកជាងមុនក្នុងការកាត់បន្ថយអត្រាការប្រាក់។ 
 
បន្ថែមពីនេះ អស្ថិរភាពនយោបាយនៅប្រទេសមួយចំនួនដូចជាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រុស្ស៊ីជាមួយអ៊ុយក្រែន ក៏ជាហេតុធ្វើបណ្តាលការសម្រុកទិញមាសមានការកើនឡើងផងដែរ។ 
 
នៅចិនថ្មីៗនេះ ធនាគារកណ្តាល បានសម្រុកទិញមាសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ទុកជាទុនបម្រុងសរុបដល់ទៅ ២២៦៤តោន។ 
 
គួរបញ្ជាក់ថា នៅឆ្នាំនេះ តម្លៃមាសបានឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃទី២០ ខែឧសភា ដល់កម្រិត ២៤៣៩,៩៨ ក្នុងមួយអោនស៍។ នេះបើតាមសារព័ត៌មាន CBS News៕
 

Tag:
 មាស
© រក្សាសិទ្ធិដោយ thmeythmey.com