ជាតិ
អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចាប់​ផ្ដើម​ប្រារព្ធ​ខែ​មោទនភាព​របស់​ខ្លួន​នៅ​ខែ​មិថុនា​នេះ
09, Jun 2024 , 8:29 am        
រូបភាព
ដោយ: VOA
ខែ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​ជា​ការ​ប្រារព្ធ​នៅ​ទូទាំង​ពិភពលោក​អំពី​វប្បធម៌​និង​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា​និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។



ក៏ប៉ុន្តែ ការ​ប្រារព្ធ​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋ​មួយ​ចំនួន​កំពុង​ធ្វើ​ច្បាប់​ថ្មី​វាយ​ប្រហារ​លើ​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជា​ពិសេស​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​វ័យក្មេង។
 
ការ​ប្រារព្ធ​នៅ​ទូទាំង​ពិភពលោក​រយៈពេល​ពេញ​មួយ​ខែ​នេះ​បាន​ចាប់ផ្តើម​ដំបូង​ដោយ​ព្រឹត្តិការណ៍ «សប្តាហ៍​មោទនភាព​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា» កាលពី​ចុង​ខែ​មិថុនា ឆ្នាំ ១៩៦៩ ដែល​ជា​ការ​ប្រារព្ធ​ជា​សារធារណៈ​នូវ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​វាយឆ្មក់​ដោយ​ហិង្សា​របស់​ប៉ូលិស​នៅឯ​រង្គសាល​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា Stonewall Inn ក្នុង​ក្រុង New York សហរដ្ឋ​អាមេរិក។
 
នៅ​សម័យកាល​នោះ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ភាគច្រើន​លាក់​អត្តសញ្ញាណ​របស់​ខ្លួន។ ការ​វាយឆ្មក់​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ១៩៦៩ នោះ​បាន​បណ្តាល​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ជា​បន្តបន្ទាប់​និង​បាន​ជំរុញ​ឱ្យ​មាន​ចលនា​ទាមទារ​សិទ្ធិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។
 
ព្រឹត្តិការណ៍ «សប្តាហ៍​មោទនភាព​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា» លើក​ដំបូង​នោះ​មាន​ការ​ដើរក្បួន​នៅ​ក្នុង​ទីក្រុង Chicago ទីក្រុង Los Angeles ទីក្រុង New York និង​ទីក្រុង San Francisco ហើយ​ចលនា​នេះ​បាន​រីក​កាន់តែ​ធំ​ឡើង​ចាប់តាំង​ពី​ពេល​នោះ​មក។
 
ពិធី​ខ្លះ​បាន​ធ្វើ​ឡើង​ក្រៅ​ពី​ខែ​មិថុនា ដែល​ក្នុង​នោះ​មាន​ដូចជា​ពិធី Rainbow Prideនៅ​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន​ដែល​ធ្វើ​ឡើង​ក្នុង​ខែ​មេសា ហើយ​ពិធី​ដ៏​សំខាន់​មួយ​ទាក់ទិន​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​ដែរ​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល​ក្នុង​ខែ​វិច្ឆិកា។
 
នៅ​ក្នុង​ឆ្នាំ ១៩៩៩ លោក Bill Clinton ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ បាន​ប្រកាស​ថា ខែ​មិថុនា​ជា​ខែ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា។
 
សិទ្ធិ​សេរីភាព​នានា​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​បាត់បង់​នៅ​ជុំវិញ​ពិភពលោក ដែល​ក្នុង​នោះ​រួម​មាន​ដូចជា​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​សម្រាប់ «ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ដ៏​ធ្ងន់ធ្ងរ» នៅ​ក្នុង​ប្រទេស​អ៊ូហ្កង់ដា​ផងដែរ។ អ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ថា ប្រទេស​ជាង ៦០ មាន​ច្បាប់​ប្រឆាំង​នឹង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។
 
ការ​រឹតបន្តឹង​ច្បាប់​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​មាន​លំហូរ​មនុស្ស​មកពី​ទ្វីប​អាហ្វ្រិក​និង​តំបន់​មជ្ឈិម​បូព៌ា​ភៀសខ្លួន​ទៅ​ទ្វីប​អឺរ៉ុប​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន។
 
នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ បណ្ដា​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​គោលនយោបាយ​ដៅ​លើ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​តាម​វិធី​ផ្សេងៗ។
 
រដ្ឋ​ចំនួន ២៥ នៅក្នុង​សហរដ្ឋ​អាមេរិក​ឥឡូវនេះ​មាន​ច្បាប់​ដែល​ហាមឃាត់​ការ​ព្យាបាល​បញ្ជាក់​អំពី​ភេទ​សម្រាប់​អនីតិជន​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា។ រដ្ឋ​ខ្លះ​បាន​ចាត់​វិធានការ​ផ្សេង​ទៀត ដោយ​ចេញ​ច្បាប់​ឬ​គោលនយោបាយ​មិន​អនុញ្ញាត​ឱ្យ​ក្មេងស្រី​និង​ស្ត្រី​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រើប្រាស់​បន្ទប់ទឹក​ឬ​ចូលរួម​នៅក្នុង​ការ​ប្រកួត​កីឡា​ណា​ដែល​ស្រប​នឹង​ភេទ​របស់​ខ្លួន។
 
តាំងពី​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ច្រានចោល​សេចក្ដី​សម្រេច​លើ​សំណុំរឿង Roe v. Wade នៅ​ក្នុង​ឆ្នាំ ២០២២ ដែល​នាំ​ឱ្យ​មាន​ច្បាប់​រឹតបន្ដឹង​ការ​រំលូត​កូន​នៅ​ក្នុង​បណ្តា​រដ្ឋ​ភាគច្រើន​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ​មក អ្នក​តស៊ូមតិ​ដើម្បី​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​សិទ្ធិ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Kevin Jennings នាយក​ប្រតិបត្តិ​អង្គការ Lambda Legal។
 
ក្នុង​ថ្ងៃ​មុន​ពិធី​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ​ប្រាព្ធ​ធ្វើ​ឡើង អង្គការ​នេះ​បាន​ប្រកាស​អំពី​គោល​បំណង​នៃ​ការ​រៃ​អង្គាស​ប្រាក់​ចំនួន ១៨០ លាន​ដុល្លារ​សម្រាប់​ជួល​មេធាវី​បន្ថែម​ទៀត​ដើម្បី​ប្រឆាំង​ទៅនឹង​ច្បាប់​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នេះ។
 
លោក Jennings បាន​និយាយ​ថា ដំណើរ​វិវឌ្ឍន៍​ទៅមុខ​ដូចជា​ការ​សម្រេច​របស់​តុលាការ​កំពូល​អាមេរិក​នៅ​ឆ្នាំ ២០១៥ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយ​គ្នា​បាន​នៅ​ទូទាំង​ប្រទេស​អាច​ត្រូវ​បាន​បាត់បង់​ប្រសិនបើ​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ផ្នែក​នយោបាយ​និង​ផ្លូវ​ច្បាប់៕
 
ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន
 

© រក្សាសិទ្ធិដោយ thmeythmey.com