អន្តរជាតិ
​ប្រទេស​និង​អង្គការ​ចំនួន​៩០​​​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្តី​ពី​សន្តិភាព​សម្រាប់​អ៊ុយក្រែន
12, Jun 2024 , 7:59 am        
រូបភាព
ដោយ: VOA
ប្រធានាធិបតី​ស្វីស អ្នកស្រី Viola Amherd ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​មុន​សន្និសីទ​សន្តិភាព​អ៊ុយក្រែន​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ប្រទេស​ស្វីស​នៅ​ទីក្រុង Bern ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៤។

 
ប្រទេស​ស្វីស​និយាយ​ថា​ នឹង​មាន​ប្រទេស​និង​អង្គការចំនួន​៩០​ចូលរួមនៅក្នុង​សន្និសីទ​រយៈពេល​២​ថ្ងៃ​ ស្តី​ពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​ខ្លួនកំពុង​រៀបចំ​ធ្វើ​ ហើយ​នឹង​ចាប់​ផ្តើមនៅ​ថ្ងៃទី១៥ មិថុនា។
 
រដ្ឋាភិបាល​ស្វីស​បាន​និយាយថា​ ចំនួន​ប្រទេស​ដែល​ចូលរួម​ មាន​ប្រហែល​ពាក់​កណ្តាល​មក​ពី​ទ្វីបអឺរ៉ុប​ ​ហើយថា​ ការ​ចូលរួម​ជាសាកល​មាន​សារៈសំខាន់​ ដើម្បី​ធ្វើ​ឱ្យ​មាន​ដំណើរ​ការ​មួយ​ ដែលមានការគាំទ្រដ៏​ទូលំទូលាយ។ ​
 
សេចក្តី​ថ្លែងការណ៍មួយរបស់​រដ្ឋាភិបាល​ស្វីស​បាន​និយាយ​ថា​ សន្និសីទស្តី​ពីសន្តិភាពនេះ មាន​បំណងធ្វើជា​វេទិកា​មួយ​ក្នុង​ការពិភាក្សា​រកវិធី​ផ្សេងៗ ដើម្បី​ទទួល​បាន​នូវ «​សន្តិភាព​ដ៏​យូរអង្វែង ត្រឹមត្រូវ​និងដ៏​ទូលំទូលាយ​មួយ»​ សម្រាប់​ប្រទេស​អ៊ុយក្រែន​ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​សហប្រជាជាតិ»​ ក៏​ដូច​ជា​ធ្វើការ​នៅក្នុង​ក្របខណ្ឌ​មួយ​ ​ ដើម្បី​អនុវត្តនូវ​ផែនការ​សន្តិភាព​មួយ​ ក៏​ដូច​ជា​របៀបដែល​ធ្វើ​ឱ្យ​រុស្ស៊ី​និង​អ៊ុយក្រែនចូលរួម​ពាក់ព័ន្ធជាមួយ​គ្នា​នៅ​ក្នុង​ដំណើរការ​សន្តិភាព​មួយ។
 
ប្រទេស​ស្វីសរៀប​ចំសន្និសីទ​នេះ​ឡើង​ តាម​សំណើ​របស់​ប្រធានាធិបតីអ៊ុយក្រែន​ លោក​Volodymyr Zelenskyy ប៉ុន្តែ​រុស្ស៊ីនឹង​មិន​ចូលរួម​ឡើយ។ ​
 
ប្រទេស​រុស្ស៊ី​បាន​រិះគន់​ដល់​ដំណើរការរៀប​ចំ​កិច្ចប្រជុំ​នេះ និងបាន​លើក​ឡើង​ថា​ ខ្លួន​នឹង​ចូលរួម​នៅ​ក្នុង​ដំណើរការ​ពិភាក្សា​សន្តិភាពនេះ​ ​ក្នុង​ករណី​ដែលមាន​ការពិចារណា​ទៅ​លើ​ស្ថានភាព​ជាក់​ស្តែង​ដែល​កំពុង​កើត​ឡើង​ក្នុង​សមរភូមិតែ​ប៉ុណ្ណោះ​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ការ​រុល​ទៅ​មុខ​របស់​កម្លាំង​រុស្ស៊ីក្នុង​សមរភូមិ​ប្រយុទ្ធ​ ចាប់​តាំងពី​ការ​ចូល​ឈ្លានពានក្នុង​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​ ​ឆ្នាំ​២០២២​មក។
 
លោក​ Zelenskyy​បាន​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​របស់​ខ្លួនចេញ​ពី​ទឹកដីរបស់​អ៊ុយក្រែន​ទាំង​អស់។ ​
 
ការ​រុលទៅ​មុខរបស់​កងកម្លាំង​រុស្ស៊ី​ក្នុងតំបន់​Kharkiv ត្រូវ​បានជាប់គាំង​ ក្រោយ​ពីសហរដ្ឋអាមេរិក​ បាន​អនុញ្ញាត​ឱ្យអ៊ុយក្រែន​ប្រើប្រាស់​អាវុធរបស់​ខ្លួន​ អាច​បាញ់​ទៅលើ​ទីតាំងមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ។ នេះ​បើ​តាមការ​បញ្ជាក់​របស់ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​ ​លោក Jake Sullivan ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ៕ ​
 

© រក្សាសិទ្ធិដោយ thmeythmey.com