អន្តរជាតិ
ការសិក្សា​មួយ​ដែល​ដឹកនាំ​ដោយ​អូស្ត្រាលី​ចេញ​ការ​ព្រមាន​អំពី​សន្ដិសុខ​ស្បៀង​ដោយសារ​ខ្វះខាត​ជំនាញ​ផ្សាំ​រុក្ខជាតិ
13, Jun 2024 , 4:29 pm        
រូបភាព
លោក Yin Zhongchao អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់​បេះប៉េងប៉ោះ​​នៅ​មន្ទីរពិសោធន៍ Temasek Lifesciences នៅ​សិង្ហបុរី កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
លោក Yin Zhongchao អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់​បេះប៉េងប៉ោះ​​នៅ​មន្ទីរពិសោធន៍ Temasek Lifesciences នៅ​សិង្ហបុរី កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣
ដោយ: VOA
ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ជាតិ​របស់​ប្រទេស​អូស្ត្រាលី​ព្រមានថា​កង្វះខាត​អ្នក​វិទ្យាសាស្ត្រ​ដែល​មាន​ជំនាញ​ខាង​ផ្សាំ​រុក្ខជាតិ​អាច​នាំ​ឱ្យ​មាន​បញ្ហា​សន្ដិសុខ​ស្បៀង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ពិភពលោក។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថាការផ្សាំ​រុក្ខជាតិ​គឺ​ជា​វិទ្យា សាស្ត្រ​ដ៏​សំខាន់​មួយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ផលិតកម្ម​ស្បៀងអាហារ​ ចំណីអាហារ​សត្វ និង​ប្រេង​ឥន្ធនៈ​សាកលលោក។ ការរកឃើញ​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​សេចក្ដី សន្និដ្ឋាន​នានា​នៃ​ការ​សិក្សា​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ សារ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​ប្រទេស​អូស្ត្រាលី នូវែលហ្សេឡង់ និង​កាណាដា។



ការសិក្សា​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​ដោយ​អង្គការស្រាវជ្រាវ​ឧស្សាហកម្ម​និង​វិទ្យាសាស្ត្រ Commonwealth ហៅ​កាត់​ថា CSIROក្នុង​កិច្ចសហការ​គ្នា​ជាមួយ​នឹង​សាកលវិទ្យាល័យ Lincoln ក្នុង​ប្រទេស​នូវែលហ្សេឡង់​និង​សាកលវិទ្យាល័យ McGill ក្នុង​ប្រទេស​កាណាដា​បាន​ព្រមាន​ថាអ្នក​ជំនាញ​ជាន់ខ្ពស់​ខាង​ផ្សាំ​រុក្ខជាតិ​ដែល​ត្រូវ​ដល់​ពេល​ចូល​និវត្តន៍​មិន​ត្រូវ​បាន​ជំនួស​ដោយ​និស្សិត​ទើបបញ្ចប់​ការសិក្សា​ពី​សាក​វិទ្យា ល័យ​ក្នុង​ចំនួន​ដ៏​ច្រើន​នោះ ដោយសារ​ពួកគេ​ភាគច្រើន​ជ្រើសរើស​រៀន​ជំនាញ​ផ្សេង​ទៀត​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ​រុក្ខជាតិ​ដូចជា​ម៉ូលេគុល​ជីវវិទ្យា​ជាដើម។
 
អ្នកស្រី Lucy Egan គឺ​ជា​អ្នក​និពន្ធ​ចម្បង​នៃ​ការ​សិក្សា​នេះ​និង​ជា​អ្នក​វិទ្យាសាស្ត្រ​ស្រាវ ជ្រាវ​ម្នាក់​នៃ​អង្គការ CSIRO។ អ្នកស្រី​បាន​ប្រាប់ VOA កាល​ពី​ថ្ងៃ​ពុធ​ ទី១២ ខែ​មិថុនា ថាការជ្រើសរើស​បុគ្គលិក​ថ្មី​គឺជា​រឿង​ចាំបាច់។ អ្នកស្រី​ថ្លែង​ថា៖«វា​ពិត​ជា​ផ្អែក​ទៅ​លើ​ការបង្កើត​ប្រភេទ​រុក្ខជាតិ​ថ្មី​សម្រាប់​អាកាសធាតុ​នា​ពេល​អនា គត។ ដូច្នេះ​ការ​ផ្សាំ​រុក្ខ ជាតិ​គឺ​ជា​រឿង​សន្សឹមៗ​មួយ។ វា​ត្រូវការ​ពេល​យូរ​ដើម្បី​បង្កើត​ប្រភេទ​រុក្ខជាតិ​ថ្មីមួយ ដូច្នេះ​គេ​អាច​ត្រូវការ​ពេល​ជា​មធ្យម​យ៉ាង​ហោច​ណាស់​ចំនួន ១០ ឆ្នាំ​ដើម្បី​បង្កើត​ប្រ ភេទ​រុក្ខជាតិ​ថ្មី​មួយ។ នៅ​ពេល​ដែលខ្វះ​អ្នក​ផ្សាំ​រុក្ខជាតិ​ថ្មី​ដើម្បី​ជំនួស​អ្នក​មុន​ដែល​ចូល​និវត្តន៍ វា​ពិត​ជា​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ទាក់ទិន​នឹង​ការ​បន្ដវេន‍»។
 
ការសិក្សា​នេះ​ក៏​បាន​ឱ្យ​ដឹង​ថាផលប៉ះពាល់​ដោយសារ​កង្វះខាត​ជំនាញ​អាច​នឹង​ធ្ងន់ធ្ងរ ហើយ​ថាសន្ដិសុខ​ស្បៀង​អាហារ​សាកលលោក​អាច​នឹង​រង​ផល​ប៉ះពាល់។ ការសិក្សា​នេះ​ផ្ដល់​អនុសាសន៍​ឱ្យ​បង្កើត«អគារ​បណ្ដុះបណ្ដាល​សម្រាប់​ការងារ​នេះ​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា‍»។
 
អ្នកស្រី Egan និយាយ​ថា ការ​ផ្សាំ​រុក្ខជាតិ​អាច​ជួយ​ដល់​បណ្ដា​ប្រទេស​នានា​ឱ្យ​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ​ដែល​ក្ដៅ​ជាង​មុន។ អ្នកស្រី​ថ្លែង​ថា៖«ខ្ញុំ​គិត​ថាជាជាង​ផ្ដោត​ទៅ​លើ​ប្រទេស​មួយ​ចំនួន​និង​ផលប៉ះពាល់ ខ្ញុំ​គិត​ថាប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ទៅ​លើ​វា​ក្នុងកម្រិត​សកល ​ការផ្សាំ​រុក្ខជាតិ​គឺ​ពិត​ជា​មូលដ្ឋាន​គ្រឹះ សំខាន់​នៃ​វិស័យ​កសិកម្ម។ គ្មាន​ការ​ផលិត​រុក្ខជាតិ​ប្រភេទ​ថ្មី​ឱ្យ​ស្រប​ទៅ​តាម​អាកាស ធាតុ​និង​កត្តា​ផ្សេងៗ​ទៀត​ដែល​កំពុង​កើតឡើង​នៅ​ទូទាំង​សកលលោក យើង​ត្រូវ​តែ​ពង្រឹង​សក្តានុពល​ ហើយ​ភាព​ធន់​ក្នុង​វិស័យ​កសិកម្ម​និង​ការ​ផ្សាំ​រុក្ខជាតិគឺ​ពិត​ជា​កត្តា​ចម្បង​ក្នុង​ការ​ធ្វើ​ដូច្នេះ‍»។
 
ការ​សិក្សា​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​ដែល​មាន​ឈ្មោះ​ថាCrop Science។ ការ​សិក្សា​នេះ​បង្ហាញ​ថា ចាប់​តាំង​ពី​ទសវត្សរ៍ ១៩៦០ មក ផលិតកម្ម​ដំណាំ​សកល​បាន​កើនឡើង​ជាង ២៥០ ភាគរយ ដែល​មួយ​ផ្នែកធំ​គឺ​ដោយសារ​តែ​វិទ្យា សាស្ត្រ​នៃ​ការ​ផ្សាំ​រុក្ខជាតិ​នេះ៕
 
ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា
 

© រក្សាសិទ្ធិដោយ thmeythmey.com