ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំបណ្តោយ ! ជំងឺគេងមិនលក់អាចមកពីបញ្ហាទឹកនោមផ្អែម និងបញ្ហាសុខភាពទាំងនេះ
16, Jun 2024 , 6:59 am        
រូបភាព
ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។

 
ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖
 
១. ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២
មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ដែល​ផ្សារ​ភ្ជាប់​នឹង​ជំងឺ​នេះ គឺ​ការ​បែកញើស​ពេល​យប់​ដោយសារ​ជាតិ​ស្ករ​ធ្លាក់​ចុះ​ទាប​កំឡុង​ពេល​នេះ និង​នោម​ញឹក​ដែល​នាំ​ឱ្យ​អ្នក​ពិបាក​នឹង​គេង​លក់​ណាស់​។
 
២. ជំងឺ​ធ្លាក់​ទឹកចិត្ត
ផលវិបាក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​គេង​មិន​លក់​។ ហើយ​នៅ​ពេល​អ្នក​មិន​បាន​គេង​សោះ​នោះ អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការ​ធ្លាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​មាន​អារម្មណ៍​សោកសៅ​មិន​សប្បាយចិត្ត​នៅ​ថ្ងៃ​បន្ទាប់​។
 
៣. អស់​រដូវ
ស្ត្រី​សឹងតែ​គ្រប់​រូប​មានការ​ព្រួយបារម្ភ​ពី​ថ្ងៃ​ដែល​ការ​អស់​រដូវ​ឈាន​មក​ដល់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​បង្ក​អាកា​រៈ​គួរ​អោយ​រំខាន​ជា​ច្រើន រួម​ទាំង​ការ​គេង​មិន​លក់​។ ហេតុ​អ្វី​ទើប​ស្ត្រី​អស់​រដូវ​ពិបាក​ក្នុង​ការ​គេង​លក់?នោះ​ក៏​ព្រោះតែ​ពួក​គេ​ត្រូវ​ជួប​ប្រទះ​បញ្ហា​បែកញើស​ច្រើន ឬ​អារម្មណ៍​ក្ដៅ​ភាយ​ដែល​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​អស់​រដូវ​។
 
៤. ច្រាល​ទឹក​អាស៊ីត​ក្រពះ
ប្រសិនបើ​អ្នក​ចង់​គេង​បាន​ស្កប់​គ្រប់គ្រាន់​ក្នុង​មួយ​យប់​ៗ ចូរ​ធ្វើ​យ៉ាងណា​ចៀស​ឱ្យ​ផុត​ពី​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ​។ នេះ​ក៏​ព្រោះតែ​វា​អាច​បង្ក​អាកា​រៈ​ក្រហាយ​ទ្រូង​ដែល​ងាយ​នឹង​ប្រែជា​ធ្ងន់ធ្ងរ​ឡើង​នៅ​ពេល​គេង​។ ជា​ពិសេស​ប្រសិនបើ​អ្នក​បាន​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​មិនល្អ​, សម្បូរ​ជាតិ​អាស៊ីត ឬ​អាហារ​ហឹរ​ៗ​ផង​។ ទោះជា​យ៉ាងណា​ការ​ផ្លាស់​ប្ដូរ​របប​អាហារ និង​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​ខ្លះ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ រួម​បញ្ចូល​ទាំង​បញ្ហា​គេង​មិន​លក់​បាន​យ៉ាង​ប្រសើរ​។ អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ប្រើប្រាស់​ថ្នាំ​គ្រប់គ្រង​បញ្ហា​សុខភាព​នេះ​បាន​ផង​ដែរ​។
 
៥. បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត
ជំងឺ​ក្រ​ពេញទី​រ៉ូ​ត​អ៊ី​ត Hyperthyroidism អាច​ជះ​ផល​ប៉ះពាល់​ដល់​ការ​គេង​លក់​បាន​ស្កប់ ខណៈ​ដែល​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ភ្ញាក់​ៗ និង​អាច​បែកញើស​ខ្លាំង​ពេល​យប់​ផង​ដែរ​។ ចំពោះ​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត Hypothyroidism អាច​ធ្វើ​ឱ្យ​អ្នក​ងងុយគេង​ខ្លាំង​នៅ​ពេល​ថ្ងៃ ជា​លទ្ធផល​លែង​សូវ​ងងុយគេង​ពេល​យប់​។
 
ទោះជា​យ៉ាងណា ប្រសិនបើ​អ្នក​ពិបាក​នឹង​គេង​លក់​នៅ​ពេល​យប់ អ្នក​អាច​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បានការ​ធ្វើ​រោគវិនិច្ឆ័យ​កាន់តែ​ច្បាស់លាស់ និង​ត្រឹមត្រូវ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com