អន្តរជាតិ
ធនាគារ​ពិភពលោក​ បាន​តម្លើង​ការ​ព្យាករណ៍​នៃ​កំណើន​សេដ្ឋកិច្ច​សាកល ​ដោយ​ផ្អែក​លើ​សេដ្ឋកិច្ច​អាមេរិក​
15, Jun 2024 , 10:00 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ទីស្នាក់ការ​ទីផ្សារភាគហ៊ុន New York នៅ​ដងផ្លូវ Wall Street ក្នុងទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ទីស្នាក់ការ​ទីផ្សារភាគហ៊ុន New York នៅ​ដងផ្លូវ Wall Street ក្នុងទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ដោយ: VOA
កាលពី​ថ្ងៃអង្គារ ទី១១ ខែមិថុនា ធនាគារពិភពលោកបាន​តម្លើងការព្យាករណ៍​នៃកំណើន​សេដ្ឋកិច្ច​សាកល ដោយ​ផ្អែកលើ​ការ​ចំណាយ​របស់​ក្រុម​អ្នក​ប្រើប្រាស់​នៅក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​បាន​ព្រមានថា​ កំណើន​នេះ​នៅ​ខ្សោយ​នៅ​ឡើយ បើផ្អែក​តាម​ស្តង់ដារប្រវត្តិសាស្ត្រ។ នេះបើយោង​តាមសេចក្តីរាយការណ៍​របស់​សារព័ត៌មាន AFP។

នៅក្នុង​ការព្យាករណ៍​បច្ចុប្បនភាព ​ស្ថាប័ន​ផ្តល់​ប្រាក់ខ្ចីសម្រាប់​ការអភិវឌ្ឍន៍​មានមូលដ្ឋាននៅ​រដ្ឋធានីវ៉ាស៊ីនតោន​នេះ​ បាន​ឱ្យដឹង​ថា​ នៅ​ពេល​នេះ​ខ្លួន​រំពឹងថាសេដ្ឋកិច្ច​ពិភពលោកនឹងកើនឡើង ២,៦% នៅ​ឆ្នាំនេះ គឺ​កើនឡើង ០,២% ពី​ខែមករា។
 
ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​សាកល​របស់​ធនាគារពិភពលោកសម្រាប់​ឆ្នាំ ២០២៥ ​គ្មានការ​ប្រែប្រួល​ទេ គឺ ២,៧% គឺ​ទាបជាង​អត្រា​មធ្យមភាគ ៣,១% កាលពី​ក្នុង​ទសវត្សរ៍​ មុន​ការរាតត្បាត​ជំងឺកូវីដ១៩។
 
លោក Indermit Gill ​ប្រធានសេដ្ឋវិទូ​នៃធនាគារពិភពលោក បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា៖ «កំណើនសេដ្ឋកិច្ចស្ថិត​នៅកម្រិត​ទាប​ជាងកាលពីមុន​ឆ្នាំ២០២០»​ ដោយ​លោកបាន​បន្ថែម​ថា ​ស្ថានភាព​របស់ពួក​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក «កាន់​តែ​គួរ​ព្រួយ​បារម្ភច្រើន​ជាងនេះ​ទៅទៀត»។​
 
លោក Gill បានថ្លែង​ថា៖ «ក្រុម​ប្រទេស​ទាំង​នេះ​ប្រឈម​នឹង​បំណុលច្រើន ​ការរឹតត្បិត​ពាណិជ្ជកម្មនិង​បញ្ហា​អាកាសធាតុ​អាក្រក់​ដែលបណ្តាល​ឱ្យ​ខាតបង់​ច្រើន»។​
 
លោកបានបន្ថែម​ថា ប្រទេសទាំង​នេះត្រូវការ​វិនិយោគឯកជន​ថ្មីៗ​និងកាត់បន្ថយបំណុល​សាធារណៈ។​
 
បច្ចុប្បន្ន​នេះ ធនាគារពិភពលោករំពឹងថា ​ក្រុមប្រទេស​ដែល​មានទីផ្សារ​លេចឡើង​និងមានសេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​នឹង​កើនឡើង ៤,០% នៅឆ្នាំនេះ ដោយ​ច្រើន​ជាងការព្យាករណ៍​កាលពី​ខែមករា​បន្តិច ប៉ុន្តែ​ក៏នៅ​តែទាបជាង​នៅ​មុនការ​រាតត្បាតជំងឺកូវីដ​១៩​ដែរ។
 
ធនាគារ​ពិភពលោកបានតម្លើង​ការព្យាករណ៍​របស់ខ្លួន​អំពីកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ ២០២៤ នេះ​ សម្រាប់បណ្តា​ប្រទេសមានសេដ្ឋកិច្ចជឿនលឿន​ក្នុង​ពិភពលោកដល់ ១,៥% ដោយលើស​ពីមុន ០,៣% ដោយសារ​ការ​កើនឡើង​ខ្លាំង​នៃ​ការព្យាករណ៍​របស់​ខ្លួនសម្រាប់សហរដ្ឋអាមេរិក។​
 
នៅ​ពេល​នេះ ធនាគារនេះ​រំពឹង​ថា ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នឹងកើនឡើង ២,៥% ​នៅឆ្នាំនេះ ដោយលើស​ពីខែ​មករា ០,៩% ភាគច្រើនគឺ​ដោយសារ​តែ​ការ​ប្រើបាស់ «ដ៏រឹងមាំ»​ និងចំណាយរបស់​រដ្ឋាភិបាល និងការ​កាត់​បន្ថយការនាំចូលទំនិញ​ពីប្រទេសក្រៅ​ចូលក្នុង​ប្រទេស។
 
លោក Ayhan Kose អនុប្រធានក្រុម​សេដ្ឋ​វិទូ​នៃធនាគារពិភពលោក​បា ន​និយាយប្រាប់ក្រុមអ្នកកាសែត​នៅមុនការចេញផ្សាយសេចក្តី​រាយការណ៍​នេះថា​ ការតម្លើង​ការព្យាករណ៍អំពី​សហរដ្ឋអាមេរិក​ ជាលទ្ធផល​ធ្វើ​ឱ្យ​ជួយ​ដល់​ការព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច​សាកល​សម្រាប់​ឆ្នាំ ២០២៤​ ដល់ទៅ ៨០%។​
 
ធនាគារពិភពលោកក៏បាន​តម្លើងការព្យាករណ៍​នៃ​កំណើនសេដ្ឋកិច្ចសម្រាប់​ប្រទេសចិន ​ដែល​ជាប្រទេស​មានសេដ្ឋកិច្ច​ធំទី ២ ក្នុ​ងពិភពលោ​ក​ដែរ ប៉ុន្តែ​បាននិយាយថា ​ខ្លួននៅ​តែរំពឹង​ថា​មានភាពយឹតយ៉ាវនៅឆ្នាំនេះ ​ដោយសារ​ការចុះថមថយ​សកម្មភាពអចលនទ្រព្យ។​
 
នៅពេល​នេះ ធនាគារពិភពលោករំពឹង​ថា​មាន​ការលូតលាស់ ​៤,៨% ​នៅ​ឆ្នាំនេះ គឺ០,៣% ខ្ពស់​ជាង​ក្នុង​ខែមករា៕

© រក្សាសិទ្ធិដោយ thmeythmey.com