ជាតិ
របរដេរស្បែកជើងមិនកាក់កប តែលោក ប៉ែន សាមឿន នៅតែតស៊ូ!
16, Jun 2024 , 9:00 am        
រូបភាព
ភ្នំពេញ៖ លោក ប៉ែន សាមឿន ជាអ្នកដេរស្បែកជើងនៅរបងវត្តនន្ទមុនី ម្ដុំផ្សារស្ទឹងមានជ័យថ្មី។ មុខរបរដេរស្បែកជើងតូចតាចនៅក្បែររបងវត្តនេះ អាចផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក  សាមឿន ក្នុងគ្រាលំបាក។ បើតាមលោក  សាមឿន មុខរបរនេះហាក់មិនសូវកាក់កប និងមិនសូវគេចាប់អារម្មណ៍។ 
សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចតទៅ៖ 

មានដើមកំណើតនៅខេត្តស្វាយរៀង លោក ប៉ែន សាមឿន បានប្រកបរបរដេរ និងខាត់ស្បែកជើងនៅរបងវត្តនន្ទមុនី ក្នុងក្រុងភ្នំពេញជិត៨ឆ្នាំមកហើយ។ តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ លោក  សាមឿន ទើបតែមានភ្ញៀវមកដេរស្បែកជើងពីរគូរតែប៉ុណ្ណោះ។ លោក ប៉ែន សាមឿន បានលើកឡើងថា៖ « របរនេះមិនសូវកាក់កបនោះទេ ថ្ងៃខ្លះមិនមានអ្នកមកដេរស្បែកជើងសោះក៏មានដែរ។ ក្នុងមួយថ្ងៃខ្ញុំអាចរកចំណូលបានប្រមាណ ៣ម៉ឺនរៀលតែប៉ុណ្ណោះ»។ 
 
ទោះបីមុខរបរដេរស្បែកជើងមិនសូវកាក់កបមែនក៏លោក សាមឿន មិនផ្លាស់ប្តូររបរមួយនេះដែរ។ វ័យចំណាស់ និងមិនមានកម្លាំង ជាហេតុដែលធ្វើឱ្យលោកមិនប្រកបមុខរបរផ្សេង។

ជាមួយគ្នានេះ កត្តាដែលធ្វើឱ្យលោក សាមឿន ចាកចេញពីស្រុកកំណើតមកប្រកបមុខរបរនៅទីក្រុងភ្នំពេញ ដោយសារលោកធ្លាក់ខ្លួនឈឺមិនអាចធ្វើស្រែចម្ការទៀត និងជីវភាពខ្វះខាត។ 
 
កំពុងអង្គុយដេរស្បែកជើង លោក សាមឿន បន្តថា របរតូចតាចនេះមិនសូវជាមានគេចាប់អារម្មណ៍ប្រកបនោះទេ ដោយសារតែមិនអាចរកចំណូលបានច្រើន និងបានត្រឹមចិញ្ចឹមជីវិតប៉ុណ្ណោះ។ បុរសវ័យ៥១ឆ្នាំរូបនេះ បញ្ជាក់ថាស្បែកជើងខ្លះពិបាកដេរ និងត្រូវការកម្លាំងខ្លាំងដើម្បីដេរ ព្រោះដេរដោយដៃផ្ទាល់។ 
 
មានបទពិសោធ៨ឆ្នាំ លោក សាមឿន អាចដេរស្បែកជើងបានគ្រប់ប្រភេទ។ ដោយឡែក តម្លៃដេរ និងខាត់ស្បែកជើង មានចាប់ពី២០០០រៀលឡើងទៅ។ ជារៀងរាល់ថ្ងៃ លោក សាមឿន ត្រូវក្រោកពីព្រលឹមដើម្បីរៀបចំសម្ភារៈមកដេរស្បែកជើង។ លោក ប៉ែន សាមឿន បានចាត់ទុកមុខរបរដេរស្បែកជើងនេះ មានសារៈសំខាន់សម្រាប់ចិញ្ចឹមជីវិតលោក និងគ្រួសារ៕ 

Tag:
 របរដេរស្បែកជើង
© រក្សាសិទ្ធិដោយ thmeythmey.com