ជាតិ
នាយកស៊ីប៉ា៖ អ្នកនេសាទនៅបឹងទន្លេសាប គួរបញ្ជូនកូនទៅរៀន ដើម្បីចៀសពីរបរនេសាទបន្តជំនាន់
16, Jun 2024 , 10:00 pm        
រូបភាព
ភ្នំពេញ៖ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា លើកទឹកចិត្តឱ្យអាណាព្យាបាលរស់នៅបឹងទន្លេសាប ជំរុញឱ្យកូនៗបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ ការអប់រំ គឺជាស្ពានចម្លងកុមារនៅបឹងទន្លេសាប មិនឱ្យបន្តរបរនេសាទពីមួយជំនាន់ទៅមួយជំនាន់។ កុមារទាំងនោះ គួរទទួលបានការអប់រំដូចកុមារនៅលើដីគោកដែរ។

 

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ហុក សុទ្ធិ បានថ្លែងថា កុមាររស់នៅលើទឹកនៅបឹងទន្លេសាបភាគច្រើន ខ្វះឳកាសទទួលបានការអប់រំ។ បញ្ហានេះ បានកើតឡើង ដោយសារសាលានៅឆ្ងាយពីផ្ទះបណ្ដែតទឹក និងសហគមន៍របស់ពួកគេ។ ការណ៍នេះ នាំឱ្យអង្គការស៊ីប៉ា និងក្រសួងអប់រំ ខិតខំបង្កើតបណ្ណាល័យចល័តលើទូក ដើម្បីឱ្យកុមារទាំងនោះ ទទួលបានការអប់រំពេញលេញ។ 
 
«ខ្ញុំគិតថា ប្រជាជនរស់នៅបឹងទន្លេសាប គួរតែផ្ដល់តម្លៃដល់ការអប់រំ ហើយបញ្ជូនកូនទៅរៀន។ មានតែការអប់រំទេ ដែលធ្វើឱ្យពួកគាត់អភិវឌ្ឍខ្លួនឆ្ងាយជាងអ្វី ដែលឪពុកម្ដាយរបស់គាត់កំពុងធ្វើបច្ចុប្បន្ននេះ។ សូមកុំគិតថា ឪពុកម្ដាយជាអ្នកនេសាទ កូនថ្ងៃក្រោយទៅ នឹងក្លាយជាអ្នកនេសាទទាំងអស់។ មានតែការអប់រំទេ ដែលអាចឱ្យកុមារទាំងនោះ មានជំនាញ មានចំណេះដឹង និងអាចជៀសផុតពីការនេសាទ។» លោក ហុក សុទ្ធិ ថ្លែងដូច្នេះ។ 


 
អង្គការស៊ីប៉ា បានបង្កើតបណ្ណាល័យចល័តលើទូក ដើម្បីឱ្យកុមារនៅលើសហគមន៍បណ្ដែតទឹកតាមស្ទឹងសែន ទទួលបានការអប់រំប្រសើរជាងមុន។ បណ្ណាល័យចល័តនេះ នឹងធ្វើដំណើរទៅតាមភូមិ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បណ្ណាល័យចល័តលើទូកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំប៉នកុមារ ដើម្បីបង្ការការត្រួតថ្នាក់ និងបោះបង់ការសិក្សា។
 
លោក ហុក សុទ្ធិ បញ្ជាក់ថា ការជ្រើសយកឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដើម្បីផ្ដល់បណ្ណាល័យចល័តនេះ ព្រោះថា ឃុំផាតសណ្ដាយ មានអ្នករស់នៅលើទឹកច្រើន ដែលប្រកបរបរនេសាទ។ នារដូវប្រាំង ផ្ទះបណ្ដែតទឹករបស់សហគមន៍ នឹងកាន់តែស្ថិតនៅឆ្ងាយពីសាលារៀន។ បណ្ណាល័យចល័តនេះ នឹងផ្ដល់ការអប់រំបន្ថែមដល់ក្មេងៗនៅតាមភូមិ ដែលអាចជួយឱ្យពួកគេមានចំណេះដឹង និងអាចគេចផុតពីរបរនេសាទ៕ 
 

Tag:
 (បឹងទន្លេសាប
  ផាត់សណ្ដាយ
  ការអប់រំ)
© រក្សាសិទ្ធិដោយ thmeythmey.com