ជាតិ
បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
ក្រសួងធនធានទឹក នឹង​សង់អាងស្តុកទឹក២ទៀត ដើម្បីបញ្ចៀសទឹកជំនន់នៅភ្នំពេញ
17, Jun 2024 , 9:30 am        
រូបភាព
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម មានគម្រោងសាងសង់អាងស្តុកទឹកចំនួន២បន្ថែមទៀត ដើម្បីបញ្ចៀសទឹកជំនន់នៅភ្នំពេញ។ អាងទឹកថ្មីចំនួន២នេះ ត្រូវបានគេឱ្យឈ្មោះថា អាងទឹកស្វាហាប់ និងអាងទឹកឃ្លៀច ហើយនឹងត្រូវសាងសង់នៅភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាស រវាង កញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដូចតទៅ៖

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គម្រោងសាងសង់អាងស្តុកទឹកស្វាហាប់ និងអាងទឹកឃ្លៀច គឺដើម្បីពង្រឹងការគ្រប់គ្រងទឹកនៅភ្នំពេញ និងខេត្តជុំវិញ ពិសេសទប់ស្កាត់បញ្ហាទឹកជំនន់នារដូវវស្សា និងស្តុកទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំង។ លោកអះអាងថា គម្រោងសាងសង់អាងស្តុកទឹកបន្ថែមនេះ គឺស្ថិតក្នុងគម្រោងរៀបចំស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរ ដែលជាគោលនយោបាយរបស់ក្រសួងធនធានទឹកអាណត្តិថ្មីនេះ។
 
លោករដ្ឋមន្រ្តី​ បានលើកឡើងដូច្នេះថា៖«សម្រាប់ទីក្រុងភ្នំពេញ យើងនឹងមានគម្រោងកសាងអាងទឹក២ទៀត នៅខាងកំពង់ស្ពឺ។ សព្វថ្ងៃទីក្រុងភ្នំពេញទទួលឥទ្ធិពលទឹក មកពីស្ទឹងព្រែកត្នោត ហើយស្ទឹងព្រែកត្នោត ទទួលទឹកមកពីជួរភ្នំក្រវាញ ហើយលើភ្នំនោះមានអាងទឹក៣ ប៉ុន្តែអត់គ្រប់គ្រាន់ទេសម្រាប់បញ្ចៀស និងទុកទឹក ដូច្នេះរដ្ឋាភិបាលថ្មីបានឯកភាពរួចហើយឱ្យកសាងអាងទឹក២ទៀត»។ 
 
យ៉ាងណាក៏ដោយ ការសាងសង់អាងទឹកចំនួន២បន្ថែមទៀតនេះ គឺស្ថិតក្នុងគម្រោងនៅឡើយ ដោយមិនទាន់បើកការដ្ឋានសាងសង់នោះទេ។
 
ក្រៅពីគម្រោងសាងសង់អាងទឹក២បន្ថែម ក្រសួងធនធានទឹក ក៏កំពុងមមាញឹកស្តារប្រព័ន្ធគ្រប់គ្រងទឹកទូទាំងរាជធានី ដើម្បីបញ្ចៀសទប់ស្កាត់បញ្ហាទឹកជំនន់ជន់លិចនារដូវវស្សា។ បើគិតមកដល់បច្ចុប្បន្ន គម្រោងស្ដារប្រព័ន្ធធារាសាស្រ្តក្នុងរាជធានី សម្រេចបានជាង៧០ភាគរយហើយ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា គម្រោងស្តារប្រព័ន្ធធារាសាស្រ្តក្នុងក្រុងភ្នំពេញ ក្នុងដំណាក់កាលទី១ នឹងបញ្ចប់ត្រឹមចុងឆ្នាំ២០២៤នេះ ដើម្បីបន្តអនុវត្តដំណាក់ទី២ និងបន្តបន្ទាប់ទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com