ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្រ្តីរ៉ែ និងថាមពល រៀបចំប្រព័ន្ធគ្រប់គ្រងឧស្ម័នឱ្យបានត្រឹមត្រូវ
17, Jun 2024 , 9:34 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យលោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែ និងថាមពល រៀបចំប្រព័ន្ធគ្រប់គ្រងឧស្ម័នឱ្យបានត្រឹមត្រូវ សម្រាប់ទប់ស្កាត់ហានិភ័យផ្ទុះសំណង់អគារធំៗ។ សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ មិថុនា។



សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅតាមអគារធំៗបច្ចុប្បន្ន និងអនាគត នឹងរៀបការចំបណ្ដាញឧស្ម័ន សម្រាប់យកទៅប្រើប្រាស់ ដែលទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។ ដើម្បីងាយស្រួលទប់ស្កាត់ហានិភ័យនានា ពីការបែកធ្លាយផ្ទុះឧស្ម័ន ឬហ្គាសនេះ ប្រមុខរដ្ឋាភិបាល បានណែនាំឱ្យរដ្ឋមន្រ្តីរ៉ែ និងថាមពល រៀបចំប្រព័ន្ធគ្រប់គ្រងឧស្ម័ន នៅតាមសំណង់បណ្ដាអគារធំៗ ឱ្យបានច្បាស់លាស់។
 
«ខ្ញុំឱ្យគិតគូរពីប្រព័ន្ធអូសហ្គាសចូលក្នុងផ្ទះ ព្រោះអគារយើងថ្ងៃក្រោយ សុទ្ធតែអគារខ្ពស់ និងប្រើប្រព័ន្ធហ្គាសច្រើន ព្រោះមនុស្សថ្ងៃក្រោយលែងប្រើអុសដុតហើយ គឺប្រើហ្គាស។ អ៊ីចឹងត្រូវមានប្រព័ន្ធសុវត្ថិភាព ត្រូវគ្រប់គ្រងយ៉ាងម៉េច ព្រោះបើដាក់(រៀបចំ)មិនស្រួល ផ្ទុះមួយអគារ។ ត្រូវគិតឱ្យហើយ»។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា នៅតាមបណ្ដាប្រទេសធំៗ ដូចជាអង់គ្លេសជាដើម ក៏ធ្លាប់មានករណីផ្ទុះឧស្ម័ន ឬហ្គាសនេះ ដែលនាំឱ្យខូចខាតអគារធំៗជាច្រើនមកហើយ។
 
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្តី បានណែនាំឱ្យលោក កែវ រតនៈ រដ្ឋមន្រ្តីរ៉ែ និងថាមពល និងលោក សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សហការគ្នា ក្នុង​ការរៀបចំប្រព័ន្ធគ្រប់គ្រងអគារ តាមស្ដង់ដារ ដូចជាប្រព័ន្ធអគ្គិសនី ទឹក និងឧស្ម័នជាដើម។

ជាមួយគ្នានេះ រដ្ឋាភិបាល ក៏គ្រោងរៀបចំឱ្យមានក្រុមហ៊ុន ចែកចាយឧស្ម័ននៅតាមតំបន់នីមួយៗឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រង និងទទួលខុសត្រូវ។ ត្រង់ចំណុចនេះ សម្ដេចធិបតី បានពន្យល់ថា៖«ប្រជាពលរដ្ឋឥឡូវ ទិញហ្គាសដាក់ធុងមក ហើយកន្លែងខ្លះមានផ្ទុះធុងហ្គាស។ ប៉ុន្តែថ្ងៃក្រោយអត់(ធ្វើបែបនេះ)ទេ គឺនឹងមានក្រុមហ៊ុនមួយ ផ្គត់ផ្គង់ជាតំបន់ ដោយគាត់រៀបចំ(បណ្ដាញឧស្ម័ន) ដូចជាប្រព័ន្ធខ្សែកាបឥឡូវអ៊ីចឹង ដូចប្រព័ន្ធទឹកឥឡូវអ៊ីចឹង។ ថ្ងៃក្រោយលក់ហ្គាស គេរៀបចំទុយោ(បណ្ដាញហ្គាស)»។
 
សម្ដេច ហ៊ុន សែន បានបន្ថែមថា បើថ្ងៃក្រោយប្រតិបត្តិករលក់ឧស្ម័ន ឬហ្គាស មិនបានរៀបចំប្រព័ន្ធទាំងនេះ ឱ្យត្រូវតាមស្ដង់ដារទេនោះ វានឹងបង្កឱ្យមានហានិភ័យ។ ដូច្នេះវាទាមទារឱ្យរៀបចំប្រព័ន្ធបញ្ជូនហ្គាសតាមស្ដង់ដារ។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com