សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីភ្ញៀវទេសចរចិន ធ្វើដំណើរទៅក្រៅប្រទេសកាន់តែតិច?
17, Jun 2024 , 10:50 am        
រូបភាព
អ្នកដំណើរនៅស្ថានីយ៍រថភ្លើងក្រុងប៉េកាំង ។ រូបភាព ៖ AFP
អ្នកដំណើរនៅស្ថានីយ៍រថភ្លើងក្រុងប៉េកាំង ។ រូបភាព ៖ AFP
ភ្ញៀវទេសចរចិន កំពុងជ្រើសរើសគោលដៅក្នុងស្រុកដែលមានតម្លៃថោក ជំនួសឱ្យការធ្វើដំណើរទៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលក្នុងតំបន់ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសភាពរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

 
តាមការស្ទង់មតិដែលបានចេញផ្សាយថ្មីៗ ដោយក្រុមហ៊ុនប្រឹក្សា Oliver Wyman របស់អាម៉េរិក មានតែ ១៤ភាគរយ នៃគ្រួសារមានប្រាក់ចំណូលខ្ពស់នៅចិនប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅក្រៅប្រទេសកាលពីឆ្នាំ២០២៣ និងគ្រោងបន្តការធ្វើដំណើរនៅឆ្នាំ២០២៤។ ទាំងនេះជាបណ្តាគ្រួសាររបស់ចិនដីគោក ដែលមានប្រាក់ចំណូលយ៉ាងហោចណាស់ ៤ ១៣៥ដុល្លារ ក្នុងមួយខែ។​
 
មូលហេតុចម្បងដែលភ្ញៀវទេសចរចិន ចូលចិត្តគោលដៅក្នុងស្រុកជាង ដោយសារតែមានជម្រើសច្រើនជាងមុន ខណៈទៅក្រៅប្រទេសត្រូវចំណាយថ្លៃពេក។ នេះបើតាមសារព័ត៌មាន​ CNBC។ 
 
ការចំណាយជាមធ្យមសម្រាប់មនុស្សម្នាក់ នៃការធ្វើដំណើរមួយលើកនៅចិនដីគោក គឺតិចជាង ១៤០ដុល្លារ ខណៈការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ឬជប៉ុនមានតម្លៃរាប់រយដុល្លារ​។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Oliver Wyman ។
 
អ្នក​ទេសចរ​ទៅ​ទស្សនា​ឧទ្យាន​មួយ​កន្លែងក្នុង​ក្រុង Xinghua ខេត្ត Jiangsu ភាគ​ខាង​កើត​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៤។ រូបភាព ៖ Xinhua 

វិស័យទេសចរណ៍ក្នុងស្រុក បានក្លាយជាគោលដៅនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន បន្ទាប់ពីជំងឺរាលដាលកូវីដ-១៩។ បើតាមវេបសាយកក់សំបុត្រ Trip.com នៅឆ្នាំ២០២៣ ចំនួននៃការកក់សំបុត្រ ទៅកាន់គោលដៅជនបទនៅចិន បានកើនឡើង ២,៦ដង បើប្រៀបធៀបទៅនឹងមុនពេលមានជំងឺកូវីដ-១៩។ ការធ្វើដំណើរអន្តរជាតិ បានថយចុះបន្តិចបើធៀបនឹងកម្រិតឆ្នាំ២០១៩។ អំឡុងពេលឈប់សម្រាករយៈពេល ៥ថ្ងៃ ដើមខែឧសភា ចំនួននៃការធ្វើដំណើរក្នុងស្រុក និងប្រាក់ចំណូលបានកើនឡើង បើធៀបទៅនឹងមុនការរីករាលដាលនៃជំងឺកូវីដ-១៩។
 
សារព័ត៌មាន Bloomberg នៅថ្ងៃទី៣ ខែមិថុនា បានដកស្រង់របាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) និងក្រុមហ៊ុនវិភាគ Oxford Economics ដែលព្យាករណ៍ថា ប្រាក់ចំណូលពីភ្ញៀវទេសចរក្នុងស្រុកនៅចិន រំពឹងថានឹងកើនឡើងដល់កម្រិតដល់ ៩៣៨ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ដែលកើន ១១ភាគរយ ដែលខ្ពស់ជាងឆ្នាំ២០១៩។
 
ភ្ញៀវទេសចរចិន ជាប្រភពបង្កើតចំណូលដ៏ធំមួយ សម្រាប់វិស័យទេសចរណ៍ពិភពលោក។ យោងតាម ​​WTTC ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរចិន បានធ្វើដំណើរទៅក្រៅប្រទេសចំនួន ១៧០លាននាក់ និងបានចំណាយប្រាក់ជិត ២៤៨ពាន់លានដុល្លារដែលស្មើនឹង ១៤ភាគរយ នៃការចំណាយធ្វើដំណើរសរុបទូទាំងពិភពលោក។ យ៉ាងណាមិញ រយៈពេលនៃការដាក់ពាក្យសុំទិដ្ឋាការដ៏យូរ និងការហោះហើរអន្តរជាតិដែលមានតម្លៃកាន់តែថ្លៃ បានបង្ខំឱ្យអ្នកទេសចរចិន ធ្វើដំណើរក្នុងស្រុកទៅកាន់ទីក្រុងល្បីៗ ដើម្បីញ៉ាំអាហារតាមដងផ្លូវ ឬទៅតាមទីក្រុងតូចៗ។
 
នៅចិនដីគោក ទីក្រុងធំៗមួយចំនួន ដូចជា Yangzhou, Luoyang, Qinhuangdao, Guilin ឬ Zibo ជាកន្លែងដែលមានកំណើនលឿនបំផុត ក្នុងការកក់ដំណើរទេសចរណ៍អំឡុងថ្ងៃឈប់សម្រាក នាដើមខែឧសភា។ 
 
ទិដ្ឋភាព​នៃ​ការ​តាំង​ពិព័រណ៍​បុណ្យ​និទាឃរដូវ​ នៅ​មាត់​ទន្លេ​លឿង​ក្នុង​ក្រុង Lanzhou រាជធានី​នៃ​ខេត្ត Gansu ភាគ​ពាយ័ព្យ​ប្រទេស​ចិន។ រូបភាព ៖ Xinhua 

យោងតាមសារព័ត៌មាន ​​CNBC រដ្ឋាភិបាលក្នុងតំបន់នៅខាងក្រៅទីក្រុងសំខាន់ៗរបស់ចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរជាចម្បង តាមរយៈបណ្តាញសង្គម។ មន្ត្រីខេត្តក្វាងស៊ី កាលពីខែឧសភាបាននិយាយថា វីដេអូផ្សព្វផ្សាយទេសចរណ៍ នៅលើកម្មវិធីបណ្តាញសង្គមដូចជា Douyin និង Xiaohongshu មានការចូលមើលរាប់​លាន​ដង។
 
ទន្ទឹមនេះ ភ្ញៀវទេសចរចិនជាច្រើន បានសម្រុកទៅកាន់ទីប្រជុំជន Zibo ក្នុងខេត្ត Shandong បន្ទាប់ពីមានការចែករំលែកលើបណ្តាញសង្គម អំពីសាច់អាំងក្នុងស្រុកដ៏ឆ្ងាញ់ល្បីល្បាញកាលពីឆ្នាំមុន។ លើសពីនេះ ភ្ញៀវទេសចរ ៣លាននាក់ បានទៅទីក្រុង Harbin ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដើម្បីអបអរពិធីបុណ្យបង្ហោះគោម និងទំនៀមទម្លាប់ភាគខាងជើងតែមួយ​គត់ ដែលល្បីល្បាញនៅលើបណ្តាញសង្គមពីមុន។ ក្រៅពីនេះ ក៏មានកម្មវិធីទូរទស្សន៍ ដែលចាក់បញ្ចាំងជាហូរហែ ដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចរណ៍។
 
យោងតាមទិន្នន័យពី Trip.com នៅក្នុងត្រីមាសទី១ ការកក់ជើងហោះហើរក្នុងស្រុកបានកើនឡើង ៣០ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ Trip.com បានឲ្យដឹងថា ការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយនៅក្នុងខេត្តជាច្រើន មានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យស្វែងរកគោលដៅចម្រុះដែលពួកគេចង់ទៅកម្សាន្ត៕ 
 

Tag:
 ចិន
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com