ជាតិ
មេដឹកនាំកម្ពុជា និងសិង្ហបុរី នឹងពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិ ដែលប្រយោជន៍ និងក្តីបារម្ភរួម
17, Jun 2024 , 2:57 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងដឹកនាំប្រតិភូ ទៅទស្សនកិច្ចប្រទេសសិង្ហបុរី នាថ្ងៃទី១៨ -១៩ មិថុនា។ ក្នុងដំណើរទស្សនកិច្ចមេដឹកនាំកម្ពុជា និងសិង្ហបុរី នឹងពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិ ដែលប្រយោជន៍ និងក្តីបារម្ភរួម។



សម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាគ្នាជាមួយលោក ឡូរ៉េន វ៉ុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដើម្បីផ្លាស់ប្ដូរទស្សនៈ និងយោបល់ អំពីមធ្យោបាយនានា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ភាគីទាំងពីរ ក៏គ្រោងប្រារព្វខួបលើកទី៦០ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ។
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី១៧ មិថុនា បានបញ្ជាក់ដូច្នេះ៖«នាយករដ្ឋមន្រ្តីទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាពីបញ្ហាតំបន់ និងអន្តរជាតិ ដែលប្រយោជន៍ និងក្តីបារម្ភរួម»។
 
ក្រោយបញ្ចប់កិច្ចពិភាក្សាគ្នានេះ ភាគីទាំងពីរ នឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ នឹងត្រូវដាក់ឱ្យដំណើការជាផ្លូវការផងដែរ។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏មានជំនួបដោយឡែកជាមួយលោក ថាមែន ស្ហ្សានម៉ូហ្គាវ៉ាតណាម ប្រធានាធិបតី និងលោក លី សៀនឡុង ទេសរដ្ឋមន្ត្រីសិង្ហបុរីទៀតផង។ ក្រៅពីជំនួបទាំងនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងចូលរួមវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានវត្តមានតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្ដេច ក៏ទស្សនកិច្ចវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនុវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងបច្ចេកទេស។
 
ប្រតិភូអមដំណើរនាយករដ្ឋមន្រ្តី មានលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្រ្តី មន្ត្រីសំខាន់ៗ និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូបទៀត៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com