កីឡាជាតិ
ជាតិ
ជ័យជម្នះ ធន់ រិទ្ធី លើ សៃ យុគ ធ្វើឲ្យអ្នកគាំទ្រ បន្ថយពាក្យរិះគន់
17, Jun 2024 , 3:59 pm        
រូបភាព
ធន់ រិទ្ធី របួសមុខច្រើន ក្នុងការប្រកួតជាមួយ សៃ យុគ ក្នុងព្រឹត្តិការណ៍ The Battle of King វគ្គ២ នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។។ រូបពី Seng Moliny Keylar
ធន់ រិទ្ធី របួសមុខច្រើន ក្នុងការប្រកួតជាមួយ សៃ យុគ ក្នុងព្រឹត្តិការណ៍ The Battle of King វគ្គ២ នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។។ រូបពី Seng Moliny Keylar
កីឡាករ ធន់ រិទ្ធី អ្នកលេងអំបោះឆៅកម្ពុជា បានយកឈ្នះ សៃ យុគ កីឡាករថៃ ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍ The Battle of King វគ្គ២ នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ធន់ រិទ្ធី បានវាយប្ដូរដៃចុះឡើងជាមួយ សៃ យុគ នាំទិដ្ឋភាព ប្រកួតនោះ ទាក់ទាញ់ និងធ្វើឲ្យអ្នកគាំទ្រពេញចិត្តចំពោះ ធន់ រិទ្ធី។



ធន់ រិទ្ធី ធ្លាប់ត្រូវបានអ្នកគាំទ្រប្រដាល់កម្ពុជាជាច្រើន រិះគន់ និងដាក់រហស្សនាមថា«ថយរត់ធី» បន្ទាប់ពីរូបគេ បានប្រកួតស្មើជាមួយ សៃ យុគ​ នាជំនួបទី២ កាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ អ្នកគាំទ្រទាំងនោះ មិនពេញចិត្តចំពោះ ធន់ រិទ្ធី ដោយសារតែ កីឡាករកម្ពុជារូបនេះ ព្យាយាមថយ និងរត់គេចពីការវាយរបស់ សៃ យុគ ច្រើនពេក។
 
ដោយឡែក ធន់ រិទ្ធី បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញសារជាថ្មី បន្ទាប់ពីយកឈ្នះ សៃ យុគ ដោយពិន្ទុ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងសិរីសោភ័ណ្ឌ។ ក្នុងជំនួបលើកទី៣ ជាមួយ សៃ យុគ កីឡាករ ធន់ រិទ្ធី បានវាយប្ដូរដៃ និងវាយចូលគូប្រកួតជាច្រើនលើក។
  
កីឡាករ ធន់ រិទ្ធី ថតរូបជាមួយ សៃ យុគ ក្រោយប្រកួតចប់ រូបពី Seng Moliny Keylar

ទឹកទី១ កីឡាករទាំង២ មិនសូវជាប្ដូរដៃគ្នាប៉ុន្មានឡើយ ព្រោះពួកគេ ដូចជានៅតេស្ដសមត្ថភាព និងបច្ចេកទេសគ្នា។ លុះរំលងបាន១នាទី នៃទឹកទី២ សៃ យុគ បានវាយមួយកែងចូលពេញផ្ទៃមុខ ធន់ រិទ្ធី ធ្វើឲ្យអាជ្ញាកណ្ដាលរាប់កីឡាករកម្ពុជារូបនេះ ភ្លាមៗ។ នៅក្នុងទឹកទី២ ដដែលនេះ ធន់ រិទ្ធី បានវាយមួយដៃចំមុខ កីឡាករថៃនេះ ឲ្យអស់ជំហរ ហើយត្រូវអាជ្ញាកណ្ដាលរាប់ ផងដែរ។ ចូលដល់ទឹកទី៣ សៃ យុគ វាយសម្រុកយ៉ាងខ្លាំង ខណៈ ធន រិទ្ធី ថយក្រោយយកដេប៉ា ហើយវាយបកចុះឡើង។ អ្នកលេងអំបោះឆៅកម្ពុជា វាយចូលមុខច្រើនជាង ដែលជាហេតុធ្វើឲ្យមានពិន្ទុ ឈ្នះ សៃ យុគ។ ចប់ការប្រកួត ៣ទឹក ក្នុង១ទឹក៣នាទី ធន់ រិទ្ធី ឈ្នះ សៃ យុគ ដោយពិន្ទុ។
 
យោងទៅលើវីដេអូផ្សាយរបស់សេងម៉ូលីនីកីឡា លោក ធន់ សុភា គ្រូបង្វឹករបស់ ធន់ រិទ្ធី បាននិយាយថា សមត្ថភាពសិស្សរបស់ខ្លួន កើនឡើងទ្វេដង ទើបធ្វើឲ្យការប្រកួតនេះ មានវាយទៅវាយមក។ គ្រូបង្វឹករូបនេះ យល់ថាការប្រកួតរវាងកីឡាករខ្លាំងទាំង២ ធ្វើឲ្យការរង់ចាំទស្សនារបស់អ្នកគាំទ្រ មិនខកចិត្ត។
 
«សមត្ថភាពរបស់គាត់ឡើងទ្វេដង ព្រោះវាយចូលដូចគ្នា។ វាយអំបោះឆៅ គឺកាចណាស់ ហើយពួកគាត់វាយចូលដូចគ្នា។ ការប្រកួតនេះល្អ គឺល្អទាំង សៃ យុគ និង ធន់ រិទ្ធី។ ចាញ់-ឈ្នះ ខ្ញុំអត់សំខាន់ទេ សំខាន់បំផុតគឺកូនសិស្សធ្វើបានល្អ។ ទោះចាញ់ក៏ដោយ ប៉ុន្ដែកូនសិស្ស ធ្វើបានល្អ ក៏ខ្ញុំសប្បាយចិត្ត ហើយបើឈ្នះទៀត យើងកាន់តែសប្បាយចិត្ត សំខាន់បំផុតវាយឲ្យអស់ពីសមត្ថភាព។ បងប្អូនអ្នកគាំទ្រ ព្យាយាមអង្គុយមើលយើងដល់ម៉ោង ១២យប់ ហើយយើងទៅប្រកួតអត់អស់សមត្ថភាព គឺគាត់ខូចទឹកចិត្ត។»។ លោក ធន់ សុភា បាននិយាយដូច្នេះ៕

Tag:
 ប្រដាល់
  ប្រដាល់គុនខ្មែរ
  ធន់ រិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com