ជាតិ
សម្តេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធររាជធានីភ្នំពេញ ​បង្កើន«ចំណតយានយន្ត​ក្រោមដី»​
17, Jun 2024 , 4:29 pm        
រូបភាព
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាព​រៀប​ចំ និង​បង្កើន​«ចំណត​យានយន្តក្រោមដី» ឱ្យបានកាន់តែច្រើនដើម្បី​កាត់បន្ថយការស្ទះ​ចរាចរណ៍​។ បើតាមប្រមុខ​រាជ​រដ្ឋា​ភិបាល ការបង្កើន«ចំណតយានយន្តក្រោមដី» អាចធ្វើ​ទៅបាន ដោយ​ចាប់ផ្តើមនៅ​ទីតាំង​សួនច្បារសាធារណៈនានា ដែលនឹងអាចកាត់​បន្ថយ​ការចត​យានយន្តនៅលើ​ចិញ្ចើមផ្លូវ បង្កឱ្យស្ទះចរាចរណ៍។

​ 
«បើថា ចតនៅលើផ្លូវ វាស្ទះ! ធ្វើ(ចំណត)ក្រោមសួនច្បារយើង។ នៅភ្នំពេញ យើងមានសួរ​ច្បារច្រើន។ ធ្វើ Parking (ចំណត) ក្រោម(សួនច្បារ)ហ្នឹង ដើម្បីយើងរុញចូលទៅក្រោម»។ នេះបើតាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋាន​សាង​សង់​ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វនៃផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិ​លេខ២ នៅព្រឹក​ថ្ងៃទី១៧ ខែមិថុនានេះ។
 
ក្រៅពីបំណងបង្កើន​ «ចំណតយានយន្តក្រោមដី» ដែលជាផ្នែកមួយនៃដំណោះស្រាយ បញ្ហា​កកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ  សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​ជំរុញ​ឱ្យ​​ក្រសួងរៀបចំដែន​ដី, ក្រសួងសាធារណការ ​និងរដ្ឋបាលរាជធានី​ភ្នំពេញ ​​រួមគ្នា​​​​ច្នៃប្រ​ឌិត លើ​ការប្រើប្រាស់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធផ្លូវ​គមនាគមន៍ និង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ដែលមានស្រាប់ ឱ្យ​​​អស់លទ្ធភាព។ 
 
សម្រាប់ សម្តេច នាយករដ្ឋមន្ត្រី មធ្យោបាយទាំងនោះ អាចជាការច្នៃប្រឌិតលើទិសដៅ និង​រៀបចំលំហូរចរាចរណ៍ ក៏ដូចជាការពង្រីកខ្សែរថយន្តក្រុងសាធារណៈជាដើម ដ្បិតថា​ផ្លូវមួយចំនួនធំនៅកណ្តាល​រាជធានី​ភ្នំពេញ ពុំអាចពង្រីកបានទៀតនោះទេ។ សម្តេច ហ៊ុន ម៉ា​ណែត បន្ថែមថា៖ «ឥឡូវនៅក្នុងក្រុងរបស់យើង យើងមានផ្លូវប៉ុណ្ណឹង ពង្រីកសឹង​តែអស់ហើយ។ កន្លែងខ្លះ ពង្រីកសឹងអស់ចិញ្ចើម(ផ្លូវ)ហើយ មិនអាចពង្រីកទៀតទេ។ អ៊ីចឹងមានតែខិតខំរៀបចំ លំហូរ(ចរាចរណ៍) ឱ្យបានល្អ»។
 
ក្រៅពីជំរុញឱ្យស្ថាប័នពាក់ព័ណ្ធរួមគ្នា​ដោះស្រាយបញ្ហាកក​ស្ទះច​រាចរណ៍ ប្រមុខរដ្ឋាភិបាល ក៏ស្វាគមន៍ការវិនិយោគវិស័យឯកជន លើការសាងសង់ចំណតយានយន្តបែបទំនើបផង​ដែរ។ ​សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការរួមគ្នាដោះស្រាយបញ្ហាចំណតយានយន្ត​នេះ នឹងរួមចំណែក​យ៉ាងធំធេង ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងការកាត់​បន្ថយ​ភាពចង្អៀនណែន​នៃចរាចរណ៍ នៅក្នុងទីក្រុងភ្នំពេញ ដែលមានពលរដ្ឋប្រមាណ៣​លាននាក់រស់នៅនេះ។
 
បច្ចុប្បន្ន​រាជធានីភ្នំពេញ មានចំណតយានយន្តក្រោមដី ២កន្លែងហើយដែលកំពុងតែដំណើរការ ដោយ១កន្លែង គឺក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនៈ​ និងមួយទីតាំង​ទៀត នៅក្រោមសួនច្បារមិត្តភាពកម្ពុជា-ថៃ ត្រង់​ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com