កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ រូម៉ានីឈ្នះការប្រកួតលើអ៊ុយក្រែន ជាការឈ្នះលើកទី២ ប្រចាំប្រវត្តិសាស្ត្រ
17, Jun 2024 , 11:14 pm        
រូបភាព
ក្រុមជម្រើសជាតិរូម៉ានី បង្កើតប្រវត្តិសាស្ត្រខ្លួនជាថ្មី ដោយការប្រកួតបើកឆាកពូល E ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 លើក្រុមអ៊ុយក្រែន លទ្ធផល ៣-០ នាថ្ងៃទី១៧ ខែមិថុនា ក្នុងកីឡដ្ឋាន Allianz Arena ទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ រូម៉ានី រកបានជ័យជម្នះជាលើកទី២ ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ Euro នៅក្នុងការបង្ហាញខ្លួនលើកទី៦ របស់ខ្លួន។


គ្រាប់បាល់ដំបូងកើតឡើងពីការស៊ុតរបស់កីឡាករ Nicolas Stanciu ប្រធានក្រុមរូម៉ានី នៅនាទី២៩ ក្នុងវគ្គទីមួយ បន្ទាប់មកកីឡាករ Razvan Marin ស៊ុតគ្រាប់ទី២ នៅនាទី៥៣ និងគ្រាប់ជ័យជម្នះទី៣ ធ្វើបានដោយកីឡាករ Denis Dragus នាទី៥៧។ រូម៉ានី បង្កើតប្រវត្តិសាស្ត្រ ដោយការឈ្នះលើអ៊ុយក្រែន គឺជាការឈ្នះជាលើកទី២ ប្រចាំប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២៤ ដែលជាការបង្ហាញខ្លួនលើកទី៦។ 
 
រូម៉ានី ធ្លាប់ឈ្នះការប្រកួត ១លើក កាលពីឆ្នាំ ២០០០ ដោយកាលនោះពួកគេបានឈ្នះលើក្រុមខ្លាំងអង់គ្លេស នឹងធ្វើឱ្យអង់គ្លេសខកចិត្តធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល។ រូម៉ានី ធ្លាប់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ១៩៨៤, ១៩៩៦, ២០០០, ២០០៨, ២០១៦ និងឆ្នាំ ២០២៤ នេះ។
 
ការឡើងមកកាន់ការប្រកួតក្នុងឆ្នាំ ២០២៤ រូម៉ានី រកបានជ័យជម្នះជាលើកទី២ ថែមទាំងទៀត នៅក្នុងការបង្ហាញខ្លួនលើកដំបូងរយៈពេល ៨ឆ្នាំ ក្រោយខកខានតាំងពីឆ្នាំ ២០១៦ មក ដែលកាលនោះ បារាំងធ្វើម្ចាស់ផ្ទះ។ 
 
យ៉ាងណាជ័យជម្នះរបស់រូម៉ានី លើអ៊ុយក្រែន មិនមែនជារឿងដែលចម្លែកឡើយ ដោយរូម៉ានី ធ្លាប់បានបង្ហាញខ្លួននៅការប្រកួតវគ្គជម្រុះក្នុងតំបន់បានយ៉ាងល្អ ដោយពួកគេឡើងមកកាន់ជុំចុងក្រោយ ក្នុងនាមជាក្រុមដែលឈរកំពូលតារាងពូល I ឆ្លងកាត់ការប្រកួតមិនដែលចាញ់សោះ។ ចំណែកអ៊ុយក្រែន ឡើងមកកាន់ការប្រកួតទាំងត្រដាបត្រដួស ដោយពួកគេបានត្រឹមជាក្រុមចំណាត់ថ្នាក់លេខ ៣ កាលពីវគ្គជម្រុះ ហើយឈ្នះការប្រកួតវគ្គ Playoffs ចំនួន ២លើក ដើម្បីបន្តដង្ហើមធ្វើដំណើរមកកាន់ប្រទេសអាល្លឺម៉ង់។
 
ការប្រកួតបន្ទាប់ រ៉ូម៉ានី នឹងត្រូវទៅជួបក្រុមបែលហ្ស៊ិក នៅថ្ងៃទី២៣ ខែមិថុនា ខណៈដែលក្រុមអ៊ុយក្រែន បន្តទៅជួបក្រុមស្លូវ៉ាគី នៅថ្ងៃទី២១ ខែមិថុនា ជំនួបពូល E៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com