នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសនេះបានសម្រេចចិត្តដាក់ពាក្យចូលរួមប្លុក BRICS ហើយនឹងចាប់ផ្តើមដំណើរការបំពេញពាក្យសុំចូលជាសមាជិកនាពេលឆាប់ៗនេះ។
ក្រៅពីថៃដែលបង្ហាញបំណងចូលរួមជាមួយក្រុមប្រទេស BRICS ម៉ាឡេស៊ីក៏មានចេតនាក្លាយជាសមាជិកមួយដែរ។ នាយករដ្ឋមន្រ្តីប្រទេសនេះ នៅថ្ងៃទី១៧ ខែមិថុនា ប្រកាសពីការដាក់ពាក្យចូលរួមរួចហើយ។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានចិន Guancha លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ៖« យើងបានធ្វើគោលនយោបាយរបស់យើងច្បាស់លាស់ ហើយយើងបានធ្វើការសម្រេចចិត្ត។ យើងនឹងចាប់ផ្តើមដំណើរការផ្លូវការក្នុងពេលឆាប់ៗនេះ។ យើងកំពុងរង់ចាំលទ្ធផលចុងក្រោយ និងមតិកែលម្អពីរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគូឡាឡាំពួមានអារម្មណ៍ «ធូរស្រាល» ដែលឃើញពិភពលោកលែងមានតំបន់ប៉ូលតែមួយទៀតហើយ។ ផ្ទុយទៅវិញ ការកើនឡើងឥទ្ធិពលនៃក្រុម BRICS និងជាពិសេសចិនបានផ្តល់ក្តីសង្ឃឹមតិចៗ ថានៅតែមានការត្រួតពិនិត្យ និងរក្សាតុល្យភាពនៅក្នុងពិភពលោក។
លោក អាន់វ៉ា សង្កត់ធ្ងន់ថា លោកខាងលិចចង់គ្រប់គ្រងការសន្ទនានៅក្នុងពិភពលោក។ ទោះជាយ៉ាងណា ម៉ាឡេស៊ីមិនអាចបន្តទទួលយកបានទេ ព្រោះលោកខាងលិចលែងជាមហាអំណាចអាណានិគមទៀតហើយ។ ប្រទេសឯករាជ្យគួរតែមានសេរីភាពក្នុងការបញ្ចេញមតិ។
ការសម្រេចចិត្តរបស់ម៉ាឡេស៊ីត្រូវបានប្រកាសតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានផ្ញើរលិខិតទៅសមភាគីរុស្ស៊ីរបស់លោក Sergey Lavrov នូវពាក្យសុំចូលជាសមាជិក BRICS កាលពីថ្ងៃទី១១ ខែមិថុនា។
ការណ៍នេះ អាចធ្វើឱ្យថៃក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលដាក់ពាក្យជាផ្លូវការដើម្បីចូលរួមក្នុងប្លុក BRICS ហើយទំនងជានឹងក្លាយជាសមាជិកអាស៊ានដំបូងគេនៃក្រុមនេះដែរ។
ក្រុម BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយយកឈ្មោះចេញពីអក្សរដំបូងរបស់ប្រទេសជាសមាជិកទាំង ៥ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអាមីរ៉ាតអារ៉ាប់រួម បានចូលរួមជាផ្លូវការក្នុងប្លុកនេះ។ ការពង្រីកក្រុម BRICS នឹងធ្វើឲ្យប្លុកនេះមាន ៣៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបើផ្អែកលើភាពស្មើគ្នានៃអំណាចទិញ (PPP) និង៤៦ភាគរយនៃចំនួនប្រជាជនពិភពលោក៕