កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូហុងគ្រី សង្ឃឹម Adam ដែលរងការរិះគន់ នឹងរកគ្រាប់បាន ដើម្បីបិទមាត់អ្នកចំអក
19, Jun 2024 , 3:18 pm        
រូបភាព
លោក Marco Rossi គ្រូបង្វឹកក្រុមហុងគ្រី រំពឹង Martin Adam នឹងរកបានគ្រាប់ស៊ុតបញ្ចូលទីក្នុងការប្រកួតជើងឯកអឺរ៉ុប UEFA Euro 2024 ដើម្បីឆ្លើយតបទៅកាន់អ្នកចំអកថារូបគេមិនសមជាកីឡាករបាល់ទាត់ ដោយសាររូបរាងធាត់ និងដុះក្បាលពោះ។



Adam ខ្សែ​ប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ទទួល​បាន​ការ​ចាប់​អារម្មណ៍ និងចំអក​ពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនៅអាល្លឺម៉ង់ នៅពេលរូបគេបង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ទល់​ស៊្វីស ជាមួយ​នឹង​រូប​រាង​ធាត់ និង​ដុះក្បាល​ពោះ​ធំ។
 
បង្ហាញខ្លួនលើទីលាន អ្នកគាំទ្រជាច្រើនបានស្រែកចំអកឱ្យ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ដែលមានកម្ពស់ ១៩១សង់ទីម៉ែត្រ និងទម្ងន់ជិត៩០គីឡូក្រមរូបនេះ ជាកីឡាករលើសទម្ងន់។ នៅក្រោយបញ្ចប់ការប្រកួត មានអ្នកគាំទ្រម្នាក់ ​បញ្ចេញ​មតិ​ថា​ Adam ទំនងជាកីឡាករចូលចិត្ត​​ផឹកស្រាច្រើនទើបមានរូបរាងធាត់បែបនេះ​។ អ្នកខ្លះទៀតចំអកថា កាយសម្បទារបស់ Adam ស័ក្តិសមជាកីឡាករចំបាប់ ឬបាល់ឱប ជាងបាល់ទាត់។
 
បើទោះ Adam សមាជិកក្រុម Ulsan Huyndai នៃលីគកំពូលកូរ៉េខាងត្បូង មិនខ្វល់ ចំពោះការ​ចំអក​ និងការ​បញ្ចេញ​មតិ​បែបអវិជ្ជមានលើបណ្តាញសង្គមយ៉ាងច្រើនចំពោះខ្លួនក្តី ប៉ុន្តែ​គ្រូបង្វឹកហុងគ្រីលោក​ Rossi យល់ឃើញថាសកម្មភាព និងទង្វើបែបនេះ ​មិន​សមកើតឡើង និងមិនអាច​ទទួល​យក​បាន​ឡើយ។
 
គ្រូបង្វឹកសញ្ញាតិអ៊ីតាលីរៀបរាប់ក្នុងសន្និសីទកាសែតមុនជំនួបអាល្លឺម៉ង់ និងហុងគ្រីថា៖ «រូបភាព និងការបញ្ចេចមតិមិនសមជាច្រើនលើ Adam ក្នុងអ៊ីនធឺណិត។ ពួកគធ្វើឱ្យកីឡាករអន់ចិត្ត និងមិនអាចទទួលយកបាន។ នោះជាការមិនគោរពរបស់អ្នកគាំទ្រ។ រាងកាយរបស់គាត់ធំ និងធាត់ គឺកើតឡើងតាំងពីកំណើត។ ខ្ញុំសង្ឃឹមថា គាត់នឹងស៊ុតបញ្ចូលទីនៅជើងឯកទ្វីបអឺរ៉ុបនេះ ដើម្បីបិទមាត់អ្នកចំអក»។
 
លោក Rossi នឹងត្រូវដឹកនាំហុងគ្រី តទល់ម្ចាស់ផ្ទះអាល្លឺម៉ង់ សម្រាប់ជំនួបទី២ ក្នុងពូល A នៅថ្ងៃទី១៩ ខែមិថុនា វេលាម៉ោង ១១យប់ [ម៉ោងនៅកម្ពុជា]។ ជំនួបដំបូង ហុងគ្រីចាញ់ ស្វ៊ីស ៣-១ ស្របពេលអាល្លឺម៉ង់ ឈ្នះស្កុតឡែន ៥-១៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com