ជាតិ
ទុរេននាំចូលពីប្រទេសជិតខាង ត្រូវបានរកឃើញជ្រលក់សារធាតុម៉្យាង ដែលសង្ស័យប៉ះពាល់សុខភាព
21, Jun 2024 , 2:29 pm        
រូបភាព
ផ្លែទុរេននាំចូលពីក្រៅប្រទេសមួយចំនួន ត្រូវបានរកឃើញជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា។



នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអំពីករណី ឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាងដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មាននេះ មន្រ្តីជំនាញ ក.ប.ប. បានចុះស៊ើបអង្កេតបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួនក្នុងប្រទេសកម្ពុជា។
 
នៅពេលមន្ត្រីជំនាញចុះអង្កេតស្រាវជ្រាវនេះ អាជីវករភាគច្រើន បានអះអាងថា ផ្លែទុរេនដែលពួកគេដាក់លក់ គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត កំពង់ចាម បាត់ដំបង ត្បូងឃ្មុំ ជាដើម។ ប៉ុន្តែតាមលទ្ធផលស្រាវជ្រាវជាក់ស្ដែង បានបង្ហាញថា ផ្លែទុរេនមួយចំនួន បាននាំចូលពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែន។

លើសពីនេះ ក.ប.ប. ក៏រកឃើញថា ផ្លែទុរេននាំចូលទាំងនោះ ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណ និងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។
 
ជុំវិញករណីនេះ ក.ប.ប. នឹងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុនោះ។ ស្ថាប័នចំណុះឱ្យក្រសួងពាណិជ្ជកម្មមួយនេះ បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកប អាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕ 
 

Tag:
 ទុរេន
  ក.ប.ប.
© រក្សាសិទ្ធិដោយ thmeythmey.com