កីឡាអន្តរជាតិ
អន្តរជាតិ
អុីតាលី ឡើងទៅវគ្គខ្វែង ឯក្រូអាស៊ីសល់ឱកាសលេខ៣ល្អ និងអាល់បានី អស់ការប្រកួត
25, Jun 2024 , 10:19 am        
រូបភាព
គ្រាប់បាល់តាមស្មើនៅចុងម៉ោងរបស់ Mattia Zaccagni ជួយម្ចាស់ការពារជើងឯកអ៊ីតាលីតាមស្មើក្រូអាស៊ី ១-១ ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ EUFA Euro 2024។ អាល់បានីហាលអាវ បន្ទាប់ចាញ់អេស្ប៉ាញ ១-០ នៅជំនួបចុងក្រោយពូល B ស្របពេលក្រូអាស៊ីសល់ឱកាសតិចតួចបំផុតក្នុងការប្រជែងយកលេខ៣ល្អ។



ប្រធានក្រុមក្រូអាស៊ី Luka Modric រកបានគ្រាប់នាំមុខនៅនាទី៥៥ បន្ទាប់ពីទាត់បាល់ពិន័យ១១ម៉ែត្រមិនចូលនៅនាទី៥៤។ ក្រោយការនាំមុខ១គ្រាប់ អ៊ីតាលីដែលត្រូវការត្រឹមស្មើនៅជំនួបចុងក្រោយពូល B នេះ បង្កើនការវាយសម្រុកលើក្រូអាស៊ីវិញរហូតធ្វើបានសម្រេចនៅនាទី៩០+៨ ដោយ Zaccagni ដែលទើបផ្លាស់ប្តូរចូលនៅចុងវគ្គទី២។
 
លទ្ធផលស្មើ ១-១ បានជួយក្រុមម្ចាស់ការពារជើងឯកកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ស្របពេលក្រូអាស៊ីសល់ត្រឹមសោកស្តាយដ្បិតសល់ឱកាសតិចតួចអ៊ុតលេខ៣ល្អ ដើម្បីឆ្លងផុតវគ្គចែកពូលក្នុងព្រឹត្តិការណ៍អឺរ៉ុបឆ្នាំ២០២៤ នៅអាល្លឺម៉ង់។ អ៊ីតាលីដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ពូល B មាន៤ពិន្ទុ ត្រូវបន្តទៅជួបស្វ៊ីសនៅវគ្គ១៦ក្រុមចុងក្រោយ។
  


ដោយឡែកអេស្ប៉ាញ មិនបន្ធូដៃឱ្យអាល់បានី នៅជំនួបចុងក្រោយពូល B ឡើយ ទោះខ្លួនឈានទៅវគ្គខ្វែងស្វ័យប្រវត្តិក៏ដោយ។ Ferran Torres ជាអ្នកសម្រេចទីជ័យជម្នះឱ្យអេស្ប៉ាញយកឈ្នះអាល់បានទី ១-០ ដោយលទ្ធផលនេះជួយក្រុមរបស់គ្រូបង្វឹកលោក Luis de la Fuente ឈរកំពូលតារាង មាន៩ពិន្ទុពេញ។ អេស្ប៉ាញ រង់ចាំជួបក្រុមលេខ៣ល្អ អាចពីពូល D,E ឬពូល F នៅវគ្គ១៦ក្រុមចុងក្រោយ។ 
 
មកទល់ពេលនេះគេរកឃើញក្រុមដែលបានបន្តទៅវគ្គខ្វែងមានម្ចាស់ផ្ទះអាល្លឺម៉ង់ បារាំង ហូឡង់ អង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ ស្វ៊ីស និងអ៊ីតាលី ស្របពេលក្រុមហាលអាវផ្លូវការមានស្កុតឡែន ប៉ូឡូញ និងអាល់បានី៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com