កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ អូទ្រីស ចាប់ដៃបារាំង ឡើងវគ្គ ១៦ក្រុម ឯហូឡង់លេខ ៣ ល្អ ភាគរយខ្ពស់ជាងគេ
26, Jun 2024 , 1:02 am        
រូបភាព
ជំនួបការប្រកួតពានរង្វាន់ Euro 2024 ក្នុងពូល D បានបញ្ចប់ការប្រកួតទាំងស្រុង ដោយក្រុមជម្រើសជាតិអូទ្រីស យកឈ្នះហូឡង់ ឈរតំណែងលេខ១ កំពូលតារាងទៅកាន់វគ្គ ១៦ក្រុម ដោយដឹកដៃក្រុមបារាំង ដែលនៅលេខ ២ ក្រោយស្មើប៉ូឡូញ ១-១។ ហូឡង់ ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៤ពិន្ទុ នឹងឈរជាក្រុមលេខ ៣ល្អ មានភាគរយខ្ពស់ជាងគេ ចំណោម ៤ក្រុម។



ការប្រកួតក្នុងកីឡដ្ឋាន Iduna Park ទោះបីជាប៉ូឡូញ ជាក្រុមធ្លាក់ចេញពីការប្រកួតដំបូងគេក៏ដោយក្តី ប៉ុន្តែកីឡា គឺត្រូវតែផ្តល់គ្រប់យ៉ាងនៅរាល់ការប្រកួត។ បារាំង ក្នុងការប្រកួតទល់ប៉ូឡូញ នៅតែបង្ហាញទម្រង់លេងសម្រុកដោយសន្សឹមៗចិត្តត្រជាក់ ដើម្បីគ្រប់គ្រងបាល់បានច្រើនលើគូប្រកួត និងព្យាយាមស្វែងរកគ្រាប់បាល់ ប៉ុន្តែពីដើមវគ្គទី១ រហូតដល់ពាក់កណ្តាលវគ្គ បារាំងគ្មានសំណាង។ ការប្រកួតក្នុងវគ្គទីមួយ បារាំងបានត្រឹមមានលទ្ធផល ០-០ ទល់ប៉ូឡូញ។
 
យ៉ាងណាក៏ដោយ បារាំងមានឱកាស ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅក្នុងវគ្គទីពីរ កើតចេញពីការបង្កកំហុងរបស់ខ្សែការពារប៉ូឡូញ ប៉ះទង្គិចទៅលើកីឡាករ Ousmane Dembele ធ្វើឱ្យខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នកសម្រេចសំណាញ់ទីបើកការនាំមុខ មុននៅនាទី៥៦។ Mbappe រកបានគ្រាប់បាល់ដំបូងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ក្រោយសម្រេចបាល់ពិន័យ ១១ម៉ែត្រ។ បារាំងនាំមុខ តែបង្កកំហុសឡើងវិញ ប៉ះទង្គិចកីឡាករប៉ូឡូញក្នុងប្រអប់គ្រោះថ្នាក់ រហូតធ្វើឱ្យខ្សែប្រយុទ្ធ Robert Lewandowski ស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមស្មើ ១-១ មកវិញ នៅនាទី៧៩។ 
 
បារាំងហាក់មិនមានសំណាងនៅតំបន់ប្រយុទ្ធ ដោយបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១ ដើម្បីឡើងវគ្គបន្តត្រឹមតំណែងលេខ ២។
 
ការប្រកួតនៅកីឡដ្ឋាន Olympia វិញ ហូឡង់ជាមួយនឹងអូទ្រីស មានគ្រាប់បាល់កើតឡើងរហូតដល់ទៅ ៥គ្រាប់ ដោយក្នុងការប្រកួតនោះ កីឡាករហូឡង់ ៣នាក់ ទៅហើយដែលរកបានគ្រាប់បាល់ នៅក្នុងការប្រកួតអូទ្រីសយកឈ្នះ។ 
 
អូទ្រីសមានឱកាសនាំមុនតាំងតែនាទី៦ ដោយកីឡាករ Donyell Malen ភ្លាត់ស្នៀតធ្វើឱ្យចូលទីខ្លួនឯង ១គ្រាប់ ដើមវគ្គទី១។ ចូលវគ្គទី២ ខ្សែប្រយុទ្ធ Cody Gakpo រកបានគ្រាប់បាល់តាមស្មើមកវិញ ១-១ នៅដើមវគ្គតែម្តង នាទី៤៧។ ការប្រកួតរវាងហូឡង់ និងអូទ្រីស មានគ្រាប់បាល់កើតឡើងច្រើន ខណៈក្រុមសងខាងសម្រុកគ្នាខ្លាំងមិនបន្ធូរបន្ថយថ្វីជើងឡើយ។
 
អូទ្រីស បន្តធ្វើបានល្អក្នុងវគ្គទី២ ដោយពួកគេបន្តរកគ្រាប់នាំមុខទី២ ធ្វើបានដោយកីឡាករ Romano Schmid នាទី៥៩ ប៉ុន្តែហូឡង់ ព្យាយាមរហូតទាល់តែតាមស្មើជាថ្មីនៅនាទី ៧៥ ពីការស៊ុតបាល់របស់ខ្សែប្រយុទ្ធ Memphis Depay ជាគ្រាប់បាល់ដ៏ចម្រូងចម្រាស់។ តាមស្មើបានត្រឹមតែ ៥នាទី ប៉ុណ្ណោះអូទ្រីស មិនបណ្តោយឱ្យរបូតឱកាសឈ្នះឈរកំពូលតារាងរបស់ខ្លួនឡើយ កីឡាករ Marcel Sabitzer ប្រធានក្រុមអូទ្រីស ស៊ុតរកបានគ្រាប់ទី៣ បង្កើតការនាំមុខជាថ្មី។ បញ្ចប់ការប្រកួតអូទ្រីស យកឈ្នះហូឡង់លទ្ធផល ៣-២។
 
ហូឡង់ មានឱកាសទៅវគ្គ ១៦ក្រុមច្រើន ដដែល ដ្បិតចាញ់ការប្រកួតក៏ដោយ ព្រោះពួកគេនឹងឈរក្នុងតំណែងជាក្រុមលេខ ៣ ល្អ ប្រចាំការប្រកួត ដោយកាន់ ៤ពិន្ទុ ក្នុងដៃ។ 
 
អូទ្រីសនៅវគ្គ ១៦ក្រុម នឹងត្រូវរង់ចាំក្រុមដែលឈរតំណែងលេខ ២ ចេញពូល F សម្រាប់ការប្រកួតបន្តនៅវគ្គ ១៦ក្រុម ចំណែកបារាំង នឹងត្រូវរង់ចាំប៉ះក្រុមលេខ២ ដែលចេញពីពូល E៕
 
 

Tag:
 Euro 2024
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com