អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុករ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ហុងកុង
26, Dec 2014 , 4:11 pm        
រូបភាព

បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ត្រូវបាន​ប៉ូលីស​ហុងកុង​ចាប់ខ្លួន​ក្រោយពី​មាន​ករណី​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​និង​បាតុករ។មុននឹង​ចាប់​ខ្លួនគេ​ឃើញ​មន្ត្រី​ប៉ូលីស​បាន​ប្រើប្រាស់​ស្ព្រៃ​យ៍​និង​ដំបង​វាយ​សំពង​ដើម្បី​បំបែក​ក្រុមបាតុករ​ដែល​ប្រមូល​ផ្តុំគ្នា​នៅតាម​ផ្លូវ​នៅ​តំបន់​Mongkok។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



បាតុករ​សិស្ស​និស្សិត​គាំទ្រ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលីស​និង​ក្រុមបាតុករ​ក្រុង​ហុងកុង។មុននឹង​មានការ​ចាប់​ខ្លួន​កាលពី​យប់​ម្សិលមិញ​មន្ត្រី​ប៉ូលីស​បាន​វាយ​បំបែក​ក្រុមបាតុករ​ដោយ​ប្រើ​ដំបង​និង​ស្ព្រៃ​យ៍ខណៈ​ពេលដែល​ក្រុមបាតុករ​កំពុងតែ​ប្រមូល​ផ្តុំគ្នា​តាមផ្លូវ​នៅ​តំបន់​Mongkok។ការប៉ះទង្គិច​គ្នា​រហូត​មានការ​ចាប់ខ្លួន​នេះ​កើតឡើង​ប្រហែល​ជាង​មួយ​សប្តាហ៍​ក្រោយ​ពេលដែល​ទីតាំង​បាតុកម្មធំៗរបស់​បាតុករ​ត្រូវបាន​អាជ្ញាធរ​បោសសម្អាត​ចោល​ហើយ​ក្រុមបាតុករ​មិនមាន​ទីតាំង​ច្បាស់លាស់​សម្រាប់​ឈរជើង​ប្រឆាំង​តវ៉ា​រដ្ឋាភិបាល​ខ្លួន​ឡើយ។

បើតាម​ការអះអាង​រប​ស់​មន្ត្រី​ប៉ូលីស​ចំនួន​ក្រុមបាតុករ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ប្រហែលជា១២នាក់​ក្នុងនោះ​មាន​ប្រុស១០នាក់​និង​ស្រី​ពីរ​នាក់​ហើយ​ពួកគេ​មាន​អាយុ​ចន្លោះ​ពី១៣ឆ្នាំ​ដល់៤៣ឆ្នាំ។ប៉ូលីស​អះអាងថា​ក្រុមបាតុករ​បានធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​និង​បង្ក​ភាពអនាធិបតេយ្យ​ខ្លាំង​ដោយ​ការបិទផ្លូវ​បង្ក​ភាព​កកស្ទះ​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់។ប៉ូលីស​បាន​សង្កត់ធ្ងន់​ថា​ក្រុមបាតុករ​ទាំងនោះ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ដោយ​ពួកគេ​រង​ការចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ដោយ​វាយប្រហារ​លើ​មន្ត្រី​ប៉ូលីស​បង្ក​ភាពចលាចល​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​តំបន់​ជាដើម។

បើតាម​រូបភាព​ដែល​គេ​ទទួលបាន​ក្រោយ​ការប៉ះទង្គិច​គ្នា​បុរស់​ម្នាក់​ដែលជា​បាតុករ​បាន​រងរបួស​យ៉ាងដំណំ​ដោយមាន​ឈាម​ពេញមុខ​ហើយ​កំពុង​ស្ថិតក្រោម​ការហ៊ុំព័ទ្ធ​របស់​មន្ត្រី​ប៉ូលីស​ប៉ុន្តែ​ប៉ូលីស​ក៏បាន​អះអាង​ផងដែរ​ថា​មន្ត្រី​ខ្លួន​ពីរ​នាក់​ក៏បាន​រងរបួស​ដោយសា​រ​ការវាយប្រហារ​រប​ស់​ក្រុមបាតុករ​ផងដែរ។

តាំងពី​ចលនា​បាតុកម្មអហិង្សា​គាំទ្រ​ប្រជាធិបតេយ្យ​ផ្ទុះ​ឡើយ​ក្នុង​តំបន់​Mongkokមក វា​បាន​ក្លាយជា​ទីតាំង​បាតុកម្ម​ដែល​ឧស្សាហ៍​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំងជាងគេ ។

គួរបញ្ជាក់​ថា​ចលនា​បាតុកម្មអហិង្សា​របស់​សិ​ស្ស​និស្សិត​នៅ​តំបន់​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​កើតមានឡើង​ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពេញលេញ​សម្រាប់​ឆ្នាំ២០១៧ខាងមុខ។ក្រុមបាតុករ​មិន​ចង់អោយ​បេក្ខជន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត​នៅ​ហុងកុង​ត្រូវ​ជ្រើសរើស​ជាមុន​ដោយ​គណកម្មាធិការ​ដែល​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com