អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​សរសើរ​ប៉ូលីស​ហុងកុង​ដែល​ទប់ស្កាត់​ក្រុមបាតុករ​ប្រជាធិបតេយ្យ
27, Dec 2014 , 1:47 pm        
រូបភាព
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបង្ហាញ​ការគាំទ្រ និង​កោតសរសើរ​អាជ្ញាធរ​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ក្រុង​ហុងកុង ដែល​បន្ត​ការពារ​សណ្តាប់ធ្នាប់​បានល្អ និង​ទប់ទល់​ក្រុមបាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​បន្ត​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​បច្ចុប្បន្ន។ ការ​ថ្លែង​សរសើរ​ក្រុមបាតុករ​កើតឡើង​ស្រប​ពេលដែល​មេដឹកនាំ​ចិន​បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ក្រុង​ហុងកុង។


លោក ជាវ សំណាង លម្អិតព័ត៌មាននេះ



រដ្ឋាភិបាល​ចិន​បានប្រកាស​គាំទ្រ​អាជ្ញាធរ​ក្រុង​ហុងកុង ហើយ​បាន​កោតសរសើរ​អាជ្ញាធ​រ​ក្រុង​ហុងកុង​ដែល​បាន​រក្សា​ការពារ​សណ្តាប់ធ្នាប់​និង​ស្ថេរភាព​បានល្អ ចៀស​ផុតពី​បញ្ហា​ដែល​បង្កដោយ​ចលនា​បា​តុម្ម​របស់​សិស្ស​និស្សិត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បន្ត​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពេញលេញ​នៅ​ហុងកុង​ឆ្នាំ២០១៧។

ការ​ថ្លែង​កោតសរសើរ​អាជ្ញាធរ​នៃ​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ​កើតឡើង នៅពេលដែល​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiangបាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ក្រុង​ហុងកុង​កាលពី​ម្សិលមិញ​នេះ។ បច្ចុប្បន្នេះ បើទោះជា​ក្រុមបាតុករ​បន្ត​បាតុកម្ម​ដោយ​ទាមទារ​អោយ​អាជ្ញាធរ​ក្រុង​ប៉េកាំង​ផ្តល់​សិទ្ធិ​បោះឆ្នោត​ដល់​ពួកគេ​ពេញលេញ​ក៏ដោយ ក៏​ចិន​នៅតែ​ទាត់ចោល​សំណើរ​នោះ ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ខ្លួន​ក្នុងការ​ជ្រើសរើស​ប្រមុខ​ស្ថាប័ន​ប្រតិបត្តិ​នៅ​ហុងកុង​ដ​ដែរ។

ក្នុងជំនួប​ជាមួយ​មេដឹកនាំ​ហុងកុង​លោក Leung Chun-yingដែល​បាន​ទស្សនកិច្ច​នៅ​ចិន​តាំង​ពីថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​ចិន​ខាងលើ​បានប្រកាស​ជំហរ​យ៉ាង​មុតមាំ​ថា​ចិន​នឹងមិន​ប្តូរ​គោលនយោបាយ​ចំពោះ​ទឹកដី​ហុងកុង​ឡើយ ហើយ​លោក​កោតសរសើរ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុង​ហុងកុង មិន​ភ័យខ្លាច​ការលំបាក​ក្នុងការ​ជំរុញអោយមាន​នូវ​សន្តិសុខ ទប់ស្កាត់​ភាពចលាចល និង​អស្ថិរភាព​នៅក្នុង​តំបន់​បាន​ដោយ​ជោគជ័យ។ចិន​កោតសរសើរ​អាជ្ញា​ធរ​ហុងកុង​ដែល​អាច​រក្សា​សណ្តាប់ធ្នាប់​នៅក្នុង​ទីក្រុង​ហុងកុង​បាន ដោយ​អាជ្ញាធរ​ហុងកុង​បាន​បំបែក​ក្រុមបាតុករ និង​បោសសម្អាត​រាល់​ទីតាំង​បាតុកម្ម។

ម្យ៉ាងវិញទៀត​កាលពី​ម្សិលមិញ​នេះ កងកម្លាំង​ប៉ូលីស​ហុងកុង​បាន​ចាប់ខ្លួន​ក្រុមបាតុករ​ជាច្រើន​នាក់​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​និង​បិទផ្លូវ​ជាថ្មី។ប៉ូលីស​អះអាងថា​ក្រុមបាតុករ​បានធ្វើអោយ​បាត់បង់​សណ្តាប់ធ្នាប់​និង​បង្ក​ភាពអនាធិបតេយ្យ​ខ្លាំង​ដោយ​ការបិទផ្លូវ​បង្ក​ភាព​កកស្ទះ​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​ក្នុង​តំបន់។ប៉ូលីស​បាន​សង្កត់ធ្ងន់​ថា​ក្រុមបាតុករ​ទាំងនោះ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ដោយ​ពួកគេ​រង​ការចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ដោយ​វាយប្រហារ​លើ​មន្ត្រី​ប៉ូលីស​បង្ក​ភាពចលាចល​បាត់បង់​សណ្តាប់ធ្នាប់​ក្នុង​តំបន់​ជាដើម។

គួរបញ្ជាក់​ថា​ចលនា​បាតុកម្មអហិង្សា​របស់​សិ​ស្ស​និស្សិត​នៅ​តំបន់​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​កើតមានឡើង​ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​ពេញលេញ​សម្រាប់​ឆ្នាំ២០១៧ខាងមុខ។ក្រុមបាតុករ​មិន​ចង់អោយ​បេក្ខជន​យោ​បាយ​ឈរឈ្មោះ​បោះឆ្នោត​នៅ​ហុងកុង​ត្រូវ​ជ្រើសរើស​ជាមុន​ដោយ​គណកម្មាធិការ​ដែល​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com