ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់​រណឬទ្ធិ៖ លោក ញឹក ប៊ុនឆៃ​ នឹងក្លាយជាអនុប្រធាន​ទី​២​​របស់​ហ៊្វុនស៊ិនប៉ិច
05, Jan 2015 , 10:02 am        
រូបភាព
រូបថត៖ ដោយ Tomato
រូបថត៖ ដោយ Tomato
ដោយ:
ព្រះអង្គម្ចាស់​ នរោត្តម រណឬទ្ធិ បាន​ធ្វើ​សន្និសីទ​កាសែត​នៅព្រឹកថ្ងៃចន្ទទី​៥​មករានេះ ដើម្បី​ពន្យល់បកស្រាយ​អំពី​ការ​យាងនិវត្ត​របស់​ព្រះអង្គ​ចូលទៅដឹកនាំគណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ដែលព្រះអង្គ​បាន​យាងចាកចេញ​តាំងពី​ឆ្នាំ​២០០៦ ដោយចោទប្រកាន់​លោក ញឹក ប៊ុនឆៃ ដែលជាអគ្គលេខាធិការ​គណបក្ស ថា​បាន​រៀបចំ​ធ្វើ​ «បក្ស​ប្រហារ» ទម្លាក់ព្រះអង្គ។


ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែតនៅ​ក្នុង​ដំណាក់របស់ព្រះអង្គ​​នៅថ្ងៃនេះ ព្រះអង្គ​បាន​បាន​ប្រកាស​ប្រាប់អ្នកសារព័ត៌មាន​ថា លោក ញឹក ប៊ុនឆៃ ដែលព្រះអង្គ​ធ្លាប់តែ​ពិរោធ​ដាក់នោះ នឹង​កាន់ដំណែងជា​អនុប្រធាន​ទី​២​​នៃគណបក្ស​ហ៊្វុនស៊ិនប៉ិចដែល​ព្រះអង្គ​នឹង​ដឹកនាំ​ឡើងវិញនេះ។ ព្រះអង្គ​បាន​ពន្យល់​យ៉ាង​ដូច្នេះថា៖«ព្រះអង្គម្ចាស់ក្សត្រី​អារុណ រស្មី គឺ​ជាអនុប្រធាន​ទី​១ ចំណែកឯឯកឧត្តម ញឹក ប៊ុនឆៃ គឺ​ជាអនុប្រធាន​ទី​២»។

បើតាម​បន្ទូល​ព្រះអង្គម្ចាស់​រណឬទ្ធិ រចនាសម្ព័ន្ធ​នេះ​ នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​សមាជ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែលត្រូវគ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩​ខែ​មករានេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com