ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា សាទរ​ព្រះ​វត្តមាន​ទ្រង់ រណ​ឬ​ទ្ធិ ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាថ្មី
08, Jan 2015 , 11:53 am        
រូបភាព
ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត​នៅ​ព្រលានយន្ដហោះ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ លោក កឹម សុខា បាន​សាទរ​ចំពោះ​ការយាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ។ លោក​បន្ថែមថា វត្តមាន​ទ្រង់ រណ​ឬ​ទ្ធិ ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាថ្មី​នេះ គឺជា​រឿង​ល្អ​មួយ​ក្នុងការ​ជួបជុំ​រាជវង្ស និង​ដើម្បី​ជួយ​ការពារ​តម្លៃ​សែ​រាជវង្ស​នៅ​កម្ពុជា​ផងដែរ។



លោក កឹម សុខា​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​អបអរសាទរ​ព្រោះ​រាជវង្ស​បាន​ជួបជុំគ្នា​ហើយ​ដើម្បី​ការពារ​តម្លៃ​រាជវង្ស​នៅ​កម្ពុជា ។ សែ​រាជវង្ស ធ្វើយ៉ាងណា​ត្រូវតែ​ចេះ​ជួយ​បម្រើ​ខ្មែរ បម្រើ​ប្រជាពលរដ្ឋ។ ហើយ​មិនត្រូវ​រួបរួមគ្នា​នេះ​ដើម្បី​បម្រើ​អ្នកណា​ដែល​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្មែរ​ទេ»។

លើសពីនេះ​ទៀត លោក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បញ្ជាក់ថា ការយាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ​ជាថ្មី​នេះ រូបលោក​មិន​ព្រួយបារម្ភ​ពី​ការបាត់បង់​សំឡេងឆ្នោត​នោះទេ។ ពីព្រោះ ព្រះអង្គម្ចាស់ មិនអាច​មានតម្លៃ​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានឡើយ។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី ១៩ មករា ខាងមុខនេះ គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច នឹងធ្វើ​សមាជ ដើម្បី​សម្រេច​ជ្រើសរើស​ព្រះអង្គម្ចាស់ ន​រោ​ត្ត រណ​ឬ​ទ្ធិ ធ្វើជា​ប្រធាន​បក្ស និង​ជ្រើសរើស​ព្រះអង្គម្ចាស់ នរោត្តម អា​រុណរ​ស្មី ជា​អនុប្រធាន​ទី ១ ព្រមទាំង​លោក ញឹក ប៊ុនឆៃ ធ្វើជា​អនុប្រធាន​ទី ២ គណបក្ស ៕


© រក្សាសិទ្ធិដោយ thmeythmey.com