អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ចិន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ទៅ​ទស្សនកិច្ច​នៅ​ចិន
12, Feb 2015 , 5:12 pm        
រូបភាព
ដោយ:

នៅ​ថ្ងៃ​ពុធ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង បាន​ទូរ​សព្ទ​ទៅ​អបអរសាទរ កោតសរសើរ​លោក​អា​ឡិច​ស៊ិ​ស ស៊ី​ប្រា ដែល​បានទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​សភា​ក្រិ​ក កាលពី​ថ្ងៃ២៥មករា។ លោក​លី​បាន​អញ្ជើញលោក​ស៊ី​ប្រាស ទៅ​ទស្សនកិច្ច​ប្រទេស​ចិន។ ចិន​ចង់​ពង្រីក​ទំនាក់ទំនង​ជាមួយ​ក្រិ​ក​អោយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត។



មុន​ត្រូវបាន​រដ្ឋាភិបាល​ចិន​អញ្ជើញ​អោយទៅ​បំពេញ​ទស្សនកិច្ច​ក្រុង​ប៉េកាំង នាយករដ្ឋមន្ត្រី​ក្រិ​ក អា​ឡិច​ស៊ិ​ស ស៊ី​ប្រា ក៏​ត្រូវបាន​រុស្ស៊ី​អញ្ជើញ​អោយទៅ​ទស្សនកិច្ច​ក្រុង​ម៉ូស្គូ ដើម្បី​ចូលរួម​ថ្ងៃ​បុណ្យជាតិ​រុស្ស៊ី ក្នុង​ខែឧសភា​ខាងមុខ​នេះហើយ​ដែរ។ គេ​នៅ​មិនទាន់​ដឹងថា តើ​ពេលណា លោក​ស៊ី​ប្រា នឹងធ្វើ​ដំណើរ​ទៅលេង​ចិន​តាម​ការអញ្ជើញ​របស់​លោក​លី​នៅឡើយ​ទេ។ ប៉ុន្តែ គណៈប្រតិភូ​ក្រិ​ក​នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​ប្រា។

ក្នុងការ​ពិភាក្សា​តាម​ទូរ​សព្ទ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ក្រិ​ក​និង​នាយករដ្ឋមន្ត្រី​ចិន បានលើកឡើង​ពី​ការធ្វើ​យ៉ាងណា​អោយ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​រវាង​ប្រទេស​ទាំង២ ទទួលបាន​ភាព​ស៊ី​ជំរៅ​ថែមទៀត។ ម្សិលមិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើងថា រដ្ឋាភិបាល​ចិន​ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ក្រិ​ក ដើម្បី​សម្រេច​ភាពជា​ដៃគូ​ពេញលេញ​រវាង​ចិន​និង​ក្រិ​ក។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ដ៏​ចំបង​មួយ​របស់​ក្រិ​ក។

ក្រុមហ៊ុន​ចិន​ឈ្មោះថា Coscoបានទទួល​សម្បទា​នទី​កន្លែង​កុង​តឺ​ណឺ​ចំនួន២ នៅ​កំពង់ផែ​ចំបង​ឈ្មោះថា​Piréeនៅ​ជិត​ក្រុង​អាថែន។ ក្រុមហ៊ុន​នេះ​ក៏​ចង់​ទិញ​ភាគហ៊ុន៦៧ភាគរយ​របស់​រដ្ឋ​ក្រិ​ក ក្នុង​កំពង់ផែ​នេះដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រិ​ក​ដែល​ទើប​ជាប់ឆ្នោត​ថ្មី បានប្រកាស​ព្យួរ​គម្រោង​លក់​កម្មសិទ្ធិ​រដ្ឋ​ចោល​ទៅវិញ។ ទោះ​យ៉ាងនេះ​ក្តី នាយករដ្ឋមន្ត្រី​ចិន​បាន​អះអាង​ទៅ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី​ថា សហគ្រាស​ចិន​ក៏​ចាប់អារម្មណ៍​លើ​រឿង​វិនិយោគ​ថ្មីផ្សេងៗនៅ​ក្រិ​ក ហើយ​ចង់​ពង្រីក​ការវិនិយោគផ្សេងៗដែរ។

ពេលនេះ រដ្ឋាភិបាល​លោក​ស៊ី​ប្រា​ហាក់​ចាប់អារម្មណ៍​ចងមិត្តភាព​ជាមួយ​ចិន​និង​រុស្ស៊ី​កាន់តែខ្លាំង ខណៈ​ក្រិ​ក​កំពុង​ចរចា​យ៉ាង​លំបាក​ជាមួយ​សហភាព​អឺ​រ៉ិ​ប រក​វី​ធី​បន្ធូរបន្ថយ​បំណុល​ជាតិ។ ម្ចាស់បំណុល​ក្រិ​ក​មិន​ចង់​កាត់បន្ថយ​បំណុល​អោយ​ក្រិ​ក​ទេ។ កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រី​ការពារជាតិ​ក្រិ​ក លោក PanosKammenosបាន​បង្ហើប​ថា បើ​ការចរចា​បំណុល​ទទួល​បរាជ័យ ក្រិ​ក​ប្រហែលជា​អាច​នឹង​រក​ថវិកា​ពី​ចិន អាមេរិក រុស្ស៊ី រឺក៏​ប្រទេសផ្សេងៗទៀត ដើម្បី​ដោះស្រាយ​វិបត្តិ។ ប៉ុន្តែ ក្រសួងការបរទេស​ក្រិ​កបាន​ចេញមុខ​បញ្ជាក់​ឡើងវិញ​ថា នេះ​គ្រាន់តែ​ជា​ការគិត​របស់លោក​Kammenosផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ថា សហភាព​អឺរ៉ុប​នៅតែ​ជា​ដៃគូ​ពិសេស​របស់​ក្រិ​ក​ដដែល៕
 



© រក្សាសិទ្ធិដោយ thmeythmey.com