ជាតិ
សង្គមជាតិ
លោក​ហុក​គឹម​ចេង សង្ឃឹមថា​ទទួលបាន​ឈាម​ជាង៣០០ប្លោក​នៅ​ថ្ងៃ១៤កុម្ភៈ
13, Feb 2015 , 7:45 pm        
រូបភាព

 
មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នឹង​រៀបចំ​យុទ្ធនា​ការអប់រំ​និង​ទទួល​អំណោយ​ឈាម​នៅ​ទីលាន​ប្រជាធិបតេយ្យ រយៈពេល​ពេញ​មួយ​ថ្ងៃទី១៤កុម្ភៈ​ចាប់ពី​ម៉ោង៨ព្រឹក​រហូតដល់​ម៉ោង៤កន្លះ«ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់»គឺជា​ប្រធានបទ​នៃ​យុទ្ធនាការ​នៅ​ថ្ងៃស្អែក​នេះ។ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​លោក​ហុក​គឹម​ចេង រំពឹងទុក​ថា មជ្ឈមណ្ឌល​នឹង​ទទួលបាន​ឈាម​ជាង ៣ រយ​ប្លោក​ក្នុង​យុទ្ធនាការ​នេះ ។



ការបរិច្ចាគ​ឈាម​គឺជា​ការបង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​ក៏ដូចជា​ជនរងគ្រោះ។នេះ​ជា​ប្រសាសន៍​របស់​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម។លោក​ហុក​គឹម​ចេង​រំពឹងថា មជ្ឈមណ្ឌល​នឹង​ទទួលបាន​អំណោយ​ឈាម​ពី​សប្បុរសជន​ច្រើនជាង៣០០ប្លោក​នៅក្នុង​យុទ្ធនាការ​នៅ​ថ្ងៃស្អែក​នេះ ខណៈ​កាលពី​ថ្ងៃទី១៤កុម្ភៈ​ឆ្នាំ២០១៤មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​អំណោយ​ឈាម​ចំនួន៣២៩ប្លោក។

បើតាម លោក​ហុក​គឹម​ចេង​នេះ​ជា​ឆ្នាំ​ទី៣ហើយ​ដែល​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រៀបចំ​យុទ្ធនា​ការទទួល​អំណោយ​ឈាម​នៅ​ថ្ងៃទី១៤កុម្ភៈ​ដែល​គេ​ស្គាល់​ថា​ជា​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់។លោក​ថា យុទ្ធនា​ការអប់រំ​និង​ទទួល​អំណោយ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​យុវជន​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​និង​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​គឺ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ទាំងអស់គ្នា។

បើតាម​គម្រោង មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នឹង​ប្រមូល​អំណោយ​ឈាម​ឲ្យ​បាន​ចំនួន៦ម៉ឺន​ប្លោក​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ឈាម​នៅ​ទូទាំងប្រទេស​ក្នុងនោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​សង្ឃឹមថា​នឹងមាន​ឈាម​ប្រមាណ៥០ភាគរយ​ជា​ឈាម​បានមកពី​ការបរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត។បើតាម​ការសិក្សា​របស់​មជ្ឈមណ្ឌល​នេះ បច្ចុប្បន្ន​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មានតែ​ជាង៣៥ភាគរយ​ប៉ុណ្ណោះ​ចំណែក៦៥ភាគរយ​ទៀត​ជាការ​ដោះដូរ​អំណោយ​ឈាម​តាមរយៈ​សាច់ញាតិ​អ្នកជំងឺ​ខណៈដែល​កម្ពុជា​ត្រូវការ​ឈាម​ចំនួន១៥០ប្លោក​ក្នុង​មួយថ្ងៃ​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស។

នៅក្នុង​ឆ្នាំ២០១៤កន្លងទៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម(NBTC) ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន៥២,៨៦៧ប្លោក​នៅ​ទូទាំងប្រទេស​ក្នុងនោះ​ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន១៧,៧៩០ប្លោក​ស្នើ​នឹង៣៣.៨ភាគរយ​នៃ​ឈាម​ដែល​ប្រមូលបាន។ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រមូលបាន​ឈាម​បរិច្ចាគ​សរុប​ចំនួន៣២,៦៤៨ប្លោក​ក្នុងនោះ​ឈាម​ដែល​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​មាន​ចំនួន១២,៣៤៦ប្លោក​ស្នើ​នឹង​ជាង៣៧.៨ភាគរយ​នៃ​ឈាម​ដែល​បរិច្ចាគ​សរុប៕


© រក្សាសិទ្ធិដោយ thmeythmey.com