ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អា​ឡិច៖ ការមិន​បន្ដ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ គឺ​មកពី​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឲ្យ​ខ្ញុំ​រស់នៅ​ទីនេះ
14, Feb 2015 , 12:30 pm        
រូបភាព
ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច ហ្គ​ន់​សា​ឡេស (Alejandro Ganzalez Davidson) ដែលជា​អ្នកតស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា ប្រឆាំងនឹង​ការសង់​ទំ​បន់​អគ្គិសនី​តំបន់​អា​រ៉ែ​ង បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​អាច​ចាក​ចេញពី​ប្រទេស​កម្ពុជា  បើសិនជា​នាយកដ្ឋាន​អន្តោប្រវេសន៍  មិន​បន្ត​ទិដ្ឋាការ​ឲ្យ​រូបលោក​បន្ត​រស់នៅ​លើទឹក​ដី​កម្ពុជា ។ លោក អា​ឡិច អះអាង​ទៀតថា ការមិន​បន្ដ​ទិដ្ឋាការ​ឲ្យ​រូបលោក គឺអាច​មកពី​បុគ្គល​មួយចំនួន​ក្នុង​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​រូបលោក​រស់នៅ​ប្រទេស​កម្ពុជា​បន្ដទៀត។ ចំពោះ​បញ្ហា​នេះ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងថា នេះ​គឺ​សិទ្ធិ​របស់​សាមី​ប្រទេស ក្នុងការ​សម្រេច​ទៅលើ​ជនបរទេស ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា។





ជនបរទេស​សញ្ជាតិ​អេ​ស្ប៉ា​ញ ដែល​បានមក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ លោក អា​ឡិច ហ្គ​ន់​សា​ឡេស បាន​ប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ឲ្យ​ដឹងថា ខ្លួន​នឹង​អាច​ចាក​ចេញពី​ប្រទេស​កម្ពុជា  បើសិនជា​នាយកដ្ឋាន​អន្តោប្រវេសន៍  មិន​បន្ត​ទិដ្ឋាការ​ឲ្យ​រូបលោក​បន្ត​រស់នៅ​លើទឹក​ដី​កម្ពុជា។

លោក អា​ឡិច ដែលជា​អ្នកតស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា ប្រឆាំងនឹង​ការសាងសង់​ទំ​បន់​អគ្គិសនី​តំបន់​អា​រ៉ែ​ង អះអាងថា ក្នុងករណី​នាយកដ្ឋាន​អន្តោប្រវេសន៍  មិន​បន្ដ​ទិដ្ឋាការ​ជូន​រូបលោក នេះ​អាចជា​សញ្ញា​នៃ​ការ​គំរាម​កន្លងមក ដែលមាន​បុគ្គល​មួយចំនួន​នៅក្នុង​ជួរ​រដ្ឋាភិបាល មិន​ចង់​ឲ្យ​រូបលោក​រស់នៅ​បន្ដ​ក្នុងប្រទេស​កម្ពុជា ។

ប្រធាន​ចលនា​មាតា​ធម្មជាតិ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ទិដ្ឋាការ​ខ្ញុំ​នឹង​អស់​សុពលភាព​នៅ​ថ្ងៃទី២០កុម្ភៈ​ខាងមុខនេះ ប៉ុន្ដែ​ខ្ញុំ​បានស្នើ​ទៅតាម​ក្រសួងអន្តោប្រវេសន៍ តាមរយៈ​ភ្នាក់ងារ​រត់ការ ប៉ុន្ដែ​ឮដំណឹង​ថា ប្រហែល​គេ​មិន​បន្ដ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ​ទេ ដោយ​ក្រសួង​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​ជួប​គេ​សិន ។ បើសិនជា​គេ​មិន​បន្ដ​ទិដ្ឋាការ​ឲ្យ​ខ្ញុំ ១០០ភាគរយ គឺអាច​បណ្ដាលមកពី​មាន​បុគ្គល​មួយចំនួន នៅក្នុង​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ខ្ញុំ​រស់នៅ​កម្ពុជា​បន្ដ ព្រោះ​គេ​ឃើញថា​ខ្ញុំ​តែង​ចេញ​តស៊ូ​មតិ​ការពារ​តំបន់​អា​រ៉ែ​ង​នេះ ដែល​អាច​ប៉ះពាល់​បាត់បង់​ដល់​ប្រយោជន៍​បុគ្គល​ទាំងនោះ។

កន្លងមក​លោក ឈាង វុន មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​គំរាម​បណ្ដេញ​លោក អា​ឡិច ដែលជា​សកម្មជន​អ្នកការពារ​ព្រៃឈើ​តំបន់​អា​រ៉ែ​ង​ខេត្តកោះកុង ចេញពី​ប្រទេស​កម្ពុជា ដោយ​កាលនោះ​លោក ឈាង វុន ចោទ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ថា​បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល​កម្ពុជា ។

តែ​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា  ការបន្ដ​ទិដ្ឋាការ ឬ មិន​បន្ដ​ទិដ្ឋាការ​ជូន​ជនបរទេស​ណាមួយ នោះ​គឺ​សិទ្ធិ​របស់​សាមី​ប្រទេស ក្នុងការ​សម្រេច​ទៅលើ​ជនបរទេស ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា៖«ជនជាតិ​អេស្បាញ​នេះ​អស់​ទិដ្ឋាការ ដូចនេះ​ការសុំ​បន្ដ មិនមែន​ចេះតែ​បន្ដ​ឲ្យ​ទេ គឺ​អាស្រ័យ​លើ​សាមី​ប្រទេស​កម្ពុជា ដែល​សម្រេច»។

ទន្ទឹមនឹងនេះ​លោក ខៀវ សុភ័គ បាន​វាយតម្លៃ​សកម្មភាព​របស់លោក អា​ឡិច​កន្លងមក ដោយ​លោក​បាន​ផ្លែផ្កា​ដូច្នេះ​ថា «យើង​ឃើញថា​សកម្មភាព​ជនបរទេស​នេះ ស្រលាញ់​ខ្មែរ​ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត។ ស្ដេច​ខ្មែរ​ច្រើនណាស់ ដែល​សុគត​ដោយសារ​ជនបរទេស»។

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក នី ចរិយា យល់ឃើញថា ក្នុងករណី​ដែល​នាយកដ្ឋាន​អន្តោប្រវេសន៍  មិន​បន្ត​ទិដ្ឋាការ​ឲ្យ​ជនជាតិ​អេស្បាញ​នោះ គឺអាច​បណ្ដាលមកពីរ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​ពេញចិត្ត​និង​សកម្មភាព​របស់លោក អា​ឡិច ដែល​តែងតែ​ចូលរួម​សកម្មភាព​នានា ក្នុងការ​ការពារ​តំបន់​អា​រ៉ែ​ង​កន្លងមក។ ហើយ​លោក​ថា ការមិន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក អា​ឡិច​នេះ អាចជា​ការរើសអើង​ជាតិ​សាសន៍ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ផងដែរ។

លោក​បន្ថែមថា៖«យើង​ឃើញថា ប្រធាន​ចលនា​មាតា​ធម្មជាតិ​រូបនេះ កន្លងមក​រូបគេ​បាន​ចូលរួម​ការពារ​បរិស្ថាន និង​ការចូលរួម​អភិវឌ្ឍ​ន៏​ប្រទេស ដូចនេះ​រដ្ឋាភិបាល​គួរតែ​ផ្ដល់​ទិដ្ឋាការ​រស់នៅ​កម្ពុជា​បន្ដ​ជូន​ជនបរទេស​នេះ។ តែ​បើសិនជា​នាយកដ្ឋាន​អន្តោប្រវេសន៍ មិន​ផ្ដល់​ទិដ្ឋាការ​ជូន​លោក​អា​ឡិច នេះ​អាចជា​ការរើសអើង​ជាតិ​សាសន៍ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។ ហើយ​នេះ​អាចជា​រឿង​នយោបាយ ដោយសារ​រដ្ឋាភិបាល​មិន​ពេញចិត្ត​ចំពោះ​អា​ឡិច ព្រោះ​យើង​ឃើញថា​លោក អា​ឡិច​ជនជាតិ​អេស្បាញ​នេះ បាន​ចូលរួម​សកម្មភាព​នានា​ការពារ​តំបន់​អា​រ៉ែ​ង​ដែល​ប្រឆាំង​និង​រដ្ឋាភិបាល​កន្លងមក»។

បើតាម​មន្ត្រី​ការពារ​សិទ្ធមនុស្ស​រូបនេះ ក្នុងករណី​រដ្ឋាភិបាល ក៏ដូចជា​នាយកដ្ឋាន​អន្តោប្រវេសន៍ មិនអាច​ផ្ដល់​ទិដ្ឋាការ​បន្ដ​ជូន​លោក អា​ឡិច លុះត្រាតែ​ជនបរទេស​រូបនេះ បាន​ប្រព្រឹត្តិ​បទល្មើស​ដែល​បានចែង​នៅក្នុង​ច្បាប់​អន្តោប្រវេសន៍ ៕




© រក្សាសិទ្ធិដោយ thmeythmey.com