ជាតិ
សេដ្ឋកិច្ច
ឥណ្ឌា​បើកសម្ពោធ​ពិ​ព័រ​ណ៌​ផលិតផល​សិប្បកម្ម​លើក​ទី៣៩នៅក្នុង​ទីក្រុង​ញូ​វ​ដេលី
19, Feb 2015 , 3:45 pm        
រូបភាព
ញូ​វ​ដេលី-ឥណ្ឌា៖ ក្រុមប្រឹក្សា​លើកកម្ពស់​ការនាំចេញ​ផលិតផល​សិប្បកម្ម​ឥណ្ឌា (EPCH) ធ្វើការ​រៀបចំ​ពិ​ព័រ​ណ៌​និ​ទាឃ​រដូវ Indian   Handicrafts &   Gifts   Fair [ SPRING] លើក​ទី៣៩ ចាប់ពី​ថ្ងៃទី២០ដល់​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​មជ្ឈមណ្ឌល India Expo Centre & Mart ក្នុង​ទីក្រុង​ញូ​វ​ដេលី។ ពិ​ព័រ​ណ៌​ផលិតផល​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍ នេះ មានការ​ចូលរួម​ពី​សមាជិក​ដែល​ដៃគូ​នាំចេញ​ប្រមាណ៧២០០ ។



Indian   Handicrafts &   Gifts   Fair (IHGF) បានជា​ពិ​ព័រ​ណ៌​សិប្បកម្ម និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ធំ​មួយ​នៅក្នុង​ទ្វីបអាស៊ី ដែល​ដំណើរ​អស់​រយៈពេល​ជាង២០ឆ្នាំ ដោយ​ក្រុមប្រឹក្សា EPCH ដែល​បង្កើតឡើង​កាលពី​ឆ្នាំ១៩៨៦ ។ ចាប់ពី​ឆ្នាំ១៩៩៤មក ក្រុមប្រឹក្សា EPCH បានសម្រេច​រៀបចំ​ពិ​ព័រ​ណ៌ IHGF ចំនួន២ដង​ក្នុង​មួយឆ្នាំ។

ស្នាដៃ​សិប្បកម្ម វត្ថុ​អនុស្សាវរីយ៍ និង​សម្ភារ​តុបតែង ដែល​ដាក់​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៌​រយៈពេល៤ថ្ងៃ​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី រួមមាន សម្ភារ​តុបតែង​គេហដ្ឋាន គ្រឿង​សង្ហា​រឹម សម្ភារ​តុបតែង​នាឱកាស​បុណ្យ​ណូអែល ចង្កៀង អំពូល​ភ្លើង ផលិតផល​ការពារ​បរិ​ដ្ឋា​ន​ដែល​ធ្វើ​ពី​អំពៅ និង​ឬ​ស្សី គ្រឿងអលង្ការ គ្រឿងបន្លាស់ កាបូប កំរាលព្រំ ផលិតផល​ធ្វើ​ពី​ស្បែក គ្រឿងបន្លាស់​បន្ទប់ទឹក ទៀន ធូប ជាដើម។

សម្រាប់​ព្រឹត្តិការណ៍​លើក​ទី៣៩នេះ លោក R.K.Verma អ្នកទទួលខុសត្រូវ​លើ​ការរៀបចំ​ពិ​ព័រ​ណ៌​របស់ EPCH បាន​អះអាងថា នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន និង​ម្ចាស់​សិប្បកម្ម​ប្រមាណ២៤០០ ដែល​ត្រូវបាន​ជ្រើសរើស​នៅ​ទូទាំងប្រទេស​ឥណ្ឌា។ បន្ថែម​ពីលើ​នេះ ដៃគូ​នាំចេញ​ប្រមាណ៧២០០ រួមទាំង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ដែល​ក្នុងនោះ មាន​អ្នកព័ត៌មាន​សារព័ត៌មានថ្មីៗ ផងដែរ​នោះ ក៏មាន​វត្តមាន​ផងដែរ។

កាលពី​ឆ្នាំមុន ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ដែលមាន​ឈ្មោះថា «IHGF-Delhi Fair Autumn 2014» ទាក់ទាញ​បានដៃ​គូ​នាំចេញ​ប្រមាណ៦៩០០ ដែល​មកពី​ប្រទេស​ចំនួន១១០ នៅលើ​ពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com