ជាតិ
សង្គមជាតិ
អាជ្ញាធរ​ហាម​បង្ក​សំឡេង​ផ្ទុះ និង​លេង​ល្បែងស៊ីសង ក្នុង​ចូលឆ្នាំ​ចិន-វៀតណាម
17, Feb 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

 
ដើម្បី​រក្សា​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និ​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន - វៀតណាម ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៨ ដល់ ថ្ងៃទី២១កុម្ភៈ​នេះ សាលា​រាជធានី​ភ្នំពេញ ហាមឃាត់​មិន​ឲ្យ​មាន​ការដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ​នៅក្នុង​ពិធីបុណ្យ​នេះ​ទេ។ មិន​ឲ្យ​លេងល្បែង​គ្រប់​ប្រភេទ​ដែលមាន​លក្ខណៈ​ស៊ីសង និង​រាល់​ការ​ហែរ​ក្បួនផ្សេងៗទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់។



ជាមួយគ្នានេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត កុំ​ឲ្យ​មាន​នាំ​ផាវ កាំជ្រួច ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ និង​ត្រូវ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​ទាំងនោះ ដែលមាន​ទីតាំង​លក់​គ្រប់​ទីកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ។ ជាពិសេស​នៅ​កន្លែង​សប្បាយ អង្គភាព រោងចក្រ សហ​គ្រា​នានា រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ការអុជ​ធូប​ទៀន ចរន្ដអគ្គិសនី ដែល​អាច​បង្ក​គ្រោះថ្នាក់​អគ្គីភ័យ​កើតឡើង​ជាយថាហេតុ។

ស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ និង​បញ្ជាការដ្ឋាន​យោធា​ភូមិភាគ​ពិសេស ត្រូវ​ចេញ​បទបញ្ជា​ឲ្យ​បាន​ម៉ត់ចត់​ដល់​កម្លាំង​របស់​ខ្លួន ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្តល្មើស​បង្ក​ឲ្យ​មាន​ចលនា​ច​ល​ក្នុងសង្គម​ខុសពី​សេចក្ដីណែនាំ​នេះ នឹងត្រូវ​ផ្ដន្ទាទោស​តាមច្បាប់ ៕


© រក្សាសិទ្ធិដោយ thmeythmey.com