ជាតិ
សង្គមជាតិ
និន្នាការ​ឈប់សម្រាក៣ថ្ងៃ​ផ្លូវការ ក្នុង​រដូវចូលឆ្នាំ​ចិន កំពុង​ចាប់ផ្តើម
18, Feb 2015 , 3:27 pm        
រូបភាព
ឈប់សម្រាក​ពេល​ចូលឆ្នាំ​ចិន មិនមែនជា​ការឈប់​សម្រាក​ផ្លូវការ​របស់​រដ្ឋ​ឡើយ។ តែ​វា​បានចាប់ផ្តើម​ពី​គ្រឹះស្ថានសិក្សា​ឯកជន។ មិនមែន​ម្ចាស់​ក្រុមហ៊ុន​សាលារៀន​ចង់​បិទទ្វារ​នោះទេ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សិស្សានុសិស្ស​មិន​មក​រៀន​តែម្តង ឬក៏​មក​តែមួយ​ក្តាប់​តូច ដែល​ធ្វើ​ឲ្យ​គ្រូ​ពិបាក​បង្រៀន។ ទីបំផុត ក្រុមហ៊ុន​សាលារៀន​ក៏បាន​សម្រេច​ប្រកាស​បិទទ្វារ​សាលារៀន​ឈប់សម្រាក​ជា​ផ្លូវការ​តែម្តង។ ឈប់សម្រាក៣ថ្ងៃ។ សាលារៀន​របស់​រដ្ឋ មិនបាន​ទទួល​ការសម្រេចចិត្ត​របស់​ម្ចាស់​គ្រឹះស្ថាន ឬ​នាយក​សាលារៀន​ឡើយ។ ប៉ុន្តែ វា​ក៏​គ្មាន​ថ្នាក់រៀន​ដែរ។


នៅតាម​ក្រសួងធំៗនៅក្នុង​រាជធានី​ភ្នំពេញ ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួង​មក​ធ្វើការ​នោះ វា​គ្រាន់​នឹងមាន​មន្ត្រី​ថ្នាក់ក្រោម​ខ្លះមក​ការិយាល័យ​របស់​ពួកគេ​ដែរ។ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា ភាពស្ងាត់ជ្រងំ​នឹង​ឆាប់​កើតមាន​លឿន​ជាង​ថ្ងៃ​ធម្មតា។ បើ​និយាយ​ពី​មន្ទីរ និង​ការិយាល័យ​នៅតាម​ខេត្ត​វិញ ចូលឆ្នាំ​ចិន​រឹតតែ ក្លាយជា​មូលហេតុ​ផ្លូវការ​នៃ​ការឈប់​សម្រាក។ ហើយ​បើ​ចូល​ឆ្នាំមាន​រយៈពេល៣ថ្ងៃនោះ ដូច្នេះ​គេ​ត្រូវតែ​ឈប់៣ថ្ងៃ​ហើយ។

និយាយ​អំពី​ក្រុមហ៊ុន​ឯកជន​វិញ។ វា​ជា​រឿង​ឯកជន​របស់​ក្រុមហ៊ុននីមួយៗ ។ ជាការ​ពិត ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ជនជាតិ​ចិន ឬ​សែស្រឡាយ​ចិន វា​គឺជា​សិទ្ធិ​ក្នុង​ការកំណត់ និង​ការសម្រេច​ឈប់សម្រាក​របស់​ពួកគេ។

ប៉ុន្តែ​ទិដ្ឋភាព​នៃ​ការឈប់​សម្រាក​ដ៏​ធំធេង​កំពុងតែ​ជះឥទ្ធិពល​ទៅដល់​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត និង​ស្ថាប័ន​អង្គការ​ដែលមាន​បុគ្គលិក ដែល​គេ​ហៅថា​មាន​ជាប់សែស្រឡាយ​ចិន​ច្រើន។ ក្រុម​ចុង​ក្រោយនេះ នៅពេលនេះ យ៉ាងហោចណាស់ ក៏​សម្រេច​ឈប់សម្រាក​មួយថ្ងៃ​ដែល​ចំ​ថ្ងៃ​សែន នៅពេលឆ្នាំមុនៗ ពួកគេ​មិនដែល​និយាយ​អំពី​ការឈប់​សម្រាក​សោះ​នោះ។ តើ​អ្នកណា​ហ៊ាន​អះអាងថា ឆ្នាំក្រោយ​ទៀត ស្ថាប័ន​អង្គការ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន មិន​សម្រេច​បិទទ្វារ៣ថ្ងៃ?

គេ​នៅ​ចាំបាន​ថា កាលពី​ជាង១០ឆ្នាំមុន ការនិយាយ​អំពី​សែន​ចូលឆ្នាំ​ចិន មិនមាន​លក្ខណៈ​ទូលំទូលាយ​ដូច​ពេល​នេះឡើយ។ ពេលនោះ មន្ត្រីរាជការ សិស្ស និស្សិត ក្រុមហ៊ុន អង្គការ នៅ​ដំណើរការ​ការងារ​រប​ស់​ពួកគេ​ជាធម្មតា។ ជាការ​ពិត ពលរដ្ឋ​ជាប់សែស្រឡាយ​ចិន​ខ្លាំង គ្រាន់តែ​អាច​ចាក​ចេញពី​ធ្វើការ​មុន​ម៉ោង​បន្តិច ឬក៏​ទុក​ឲ្យ​សមាជិកគ្រួសារ​ជា​អ្នករៀបចំ​ការ​សែន​ចូលឆ្នាំ​ចិន។ កាលនោះ គ្មាន​អ្នកណា​និយាយ​អំពី​ការឈប់​សំរាក​ឡើយ។

ប៉ុន្តែ បច្ចុប្បន្ននេះ​តើ​កម្ពុជា​កំពុង​ឈានទៅ​បន្ថែម​ថ្ងៃ​ឈប់សម្រាក៣ថ្ងៃ​ទៀត​នៅក្នុង​ប្រតិទិន​ឈប់សម្រាក​ប្រចាំឆ្នាំ​របស់ខ្លួន​ទៀត​ឬ? បើទោះជា​មិន​បញ្ចូល​ទៅក្នុង​កាលវិភាគ​ផ្លូវការ ក៏​នៅតែ​អាច​ឈប់សម្រាក៣ថ្ងៃ​ដដែល ដោយយោង​តាម​ស្ថានភាព​ជាក់ស្តែង​របស់​ស្ថាប័ននីមួយៗ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទទួលស្គាល់​ដែរ ថា​កម្ពុជា​រៀបចំ​ពិធី​ចូលឆ្នាំ៣​ដង​ក្នុង​មួយ​ឆ្នាំ រួមមាន ចូលឆ្នាំ​សកល ចូលឆ្នាំ​ចិនវៀតណាម និង​ចូលឆ្នាំ​ខ្មែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com