ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ «មេដឹកនាំ​ដែល​ខ្លាំង គឺ​មិន​ខ្លាច​គេ​ដណ្តើម​អំណាច​ឡើយ!»
18, Feb 2015 , 7:00 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្ដា​ខេត្ត ក្រុង​ ទាំងអស់ ចាំបាច់​ត្រូវមាន​ក្រមសីលធម៌ និង​ចរិតលក្ខណៈ​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព ។ លោក​មេបក្ស​ប្រឆាំង​បាន​ប្រាប់​ទៅមន្រ្តីខ្លួន​​ទៀតថា «មេដឹកនាំ​ដែល​ខ្លាំង គឺ​មិន​ខ្លាច​គេ​ដណ្តើម​អំណាច​ឡើយ»។  ជាមួយគ្នានេះ​លោក សម រង្ស៊ី ក៏បាន​ជំរុញ​ឲ្យ​សមាជិក សកម្មជន និង​ប្រជាពលរដ្ឋ រាយការណ៍​រាល់​សកម្មភាព​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន ដែល​ធ្វើ​ការខុស​គោលការណ៍​របស់​បក្ស​ដ​ល់​រូបលោក ដើម្បី​ចាត់វិធានការ​ផងដែរ។



ជាការ​ពង្រឹង​ដល់​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ លោក សម រង្ស៊ី  បាន​ណែ​នាំ​ដល់​មន្រ្តី​​ខ្លួន​ថា ក្នុងនាម​ជា​មេដឹកនាំ​ត្រូវមាន​ចំណេះដឹង​ខ្ពស់ ទទួលយក​នូវ​រាល់​ការលើកឡើង​របស់​អ្នកដទៃ ចៀសវាង​មានគំនិត​ចង្អៀតចង្អល់ ពោលគឺ​មានន័យថា ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ។ នៅក្នុង​ពិធី​ប្រកាស​សុពលភាព ថ្នាក់ដឹកនាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី១៨កុម្ភៈ​នេះ នៅ​ខេត្តកំពង់ស្ពឺ​ លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា៖« មេដឹកនាំ​ខ្លាំង មេដឹកនាំ​ពូកែ អត់​ខ្លាច​គេ​ដណ្ដើម​អំណាច ដណ្ដើម​តំណែង​ទេ មានតែ​មេដឹកនាំ​អន់​ចង្អៀតចង្អល់​ទេ ដែល​ខ្លាច​អ្នកនេះ ខ្លាច​អ្នកនោះ ខ្លាច​អ្នក​ពូកែ​ជាង​ខ្លួន​ដណ្ដើម​តំណែង។ មេដឹកនាំ​អន់​ដែល​បង្កើត​បក្សពួក ព្រោះ​ដឹងថា ខ្លួន​អន់ ត្រូវតែ​ញុះញង់​បំបាក់បំបែក យើង​មិន​ចង់​ហើយ​មិន​ត្រូវមាន​ដាច់ខាត ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ។ 

  លោក​ប្រធាន​បក្សប្រឆាំង​រូបនេះ ក៏​ជំរុញ​ឲ្យ​សមាជិក និង​ប្រជាពលរដ្ឋ​ទាំងអស់​រាយការណ៍​ពី​ភាពមិនប្រក្រតី​របស់​ថ្នាក់ដឹកនាំ​តាម​មូលដ្ឋាន​បក្ស​ខ្លួន​ផងដែរ។ លោក សម រង្ស៊ី បន្ថែមថា៖ «ថ្នាក់ដឹកនាំ​ខេត្តនីមួយៗត្រូវ​ផ្ដល់​ជា​គំរូ ប្រធាន​ក្រុមការងា​មាន​សីលធម៌​ខ្ពស់​ឲ្យ​គេ​គោរព ធ្វើជា​គំរូ ប្រជាពលរដ្ឋ​មិនអាច​គោរព​នរណា​ដែល​គ្មាន​សីលធម៌ ហើយ​សូម​បងប្អូន​ប្រាប់​បើ​មាន​ចរិត​ឬ​ក​ពារ​មិន​សមរម្យ ត្រូវតែ​លាតត្រដាង​ដើម្បី​ឲ្យ​គណបក្ស​ចាត់វិធានការ។  សូម​ឲ្យ​បងប្អូន​តាមដាន ត្រូវ​តាមដាន​មេ បើ​មេ​ធ្វើ​ត្រូវបាន​យើង​គោរព បើ​មេ​ធ្វើ​មិនត្រូវ​អត់​គោរព​ទេ​។​ សូមបង​ប្អូន​​រាយការណ៍​មក​ថ្នាក់លើ ថ្នាក់​កំពូល​គណបក្ស​ចាំ​យើង​ចាត់វិធានការ» ៕    

© រក្សាសិទ្ធិដោយ thmeythmey.com