ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក តាំង ស៊ុន​ឡាយ បេ្ត​ជ្ញាគោរព​គោលការ​ណ៍​យុត្តិ​ធម៌​​ក្រោយ​ទទួល​តំណែង​
18, Feb 2015 , 6:53 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បន្ទាប់ពី​ប្រកាស​ផ្ទេរតំណែង និង​ប្រគល់​ត្រា​តែងតាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី ភ្នំពេញ​ភ្លាមនោះ នៅ​រសៀល​ថ្ងៃទី១៨កុម្ភៈ នេះ លោក តាំង ស៊ុន​ឡាយ ដែលជា​ប្រធាន តុលាការ​ថ្មី បន្ទាប់ពី លោក អាំង មាលតី ដែល​ត្រូវ​ដក​ទៅ​បំរើ​ការងារ​ក្នុង​ក្រសួងយុត្តិធម៌​នោះ បាន​ថ្លែងអំណរគុណ​ដល់​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​ទំនុកចិត្ត​មក លើ​រូបលោក។



លោក តាំង ស៊ុន​ឡាយ បាន​ឡើង​ថ្លែង​ប្តេជ្ញាចិត្ត​ចំនួន ៩ចំណុច ដើម្បី​តម្លាភាព​ក្នុងការ​អនុវត្តន៍ ក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា ក្នុងនោះ​រួមមាន គោរព​តាម​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់ ជាតិ ច្បាប់​បញ្ញត្តិ​ទាំងឡាយ មិន​លុះ​នូវ​អគតិ​ទាំង ៤បួន​យ៉ាង ជាដើម។ លោក​អះអាង​បញ្ជាក់ថា លោក​នឹង៖«ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​សេវា​យុត្តិធម៌ ប្រកបដោយ ប្រសិទ្ធភាព និង​ឆាប់រហ័ស ជៀសវាង​នូវ​ការផ្តល់​យុត្តិធម៌​យឺតយ៉ាវ»។

សំឡេង​បេ្ត​ជ្ញា​ចិត្ត​របស់លោក តាំង ស៊ុន​ឡាយ


 ជាមួយគ្នានេះដែរ ថ្លែង​ក្នុង​ពិធី​ផ្ទេរ និង​ផ្លាស់ប្តូរ​មុខតំណែង​ប្រធាន​សាលាដំបូង នៅ​រសៀល ថ្ងៃទី១៨នេះដែរ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​ប្រាប់​ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្មី ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សតិសម្បជញ្ញៈ មនសិការ និង​ឧ​ត្ត​ម​គតិ​ខ្ពស់​ក្នុង​ការប្រកប​វិជ្ជាជីវៈ។ លោក​បញ្ជាក់ថា៖«ចៅក្រម ព្រះរាជអាជ្ញា ជា​អ្នកផ្តល់​សេវា​យុត្តិធម៌ និង​ជា​អ្នកស្វែងរក យុត្តិធម៌​ប្រកបដោយ​តម្លាភាព សមភាព ស្របតាម​ច្បាប់​ជូន​ប្រជាពលរដ្ឋ គឺ​ធ្វើយ៉ាងណា​ឲ្យ វិស័យ​យុត្តា​ធិ​ការ (តុលាការ) មាន​ភាពល្អប្រសើរ និង​មាន​ភាព​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​របស់ យើង»។

 ដោយឡែក លោក អាំង មាលតី វិញ ក្រៅតែពី​ថ្លែង​របាយការណ៍​អនុវត្តន៍​អស់​រយៈ​ជិត ១ ឆ្នាំ ក្នុងនាម​ជា​ប្រធាន​តុលាការ​រាជធានី​នោះ បន្ទាប់ពី​ត្រូវបាន​ប្រកាស​ដក​មុខតំណែង​ភ្លាម លោក​ហាក់​មិន​សប្បាយចិត្ត ដោយ​លោក​មិនបាន​និយាយ​អ្វី​ទាំងអស់​ប្រាប់​អ្នកសារព័ត៌មាន សូម្បីតែ​នៅ​ចូលរួម​ក្នុង​ពិធីជប់លៀង​អបអរសាទរ ក៏​លោក​មិន​នៅ​ផង។

 គួរ​បញ្ជាក់ថា ការផ្លាស់ប្តូរ​មុខតំណែង​ប្រធាន​សាលាដំបូង​រាជធានី ដែល​ឡាយ​ព្រះ​ហត្ថលេខា ដោយ​ព្រះមហាក្សត្រ ក្នុង​ព្រះបរមនាម​ព្រះ​អង្គជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខ​ថ្លែង​ជា​សាធារណៈ​ជា​លើកដំបូង នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ នៅ​ថ្ងៃទី១៧ ម្សិលមិញ​នេះ ជុំវិញ​សំណុំរឿង​ឃាតកម្ម លើ​ឧ​ញ៉ា អ៊ឹង ម៉េង​ជឺ។ លោកនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រុម ធ្វើ​អធិការកិច្ច​លើ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ឪពុកម្តាយ លោក ថោង សារ៉ាត់ នៅក្រៅ​ឃុំ​បណ្តោះ អាសន្ន​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ថា ពិរុទ្ធជន​មាន​បញ្ហាសុខភាព។

គួររម្លឹក​ផង​ដែរ​ថា លោក អាំង មាលតី ជា​អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ហើយ​លោក​ត្រូវបាន​ផ្ទេរ និង​តែងតាំង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤កន្លងមកនេះ។ លោក​ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​ចេញ​វិញ នៅ​ថ្ងៃទី១៨នេះ ជំនួស​ដោយ លោក លោក តាំង ស៊ុន​ឡាយ ដែលជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ៕  

© រក្សាសិទ្ធិដោយ thmeythmey.com