ជាតិ
សង្គមជាតិ
លោក អា​ឡិច ៖ ខ្ញុំ​មិន​ចាក​ចេញពី​កម្ពុជា​មួយរយៈ​ឡើយ ព្រោះ​ខ្លាច​មិនបាន​មកវិញ
19, Feb 2015 , 12:01 pm        
រូបភាព

ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច​ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស បាន​អះអាងថា រូបលោក​នឹងមិន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខ្លួនឯង​នោះឡើយ បើទោះជា​ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​លោក​ត្រូវ​ចាក​ចេញពី​ប្រទេស​កម្ពុជា​មួយរយៈ​ក៏ដោយ ។ បើតាម​ជនជាតិ​អេស្បាញ​រូបនេះ មូល​ហេតុដែល​រូបលោក​មិន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នេះ គឺ​ដោយសារ​លោក​ខ្លាច​ខ្លួន​ចាកចេញ​ហើយ នឹង​មិនអាច​ចូលមក​ប្រទេស​កម្ពុជា​វិញ​បាន។



បន្ទាប់ពី​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​ខ្លួន​ចាក​ចេញពី​ប្រទេស​កម្ពុជា មួយរយៈ​ពេល​ខ្លី​នៅពេល​ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​នោះ លោក អា​ឡិច​ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស បាន​បដិសេធភ្លាមៗថា រូបលោក​នឹងមិន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឡើយ ហើយ​រូបលោក​នឹង​បន្ដ​រស់នៅរហូតដល់អាជ្ញាធរ​ចាប់បញ្ជូន​ខ្លួន​ចេញពី​កម្ពុជា។ ការប្តេជ្ញា​បែបនេះ ធ្វើឡើង​ក្រោយពី​រូបលោក​ត្រូវ​ប្រឈមមុខ នឹង​ការចាប់ខ្លួន​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២០កុម្ភៈ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បានសម្រេច​ចិត្ត​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​លោក​រស់នៅ​កម្ពុជា​ទៀត។

ជនជាតិ​អេស្បាញ​រូបនេះ បញ្ជាក់ថា​មូលហេតុ​ដែល​រូបលោក​មិន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នេះ គឺ​ដោយសារ​លោក​បារម្ភ​ថា នៅពេល​រូបលោក​ចាកចេញ​ហើយ នឹង​មិនអាច​ចូលមក​ប្រទេស​កម្ពុជា​វិញ​បាន។លោក​ថា ការបង្គាប់​ឲ្យ​លោក​ចាក​ចេញពី​កម្ពុជា​មួយរយៈ​ពេល​សិន​នេះ អាចជា​ល្បិចកល។ ដូចនេះ​លោក​មិន​ជឿ​ក្រសួងមហាផ្ទៃ​នោះទេ ។

ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំមិន​ចាក​ចេញពី​កម្ពុជា​មួយរយៈ​ឡើយ ព្រោះ​ខ្លាច​មិនបាន​មកវិញ។ខ្ញុំ​មិន​ចាក​ចេញពី​ប្រទេស​កម្ពុជាទេ លុះត្រាតែ​គេ​ចាប់បញ្ជូន​ខ្ញុំ​ចេញ​ប្រទេស​ទើប​ខ្ញុំ​ចាកចេញ ព្រោះ​ខ្ញុំ​រស់នៅ​ទីនេះ​យូរហើយ ខ្ញុំ​ក៏ដូចជា​ប្រជាជន​ខ្មែរ​ដទៃទៀត​ដែរ ដូចនេះ​ទាល់តែ​ចាប់បញ្ជូន​ខ្ញុំ​ទើបបាន​ខ្ញុំ​ចាកចេញ ។ ហើយ​ការបង្គាប់​តម្រូវ​ឲ្យ​ខ្ញុំ​ចាកចេញ​នេះ ខ្ញុំ​បាន​ពិភាក្សា​ជា​អង្គការសហប្រជាជាតិ និង​អង្គការ​នានា យល់ឃើញថា នេះ​អាចជា​លេស​មួយ​ដើម្បី​បញ្ជូន​ខ្ញុំ​ចេញទៅ​ហើយ ហើយ​ពេល​ខ្ញុំ​សុំ​ចូលមក​កម្ពុជា​វិញ គេ​នឹងមិន​ឲ្យ​ខ្ញុំ​ចូលមក​នោះទេ »។

បើតាម​ជនជាតិ​អេស្បាញ​រូបនេះ កន្លងមក​រូបលោក​ធ្លាប់​សុំ​អន្តរាគមន៍​ពី​ស្ថាន​កុងស៊ុល​ប្រទេស​អេស្បាញ ស្ថិតនៅក្នុង​ប្រទេស​ថៃ​ផងដែរ ប៉ុន្ដែ​អគ្គ​ស្ថាន​កុងស៊ុល ក៏​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​រូបលោក​បានឡើយ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្ដីទី លោក ឯម សំអាន បាន​ឆ្លើយតប​លោក សម រង្ស៊ី ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា ដែល​បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​បន្ដ​ទិដ្ឋាការ​ជូន​លោក អា​ឡិច ​ថា ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​លោក អា​ឡិច​ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស ចាក​ចេញពី​ប្រទេស​កម្ពុ​ជាមួយ​រយៈពេល​ខ្លី​នៅពេល​ផុតកំណត់​ទិដ្ឋាការ​ស្នាក់នៅ។ ក្រសួងមហាផ្ទៃ​បន្ដថា ពុំមាន​គោលការណ៍​ហាមឃាត់​លោក អា​ឡិច ក្នុងការ​ចូលមក​កម្ពុ​ជា​វិញ​នោះទេ ប្រសិនបើ​គាត់​បាន​បំពេញបែបបទ និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដូច​ជនអន្តោប្រវេសន៍​ដទៃទៀត ស្របតាម​គោលការណ៍​ច្បាប់​នៃ​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី១៨កុម្ភៈ លោក កឹម សុខា អនុប្រធាន​ទី១នៃ​រដ្ឋសភា បានស្នើ​ឲ្យ​ព្រះមហាក្សត្រ​កម្ពុជា ជួយ​អន្តរាគមន៍​ដល់​រាជរដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ឲ្យ​លោក អា​ឡិច ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​រូបនេះ អាច​ស្នើសុំ​បន្ដ​ទិដ្ឋាការ​រស់នៅ និង​បំរើ​ការងារ​នៅ​កម្ពុជា ដោយ​ពុំ​ចាំបាច់​តម្រូវ​ឲ្យ​ចាកចេញ​ជាមុនសិន ទើប​បន្ដ​ទិដ្ឋាការ​ជា​ក្រោយ​នោះទេ។

លោក​អា​ឡិច ជនជាតិ​អេស្បាញ​រូបនេះ បានមក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល១២ឆ្នាំ​មកហើយ។ ហើយ​លោក​អា​ឡិច គឺជា​អ្នកតស៊ូ​មតិ​យ៉ាង​ខ្លាំងក្លា ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​សាងសង់​ទំ​បន់​អគ្គិសនី​តំបន់​អា​រ៉ែ​ង។ ចំពោះ​សកម្មភាព​ការពារ​តំបន់​អា​រ៉ែ​ង​កន្លងមក លោក ឈាង វុន សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ព្រមាន​បណ្ដេញ​លោក​អា​ឡិច ចេញពី​ប្រទេស​កម្ពុជា ដោយ​កាលនោះ​លោក ឈាង វុន បាន​ចោទ​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ថា បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល​កម្ពុជា ៕


© រក្សាសិទ្ធិដោយ thmeythmey.com