ជាតិ
មនុស្ស​មិនគួរ​មើលងាយ​អំពើអាក្រក់​ដែល​ខ្លួន​បានធ្វើ​ថា មាន​ចំនួន​តិច
19, Feb 2015 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
បុគ្គល មិនគួរ​មើលងាយ​បាប​ថា មាន​ប្រមាណ​តិច នឹងមិន​ឲ្យ​ផល​ដូច្នេះ​ឡើយ ប្រៀប​ដូច​ក្អម​ទឹក រមែង​ពេញ​បាន​ដោយ​តំណក់ទឹក​ដែល​ធ្លាក់​ចុះមក ។  បុគ្គល​ពាល  កាល​សន្សំ​បាប សូម្បី​បន្តិច​ម្តង ៗ គង់​ពេញ​បានដែរ ។



បុគ្គល គួរ​ខ្លាច គួរ​ចៀសវាង​នូវ​បាប​ទាំងឡាយ ឲ្យ​ដូចជា​អ្នកជំនួញ ដែលមាន​ទ្រព្យ​ច្រើន តែមាន​គ្នា​តិច​ចៀសវាង​ផ្លូវ​ដែល​គួរ​ខ្លាច ឬ​ដូចជា​បុរស​ប្រាថ្នា​រស់នៅ ចៀសវាង​ថ្នាំ​ពិស ដូច្នោះ​ដែរ ។

បើ​ដំបៅមិនមាន​ក្នុង​បាតដៃ​ទេ បុគ្គល​គ្បី​នាំយក​ថ្នាំ​ពិស​ដោយ​បាតដៃ ថ្នាំ​ពិស​មិនអាច​ជ្រាបចូល​ទៅកាន់​បាតដៃ ​ដែល​គ្មាន​ដំបៅ​បាន​យ៉ាងណា បាប​រមែង​មិនមាន​ដល់​បុគ្គល​អ្នក​មិន​ធ្វើ យ៉ាង​នោះដែរ ។

បុគ្គល​ណា ជា​អ្នកធ្វើ​បាបកម្ម​ហើយ ទោះបី​ចូលទៅ​ឰដ៏​អាកាស ក្នុង​កណ្តាល​សមុទ្រ ឬ​ទៅកាន់​ចន្លោះ​ភ្នំ​ទាំងឡាយ ក៏​មិនអាច​រួច​ចាក​បាបកម្ម បានឡើយ ព្រោះ​ប្រទេស​លើ ផែនដី​ដែល​បុគ្គល​ឋិត​នៅ​ហើយ គប្បី​អាច​រួច​ចាក​បាបកម្ម​បាន​នោះ មិនដែល​មាន​ទេ ។



ដកស្រង់​ពី​គេហទំព័រ ៥០០០ឆ្នាំ



© រក្សាសិទ្ធិដោយ thmeythmey.com