ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​នាយក​​រដ្ឋមន្ត្រី​​នៅ​តែ​មាន​​អំណាច​​លើ​​តុលាការ ​
19, Feb 2015 , 3:12 pm        
រូបភាព
ដោយ:
អន្តរាគមន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សំណុំរឿង​ដោះលែង​បណ្តោះអាសន្ន​ឪពុកម្តាយ​ថោង សារ៉ាត់ ហើយ​ដែល​ឈានដល់​ការផ្លាស់ប្តូរ​តំណែង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ បានទទួល​ការស្វាគមន៍​ពី​សង្គម​ស៊ីវិល។ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​សប្បាយចិត្ត នៅពេលដែល​នាយករដ្ឋមន្ត្រី​ដែល​ដឹកនាំ​នីតិប្រតិបត្តិ​មានអំណាច​លើ​អំណាច​តុលាការ។


ឥទ្ធិពល​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ​តុលាការ និង​ទៅលើ​ស្ថាប័ន​នីតិបញ្ញត្តិ​ផង​នោះ វា​បាន​ក្លាយជា​ប្រធានបទ​ដែល​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​បាន​ស្គាល់​យូរ​ដែរ​ហើយ។ ប៉ុន្តែ​ការស្រែក​ស្នើអោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ស៊ើបអង្កេត​លើ​ការដោះលែង​ឪពុកម្តាយ​ថោង សារ៉ាត់ ហើយ​ដែល​បាន​ឈានដល់​ការសម្រេច​ផ្លាស់ប្តូរ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ វា​បាន​លេចចេញ​ជា​បញ្ហា​មួយទៀត​នៅក្នុង​ប្រព័ន្ធយុត្តិធម៌ នេះ​បើតាម​ការកត់សម្គាល់រ​ប​ស់លោក អ៊ូ វីរៈ អ្នកស្រាវជ្រាវ​ឯករាជ្យ​មួយរូប។ អ្នកស្រាវជ្រាវ​ដដែល​នេះ ពន្យល់ថា លោក​ស្វាគមន៍​អន្តរាគមន៍ ឬ​ចំណាត់ការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ដែល​ស្រែក​ជំរុញ​ឲ្យ​មាន​ការធ្វើ​អធិការកិច្ច​ក្នុង​សំណុំរឿង​ក្តីក្តាំ​ដែល​ដំណើរការ​ដោយ​មិនធម្មតា។ ម្តងនេះ លោក អ៊ូ វីរៈ និយាយ​ដល់​ថា លោក ហ៊ុន សែន កំពុង​អនុវត្តតាម​នីតិវិធី​ទៀតផង។ ប៉ុន្តែ​សម្រាប់​លោក វា​គឺជា​នីតិវិធី​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

លោក អ៊ូ វីរៈ អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖«គាត់ (លោកនាយក​រដ្ឋមន្ត្រី) ស្រែក​នេះ ឥត​ខុស​ទេ។ គាត់​ធ្វើតាម​នីតិវិធី​ហើយ។ តែ​ជា​នីតិវិធី​ដែល​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ច្បាប់​បី​ចុងក្រោយ ផ្តល់​តម្លៃ​ខ្លាំង​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​នៅក្រោម​អំណាច​នាយករដ្ឋមន្ត្រី។ ដូច្នេះ​អំណាច​របស់​លោកនាយក​រដ្ឋ​បាន​ឆ្លង​ដល់​តុលាការ​ហើយ»។ ត្រង់ចំនុច​នេះ លោក អ៊ូ វីរៈ នៅតែ​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម និង​រុះរើ​សេចក្តីព្រាងច្បាប់​ទាំងបី​ចុងក្រោយ ស្តីពី​ប្រព័ន្ធតុលាការ​ឡើងវិញ។

លោក​មេធាវី សុក សំអឿន ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា នៅតែ​មិន​ពេញចិត្ត​រូបភាព​ដ៏​មាន​ឥទ្ធិពល​របស់​ប្រមុខ​រដ្ឋាភិបាល​ទៅលើ​វិស័យ​តុលាការ។ ចំងល់​ដ៏​សាមញ្ញ​មួយ​របស់លោក​មេធាវី​គឺ ហេតុអ្វី​បានជា ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផ្តើមធ្វើ​ការភ្លាមៗ ក្រោយ​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី? លោក​ប្រាប់​សារព័ត៌មានថ្មីៗ ថា៖«ពិបាក​ដែរ ពីមុន​មាន​ភស្តុតាង​គ្រាប់​គ្រាន់​ម៉េច​ក៏​មិន​ចាត់ការភ្លាមៗ ចាំបាច់​មានការ​ស្នើសុំ​ពីស​ម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​ចាត់ការ? ធ្វើបែបនេះ​ស្ថាប័ន​តុលាការ​អត់​មាន​ប្រសិទ្ធភាព​សោះ»។
គួរ​បញ្ជាក់ថា បន្ទាប់ពី​ប្រតិកម្ម​ជា​លើកដំបូង​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ករណី​ដោះលែង​ឪពុកម្តាយ​លោក ថោង​សារ៉ាត់ នោះ  ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​កោះប្រជុំ​ជាបន្ទាន់​មួយ​សម្រេច​ដកតំណែង លោក អាំង មាលតី ចេញពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​ក្រសួងយុត្តិធម៌ ហើយ​តែងតាំង​លោក តាំង ស៊ុន​ឡាយ មកជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនួស​វិញ។

លោក អាំង មាលតី ជា​អតីត​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ហើយ​លោក​បាន​ចូល​ធ្វើជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ជំនួស​លោក ជីវ កេង ដែល​ត្រូវ​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល៕



© រក្សាសិទ្ធិដោយ thmeythmey.com