ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ ជំរុញ​​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​​បុ​ស្តិ៍​​អនាធិ​បតេយ្យ​​តាម​​ដងផ្លូវ
19, Feb 2015 , 4:50 pm        
រូបភាព
ដោយ:
ដើម្បី​ធានា​សេចក្ដីថ្លៃថ្នូ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ចូលរួម​លុបបំបាត់ បុ​ស្តិ៍​ជញ្ជីង​ថ្លឹង​បែប​អនាធិបតេយ្យ​តាម​ដងផ្លូវ និង​ការគ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ជាបន្ទាន់។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីថ្មីៗនេះ។



ក្រសួង​សាធារណការ បាន​បញ្ជាក់ថា កន្លងមកនេះ​មាន​ក្រុម​ជនខិលខូច​មួយចំនួន បានដាក់​បុ​ស្តិ៍​ត្រួតពិនិត្យ​បែប​អនាធិបតេយ្យ​តាម​ដងផ្លូវ ដោយនៅ​ពេលយប់​មាន​ដាក់​ភ្លើង​សញ្ញា​បំភ្លឺ ឬ​សញ្ញា​សំគាល់​ឲ្យ​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ឈប់​ដើម្បី​ត្រួតពិនិត្យ និង​បង្ខំ​ឲ្យ​បង់ប្រាក់​ទៅ​ពួកគេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រសួង​សាធារណៈការ។ ជាមួយគ្នានេះ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​អាជីវករ​ដឹកជញ្ជូន​ឲ្យ​គោរព​ច្បាប់​ដោយ​មិនត្រូវ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ និង​មិនត្រូវ​បង់ប្រាក់​ទៅ​បុ​ស្តិ៍​អនាធិបតេយ្យ​ដែល​បង្កើត​ដោយ​ជនខិលខូច​នោះដែរ។

ក្នុង​សេចក្តីប្រកាស​ដដែល បន្តថា មាន​ស្ថានីយ៍​ថ្លឹង​អចិ​ន្ត្រៃ​បច្ចុប្បន្ន​ដែលមាន​ទីតាំងផ្សេងៗគ្នា​ដូចជា ស្ថានីយ៍​ថ្លឹង​កូនដំរី ឃ្លាំងមឿង លង្វែក នៅ​ផ្លូវជាតិ​លេខ៥, ស្ថានីយ៍​ថ្លឹង​ពួក នៅ​ផ្លូវជាតិ​លេខ៦, ស្ថានីយ៍​ថ្លឹង​ព្រែក​ឯង កំពង់​ភ្នំ បាវិត នៅ​ផ្លូវជាតិ​លេខ១, និង​ស្ថានីយ៍​ថ្លឹង​ថ្នល់ទទឹង នៅ​ផ្លូវជាតិ​លេខ៧ ប៉ុណ្ណោះ ដែល​តម្រូវ​ឲ្យ​អាជីវករ​ដឹកជញ្ជូន​ចូល​ថ្លឹង៕ 


© រក្សាសិទ្ធិដោយ thmeythmey.com