ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា​រៀបចំ​ពិធីបុណ្យ​អាស៊ាន​ជា​លើកដំបូង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
20, Feb 2015 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ(DIS)នៃ​វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ ដែលមាន​ឈ្មោះថា បុណ្យ​អាស៊ាន(ASEAN) នៅក្នុង​ថ្ងៃទី១៤ខែ​មិនា​ខាងមុខនេះ។ ពិធីបុណ្យ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដាស់តឿន បង្ហាញ និង​លើកកម្ពស់​វប្បធម៌ ព្រមទាំង​ចែក​រលែក​ចំណេះដឹង អំពី​ប្រទេស​ដែលជា​សមាជិក​អាស៊ាន។



បុណ្យ​អាស៊ាន(ASEAN) គឺជា​ពិធីបុណ្យ​ដែល​នឹង​រៀបចំឡើង លើកដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា។ បុណ្យ​នេះ នឹង​ចាប់ផ្តើម​ប្រារព្ធ​ធ្វើ​នៅ  រយៈពេល​ពេញ១ថ្ងៃ នា​ថ្ងៃទី១៤ខែ​មិនា​ខាងមុខនេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

បើតាម​សេចក្តីប្រកាស​របស់​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ(DIS)នៃ​វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលជា​អ្នក​ផ្តួចផ្តើម​ពិធីបុណ្យ​នេះ ពិធីបុណ្យ​អាស៊ាន​នេះ​រៀបចំ​ក្នុង​គោលបំណង​ដាស់តឿន ចែក​រលែក​ចំណេះដឹង​ទូទៅ អំពី​ប្រទេស​ដែលជា​សមាជិក​អាស៊ាន ជាពិសេស​វប្បធម៌​រប​ស់​ប្រទេស​អាស៊ាន​ទាំង១០ទៅកាន់​យុវជន​កម្ពុជា។នៅក្នុង​ពិធីបុណ្យ​នេះ ដេ​ប៉ា​តី​ម៉​ង់​សិក្សា​អន្តរជាតិ(DIS)រំពឹងថា នឹងមាន​យុវជន​ចូលរួម​ប្រមាណ​ជា៣ពាន់​នាក់។

ជាមួយគ្នា​នោះដែរ ពិធីបុណ្យ​នេះ ក៏មាន​បញ្ចូល​នូវ​ទស្សនីយភាព​សិល្បៈ និង​ការកំសាន្ត​នានា​ផងដែរ រួមមាន​ការតាំង​ពិ​ព័​ណ៍ អំពី​ភូមិ​វប្បធម៌​អាស៊ាន(ASEAN) ដែល​អនុញាត​ឲ្យ​អ្នកចូលរួម​ដើរ​ពី "ភូមិ" នៃ​ប្រទេសមួយ ទៅ "ភូមិ" នៃ​ប្រទេស​មួយទៀត​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​ប្រទេសនីមួយៗរបស់​អាស៊ាន ការដាក់​បង្ហាញ​ម្ហូបអាហារ​បែប​ប្រពៃណី​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន ស្តង់​សម្រាប់​ថតរូប​អនុស្សាវរីយ៍ ការលេង​ល្បែង​ប្រជាប្រិយ និង​សកម្មភាព​កំសាន្ត​មួយចំនួនទៀត ជាពិសេស​គឺ​ការសម្តែង​ទស្សនីយភាព​វប្បធម៌​អាស៊ាន។

គួរ​បញ្ជាក់ថា សមាហរណកម្ម​អាស៊ាន​លើ​សហគមន៍​សេដ្ឋកិច្ច​នឹងត្រូវ​អនុវត្ត​នៅ​ថ្ងៃទី៣១ ខែធ្នូ​ឆ្នាំ២០១៥ខាងមុខ ហើយ​គេ​សង្ឃឹមថា កម្មវិធី​បុណ្យ​អាស៊ាន​នេះ នឹង​អាច​ជាការ​ដាស់តឿន​ដល់​ស្មារតី​របស់​យុវជន​កម្ពុជា​ឲ្យ​ត្រៀមខ្លួន​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​សមាហរណកម្ម​ដែល​នឹង​មកដល់​ក្នុងពេលឆាប់ៗនេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com