ជាតិ
សង្គមជាតិ
​សង្គម​ស៊ីវិល​ចំនួន៨៣គាំទ្រ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​បន្ត​ទិដ្ឋាការ​ដល់ លោក អា​ឡិច
20, Feb 2015 , 9:45 am        
រូបភាព
ដោយ: ថ្មីៗ
អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន៨៣ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយបាន​គាំទ្រ និង​ទទូច​ឲ្យ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ ពិចារណា​ឡើងវិញ និង​បន្ត​ទិដ្ឋាការ​ដល់ លោក អា​ឡិច​សាន់​ត្រូ ហ្គ​ន់​សា​ឡេស ដេវីត​សុន អនុប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​បន្តទៀត។



សេចក្តីថ្លែងការណ៍​រួមគ្នា ចុះ​ថ្ងៃទី១៩កុម្ភៈ បានសរសេរថា លោក អា​ឡិច គឺជា​ជនបរទេស​មួយរូប​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា និង​ការពារ​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា។

បើតាម​សេចក្តីថ្លែងការណ៍​ដដែល សកម្មភាព​របស់​សកម្ម​ជន​បរិស្ថាន​រូបនេះ ត្រូវបានអង្គ​ការ​សង្គមស៊ីវិល​ជាតិ និង​អន្តរជាតិ ក្រុមយុវជន​ការពារ​បរិស្ថាន ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​នៅក្នុង និង​ក្រៅប្រទេស ជាពិសេស សហគមន៍ តំបន់​ឆាយ​អា​រ៉ែ​ង​ទទួលស្គាល់ គាំទ្រ​នូវ​ឆន្ទៈ និង​សមិទ្ធផល​របស់​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ដូចជា​ការលើកកម្ពស់​ចំណេះដឹង​ដល់​សហគមន៍ ពី​សិទ្ធិ​ស្របច្បាប់ វប្បធម៌ ប្រពៃណី និង​ធនធានធម្មជាតិ។

គួរ​កត់សម្គាល់ថា អនុប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក​អា​ឡិច​សាន់​ត្រូ ហ្គ​ន់​សា​ឡេស ដេវីត​សុន ត្រូវ​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២០កុម្ភៈ​នេះ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បដិសេធ​ការបន្ត​ទិដ្ឋាការ អោយ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បន្ដ​រស់នៅ​ប្រទេស​កម្ពុជា​ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com