ខ្មែរ​ក្រហម
ជាតិ
អ.វ.ត.ក ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​រូបថត និង​រូបភាព​សាក្សី​ជា​សាធារណៈ
20, Feb 2015 , 10:16 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ដើម្បី​ការពារ​អត្តសញ្ញាណ​សាក្សី​នោះ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ វិសាមញ្ញ​តុលាការ​កម្ពុជា (អ.វ.ត.ក)  បានចេញ​ដីកា​សម្រេច​ផ្ទាល់មាត់​មួយ ហាម​មិន​ឲ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បញ្ចេញ​អាសយដ្ឋាន និង​រូបភាព​សាក្សី​មាន​រហស្សនាម 2-TCW-944 ទៅដល់​សាធារណជន។



អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បញ្ចប់​សវនាការ នៅ​ថ្ងៃទី១៩ ម្សិលមិញ​នេះ ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ អ.វ.ត.ក លោក​ចៅក្រម និល ណុន បានចេញ​ដីកា​សម្រេច​ផ្ទាលមាត់​មួយ ដើម្បី​ការពារ​សាក្សី​របស់​សាលាក្តី។

លោក​បន្ត​ឲ្យ​ដឹងថា អង្គជំនុំជម្រះ​សាលាដំបូង​នៃ អ.វ.ត.ក បានសម្រេច​ផ្តល់​វិធានការ​ការពារ​ដល់​សាក្សី​មាន​រហស្សនាម 2-TCW-944 ដែល​រួមមាន ការហាម​មិន​ឲ្យ​បញ្ចេញ​អាសយដ្ឋាន និង​រូបភាព​សាក្សី​នេះ​ទាំងអស់​ទៅ​សាធារណជន។ ប៉ុន្តែ លោក​បន្តថា ការហាម​មិន​ឲ្យ​ផ្សព្វ ផ្សាយ​រូបភាព ឬ​រូបថត​នេះ មិន​រួមបញ្ចូល​រូបភាព​បំ​ផ្លែង (រូប​មិន​ច្បាស់) ដែល​ផ្តល់​ឲ្យ​ដោយ អ.វ.ត.ក នោះឡើយ។

គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី១៧ ដល់ទី១៩ កុម្ភៈ កន្លងមកនេះ អង្គជំនុំជម្រះ​សាលាដំបូង​នៃ អ.វ.ត.ក បាន​បើកសវនាការ​ស្តាប់​សក្ខី​កម្ម​សាក្សីសំខាន់ៗចំនួន ៣រូប ដែលជា​អតីត​ឆ្មាំ​គុក នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។

សវនាការ​ស្តាប់​សក្ខីកម្ម​សាក្សី​នេះ នឹង​បើក​បន្ត​នៅ​ថ្ងៃ​ច័ន្ទ ទី២៣ កុម្ភៈ សប្តាហ៍​ក្រោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com