ជាតិ
TI ស្នើ​ក្រុមការងារ​បក្ស​ជាប់ឆ្នោត​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នូវ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត និង គ.ជ.ប
04, Mar 2015 , 6:18 pm        
រូបភាព
អង្គការ​តម្លាភាព​កម្ពុ​ជា ហៅ​កាត់​ថា TI បាន​សរសេរ​លិខិត​ចំហរ​មួយ ទៅកាន់​លោក ប៊ិន ឈិន និង​លោក គួ​យ ប៊ុន រឿន សហប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត ដោយ​ស្នើ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។



លិខិត​ចំហរ ចុះហត្ថលេខា​ដោយ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា នៅ​ថ្ងៃទី ៤មិនា​នេះ ការផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​សេចក្តីស្នើច្បាប់​ទាំង​ពីនេះ នៅមុន​រៀបចំ​សិក្ខាសាលា គឺ​ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ និង​ជួយ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ផ្តល់​អនុសាសន៍​ប្រកបដោយ​អត្ថន័យ ប្រសិទ្ធភាព និង​ដំណើរការ​ពិភាក្សា​ដែលមាន​លក្ខណៈ​ទូលំទូលាយ បង្កលក្ខណៈ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី។ 

បើតាម​លិខិត​ដដែល អង្គការ​តម្លាភាព​កម្ពុ​ជា ក៏បាន​ស្វាគមន៍​ដល់​ការបញ្ចប់​កិច្ចពិភាក្សា​កែសម្រួល​ខ្លឹមសារ​លើ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត ព្រមទាំង​គាំទ្រ​ដល់​គំ​និង​ផ្តួចផ្តើម របស់​គណបក្ស​ទាំង២ ស្តីពី​ការធ្វើសិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល នៅ​ថ្ងៃទី៩មិនា​ខាងមុខ​ផងដែរ។

ក្រុមការងារ​វិសោធន​កម្ម​ច្បាប់បោះឆ្នោត នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​សេចក្តីស្នើច្បាប់ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ព្រឹក​ថ្ងៃទី៩ខែ​មិនា នា​វិមាន​រដ្ឋសភា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com