ជាតិ
អាជ្ញាធរ​គ្រោង​ចំណាយ១លាន​ដុល្លារ កែលម្អ​រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ​វត្ដ​ភ្នំ​ប៉ែក​ខាងកើត
12, Mar 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នឹង​ជួសជុល​កែលម្អ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ដូនពេញ​នៅ​ប៉ែក​ខាងកើត​ឡើងវិញ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន១លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ AKP ។



យោងតាម​ការ​របស់ AKP នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ដ្រី​ជំនាញ នៅ​ថ្ងៃទី១១ ម្សិលមិញ​នេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយថា សាលា​រាជធានី​បាន​កែលម្អ រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​រួច​កន្លងមក ប៉ុន្តែ​កត្តា​អាយុកាល និង​កត្តា​ធម្មជាតិ​ក៏ដូចជា​ស្ថានភាព​ចរាចរ​ឆ្លងកាត់​តំបន់​វត្តភ្នំ​ធ្វើឱ្យមាន​រំ​ញ័រ​ខ្លាំង​ដល់​តួ​ភ្នំ​នោះ ទើប​ទាមទារ​ឲ្យ មានការ​ជួសជុល។

បើតាម​ប្រភព​ខាងលើ លោក​អភិបាល​រាជធានី​បញ្ជាក់ថា៖«យើង​ធ្វើការ​ជួសជុល​រួច​តែ​រយៈពេល២ទៅ៣ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​តួ​ភ្នំ​ប៉ែក​ខាងកើត​សំណង់​ព្រះវិហារ​ក៏ដូចជា​ថ្ម​កម្រាល​ដែល​សាងសង់​ពី​ថ្មបាយក្រៀម​នោះ​មាន​លក្ខណៈ​ទ្រុឌទ្រោម​ប្រេះស្រាំ និង​ខូចខាត​ជាច្រើន​កន្លែង​ផងដែរ»។

រមណីយដ្ឋាន​វត្តភ្នំ​គឺជា​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ជា​និមិត្តរូប​នៃ​ការកកើត​រាជធានី​ភ្នំពេញ​ដែល​ចាំបាច់​ត្រូវតែមាន​ការជួសជុល​កែលម្អ​ឱ្យបាន​ស្រស់ស្អាត​និង​មានការ​អភិរក្ស​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ ។

អភិបាល​រាជធានី​បាន​អះអាងថា អាជ្ញាធរ​នឹង​ពិនិត្យ​បន្ថែម​លើ​ការសាងសង់​ជា​របង​ដែក​មាន​ក្បាច់​ជា​ស្រទាប់​ផ្កាឈូក​មាន​កម្ពស់១ម៉ែត្រ២តឹក​និង​ការ​ក្រាលកម្រាល​ឥដ្ឋការ៉ូឡា ធ្វើ​ពី​ថ្ម​ក្រា​និ​ត ឬ​ថ្មបាយក្រៀម​ជុំវិញ​បរិវេណ​វត្តភ្នំ។

បើតាម AKP រមណីយដ្ឋាន​វត្តភ្នំ​ត្រូវបានធ្វើ​ការជួសជុល​កែលម្អ​ជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ២០០០មក​ការជួសជុល​កែលម្អ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ​រួមមាន​ការជួសជុល​ជម្រាលភ្នំ​ជញ្ជាំង​ខឿន​ប៉ែក​ខាងកើត​ការជួសជុល​កែលម្អ​សួន​ដាំ​ស្មៅ​ការរៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង ប្រព័ន្ធ​លូ ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com