ជាតិ
កម្ពុជា​ស្នើ​ឲ្យ​មានការ​គាំទ្រ​ពី​ជប៉ុន ដើម្បី​ព​ន្លឿ​ន​សេវា​ហោះហើរ​ត្រង់​ប្រទេស​ទាំងពីរ
16, Mar 2015 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មានការ​គាំទ្រ​ពី​ជប៉ុន ដើម្បី​ឲ្យ​សេវា​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​លេចចេញ​ជា​រូបរាង។ការស្នើ​របស់លោក ហ៊ុន សែន ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ  ក្នុងជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅក្នុង​សន្និសីទ​ពិភពលោក​លើក​ទី៣ នៅ​ទីក្រុង​សេន​ដាយ​ស្តីពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ។



ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មានប្រសាសន៍​បន្ថែមថា ការហោះហើរ​ត្រង់ គឺ​វា​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ហោះហើរ​ផ្ទាល់ ដែល​តម្រូវ​ឲ្យ​មានការ​គាំទ្រ​ពី​ជប៉ុន ដើម្បី​បង្កើន​បរិយាកាស​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ស្ថេរភាព ។

ពាក់ព័ន្ធ​បញ្ហា​នេះ​នាយករដ្ឋមន្ត្រី​ជប៉ុន មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី១ហើយ​ដែល រូបលោក​បានឃើញ​ក្រុមហ៊ុន​អាកាសចរណ៍ ជប៉ុន ANA មានការ​ចាប់អារម្មណ៍​ចំពោះ​ការហោះហើរ​ត្រង់ ។ ហើយ​លោក​និង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ឲ្យ​ច្បាប់​ស្តីពី​ហោះហើរ នៃ​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​ទាំងពីរ បានចេញ​ជា​រូបរាង​ពី​រដ្ឋសភា​នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខ។នេះ​បើតាម​ការសរសេរ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណ​វ​ឌ្ឍ ដែល​បាន​តាមដាន​ជំនួប​នេះ ។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង នៃ​វិស័យ​អាកាសចរណ៍ រវាង​ប្រទេស​ទាំងពីរ កាលពី​ខែមករា ឆ្នាំ២០១៥កន្លងទៅ ៕



© រក្សាសិទ្ធិដោយ thmeythmey.com