ជាតិ
រដ្ឋមន្ត្រី​អប់រំ​នឹង​នាំ​មនុស្ស​ជាង៦០០នាក់​ទៅ​ទទួល​អ្នកគ្រូ នាង ផល្លា ដល់​ព្រលានយន្តហោះ
17, Mar 2015 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ

លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ដឹកនាំ​មនុស្ស​ជាង៦០០នាក់​ដើម្បី​ទៅ​ទទួល​ស្វាគមន៍​អ្នកស្រី នាង ផល្លា ដែល​នឹង​ត្រឡប់​ពី​វេទិកា​Global Education and Skills Forum នៅ​ទីក្រុង​ឌូ​បៃ។ គ្រូបង្រៀន​ដ៏​ឆ្នើម​រូបនេះ នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី១៨ ខែ​មិនា ឆ្នាំ២០១៥ វេលា​ម៉ោង១០ និង៣០នាទី។



ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានសរសេរថា លោក ហង់ ជួន ណា​រ៉ុ​ន រួមជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា យុវជន​កាយរឹទ្ធិ កាកបាទក្រហម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បុគ្គលិក និង​សិស្សានុសិស្ស​អង្គការ​ក្រសារ​ថ្មី ប្រមាណ​ជាង ៦០០នាក់ នឹង​ទៅ​ចូលរួម​ទទួល​ស្វាគមន៍​ដំណើរ​ត្រឡប់មកវិញ​របស់​គ្រូ​ឆ្នើម​រូបនេះ។

អ្នកគ្រូ នាង ផល្លា នៃ​អង្គការ​គ្រួសារ​ថ្មី បាន​ប្រើប្រាស់​ពេលវេលា​អស់​រយៈពេល​ជិត២០ឆ្នាំ​លើ​ការអប់រំ បង្រៀន​កុមារ គ​ថ្លង់​នៅ​កម្ពុជា។ អ្នកស្រី​ស្ថិតក្នុង​ចំណោម​បេក្ខជន១០នាក់​ចុងក្រោយ​សម្រាប់​រង្វាន់ Global Teacher Prize ដែល​រៀបចំ​ដោយ​មូលនិធិ Varkey Foundation។

នា​ពិធី​ប្រកាស​រង្វាន់​កាលពី​យប់​ថ្ងៃទី១៥ ខែ​មិនា រង្វាន់​គ្រូ​ឆ្នើម​សកល​ប្រចាំឆ្នាំ២០១៥នេះ បាន​ទៅលើ​អ្នកស្រី Nancie Atwell គ្រូបង្រៀន​មកពី​សហរដ្ឋអាមេរិក ដោយ​នាំមុខ​គ្រូបង្រៀន៩នាក់​ផ្សេងទៀត រួមមាន អ្នកគ្រូ នាង ផល្លា របស់​កម្ពុជា លោក AzizullahRoyesh (អា​ហ្វ​ហ្គា​នី​ស្ថាន) លោកស្រី KiranBirSethi (ឥណ្ឌា) លោក Guy Etienne (ហៃ​ទី) លោកស្រី Jacqueline Jumbekahura (កេ​ន​យ៉ា) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និង​លោក Madenjit Singh (ម៉ាឡេស៊ី)។

បើទោះបីជា​ប្រាក់រង្វាន់១លាន​ដុល្លារ​អាមេរិក​នៃ​កម្មវិធី Global Teacher Prize បាន​ធ្លាក់​ទៅ​អ្នកស្រី Nancie Atwell គ្រូបង្រៀន​មកពី​សហរដ្ឋអាមេរិក​ក៏ដោយ ប៉ុន្តែ​អ្នកស្រី នាង ផល្លា គ្រូបង្រៀន​របស់​កម្ពុជា​នៅមាន​ឱកាស​ឈ្នះ​រង្វាន់​គ្រូ​មាន​ប្រជាប្រិយភាព​ជាងគេ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Most Popular Teacher on Facebook)។ ការបោះឆ្នោត​ដំណើរការ​រហូតដល់​វេលា​ម៉ោង១២ និង៥៩នាទី យប់​ថ្ងៃ​អង្គារ ទី១៧ ខែ​មិនា នេះ។

យោងតាម​ការបញ្ជាក់រ​បស់​អង្គការ​គ្រួសារ​ថ្មី  អ្នកគ្រូ នាង ផល្លា និង​បេក្ខភាព​ផ្សេងទៀត​ដែល​ស្ថិតក្នុង​ចំណោម១០នាក់​ចុងក្រោយ នឹង​បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​ម្នាក់​ចំនួន២៥០០០ដុល្លារ​អាមេរិក​ផងដែរ​ពី​មូលនិធិ Varkey Foundation។

ព័ត៌មាន​មួយចំនួន​ក៏បាន​លើកឡើង​ផងដែរ​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ប្រាក់រង្វាន់១០០លាន​រៀល ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​គ្រូ​ឆ្នើម​រូបនេះ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com