អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ក្រិ​ក​បង្ហាញ​ភាពថ្លៃថ្នូរ មិន​ហាមាត់​សុំ​លុយ​រុស្ស៊ី
09, Apr 2015 , 5:14 pm        
រូបភាព
ដោយ:


ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ រឹតចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ថ្ងៃ​ពុធ​ម្សិលមិញ នាយករដ្ឋមន្ត្រី​ក្រិ​ក​មិនបាន​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​រុស្ស៊ី​សូម្បី​តែមួយ​សេន​ឡើយ។ ដោយឡែក រុស្ស៊ី​អាច​នឹងធ្វើ​ការវិនិយោគ​ជាច្រើន​នៅ​ក្រិ​ក ជា​ផលប្រយោជន៍​សម្រាប់​ក្រិ​ក ក្នុងការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។


ថ្វីបើ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី​និង​នាយករដ្ឋមន្ត្រី​ក្រិ​ក បាន​ជជែក​គ្នា​យ៉ាងខ្លី ពី​បញ្ហា​បំណុល​ក្រិ​ក ក៏​នាយករដ្ឋមន្ត្រី​ក្រិ​ក​មិនបាន​សុំ​លុយ​ពី​រុស្ស៊ី​ដែរ។ នេះ​បើ​យោងតាម​ប្រធានាធិបតី​ពូ​ទីន​ដែល​បានលើកឡើង ម្សិលមិញ ក្នុង​សន្និសីទ​ព័ត៌មាន។ ប៉ុន្តែ លោកពូ​ទីន​ប្រាប់ថា ក្រុង​ម៉ូស្គូ​អាច​នឹងចូលរួម​ក្នុង​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្រិ​ក
និង​ក្នុង​ផ្នែក​ឧស្ម័ន​ផងដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ក្រិ​ក។ យោងតាម​លោកពូ​ទីន បញ្ហា​ចោទ​មិនមែនជា​ការដែល​រុស្ស៊ី​ជួយ​ក្រិ​ក​ទេ។ ការវិនិយោគ​របស់​រុស្ស៊ី​នៅ​ក្រិ​ក​គឺ​ជាការ​សហប្រតិបត្តិកា​រ ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ជាក់ស្តែង​នានា។

ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​លើកឡើង​ដែរ នូវ​ការចូលរួម​របស់​ក្រុង​អាថែន​ក្នុង​គម្រោង​សាងសង់​បំពង់​ឧស្ម័ន​Turkish Stream ស្ថិតនៅ​ចន្លោះ​ប្រទេស​រុស្ស៊ី​និង​តួ​ក​គី។ គេ​អាច​ប្រើ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ ជា​មូលដ្ឋាន​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី អោយទៅ​ភាគខាងត្បូង​អឺរ៉ុប។ ប៉ុន្តែ ក្រិ​ក​និង​រុស្ស៊ី​មិនទាន់​សម្រេច​កិច្ចព្រមព្រៀង​ច្បាស់លាស់​ក្នុង​រឿងនេះ​ជាមួយគ្នា​នៅឡើយ​ទេ។

ក្រិ​ក​ចង់​សិក្សា​មើល​ពី​ការ​ផ្ចុងផ្តើម​ទាក់ទង​នឹង​ការសង់​បំពង់​ឧស្ម័ន​នេះ នៅតាម​ព្រំដែន​ក្រិ​ក-តួ​ក​គី​សិន។

ទស្សនកិច្ច​របស់លោក​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស នៅ​ក្រុង​ម៉ូស្គូ មិនបាន​ធ្វើអោយ​សហភាព​អឺរ៉ុប​ដែលជា​ម្ចាស់បំណុល​ក្រិ​ក​សប្បាយចិត្ត​ទេ។ អឺរ៉ុប​និង​រុស្ស៊ី​កំពុង​បញ្ចេញ​មុខយក្ស​ដាក់គ្នា ក្នុង​បញ្ហា​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ គេ​រំពឹង​ដែរ​ថា លោក​ស៊ី​ប្រាស​បានធ្វើ​ដំណើរ​ទៅ​ជួប​លោកពូ​ទីន​នៅ​ម៉ូស្គូ ក៏​ប្រហែល​ដើម្បី​អរគុណ​រដ្ឋាភិបាល​រុស្ស៊ី​ដែល​គ្រោង​ឈប់​ហាមឃាត់​ការនាំ​ចូល​បន្លែ​ផ្លែឈើត្រី​មា​ន៉​ទា និង​ផលិតផល​ទឹកដោះ​របស់​ក្រិ​ក ក្នុង​ទឹកដី​រុស្ស៊ី។ កន្លងមក ក្រុង​ម៉ូស្គូ​ដាក់ទណ្ឌកម្ម​បែបនេះ​ចំពោះ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប ដើម្បី​សងសឹក​អឺរ៉ុប​ដែល​ដាក់ទណ្ឌកម្ម​រុស្ស៊ី ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន៕


© រក្សាសិទ្ធិដោយ thmeythmey.com