អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នៅ​ពីក្រោយ​ការដោះលែង​ជនជាតិ​ស៊ុយអែត២នាក់​ដែល​ក្រុម​ជី​ហាត​ចាប់​ជា​ចំណាប់ខ្មាំង
27, Apr 2015 , 10:22 am        
រូបភាព
ដោយ:

គេ​ពិបាក​នឹង​គិតថា​ក្រុម​ជី​ហាត​នៅ​ស៊ី​រី​ដែល​កាប់សម្លាប់​មនុស្ស​ឥត​ប្រណី​ដៃ អាច​ដោះលែង​ចំណាប់ខ្មាំង​ជា​ពលរដ្ឋ​ប្រទេស​លោកខាងលិច​បាន​ងាយ​ណាស់។ តែ​វា​ជាការ​ពិត កាលពី​ថ្ងៃ​សុក្រ ក្រុម​ជី​ហាត​បាន​ដោះលែង​ពលរដ្ឋ​ស៊ុយអែត២នាក់ ដែល​ក្រុម​ខ្លួន​ចាប់​ជា​ចំណាប់ខ្មាំង​កាលពី​ខែធ្នូ ឆ្នាំ២០១៣។



លោក Thomas Olsson អាយុ៥០ឆ្នាំ និង​លោក Martin Reen អាយុ៣៣ឆ្នាំ ដែល​ក្រុម​ជី​ហាត​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ជាង១ឆ្នាំ​មកនេះ បាន​ត្រូវ​ដោះលែង ហើយ​បាន​ទៅ​ត្រលប់​ទៅ​ស៊ុយអែត ជួបជុំ​ក្រុមគ្រួសារ​ពួកគេ​វិញ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ។ ពលរដ្ឋ​ស៊ុយអែត​ទាំង២ជា​អ្នក​បំរើការ​អង្គការ​គ្រិស្តសាសនា​មនុស្សធម៌​មួយ​នៅ​ស៊ី​រី។

ការដោះលែង​នេះ បាន​ដំណើរការ​ក្រោម​ការជួយជ្រោមជ្រែង​រប​ស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន និង​ហ្ស៊​កដា​នី។ ស៊ុយអែត​គាំទ្រ និង​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ប្រហែល​ដូច្នេះហើយ​ទើបបានជា​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន និង​ហ្ស៊​កដា​នី​បាន​ខ្នះខ្នែង​រហូតដល់​ទទួលបាន​ការដោះលែង​ដ៏​កម្រ ក្នុង​ទឹកដី​ស៊ី​រី ដែល​រង​សង្គ្រាមរ៉ាំរ៉ៃ​រាប់​ឆ្នាំ​មកនេះ។ ទាំង​ស៊ុយអែត ទាំង​ប៉ា​ឡេ​ស្ទី​ន​សុទ្ធតែ​ប្រាប់ថា មិនបាន​បង់ថ្លៃ​ថ្នូរ​ដោះ​លែង​ចំណាប់ខ្មាំង​ឡើយ។

ប្រតិបត្តិ​ការជួយ​ដោះលែង​ចំណាប់ខ្មាំង​ស៊ុយអែត​បានចាប់ផ្តើម កាលពី​ខែកុម្ភៈ ក្រោយ​ប្រធាន​រដ្ឋអំណាច​ប៉ា​ឡេ​ស្ទី​ន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុយអែត។ ប៉ា​ឡេ​ស្ទី​ន​ពិតជា​រីករាយ​មិនតិច​ទេ ដែល​ស៊ុយអែត​ដែលជា​ប្រទេស​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​ខាងលិច បានបង្ហាញ​ជំហរ​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ថា​ជា​រដ្ឋ​ស្របច្បាប់ ប្រឈម​នឹង​អ៊ីស្រាអែល។ ក្នុង​ដើមខែ​មេសា​នេះ មាន​ភស្តុតាង​ថា​លោក​Thomas Olsson និង​លោក Martin Reen នៅមាន​ជីវិត​នៅឡើយ។ អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​បាន​បញ្ជូន​ក្រុម​ពិសេស​ចុះទៅ​ស៊ី​រី ដើម្បី​តាមរក​អ្នកបំរើ​ការ​មនុស្សធម៌​ស៊ុយអែត​ទាំង។ នៅ​ទីបញ្ចប់ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ក្រុម​ជី​ហាត​អាល់​ណូ​ស្រា ដែលជា​សាខា​ក្រុម​អាល់​កៃ​ដា ដោះលែង​ចំណាប់ខ្មាំង​ទាំង២៕



© រក្សាសិទ្ធិដោយ thmeythmey.com